អានតួអត្ថបទ
កូរ៉េខាងជើង-មីស៊ីល

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​២​បន្ថែម​ទៀត​ដែល​គេ​សង្ស័យ​ថា​ជា​មីស៊ីល​បាលីស្ទិក

កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ ២​បន្ថែមទៀត​ដែល​គេ​សង្ស័យ​ថា​ជា​ប្រភេទ​មីស៊ីល​បាលីស្ទិក​ នៅ​ថ្ងៃ​ចន្ទ​ ទី១៧ មករា​នេះ​។ ការ​បាញ់​សាកល្បង​មីស៊ីល​​ជាលើកទី៤របស់​កូរ៉េ​ខាង​ជើង​កើត​ឡើង​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ​។

នៅឯស្ថានីយរថភ្លើងមួយកន្លែងក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង មនុស្សម្នាកំពុងមើលអេក្រង់ទូរទស្សន៍ដែលរាយការណ៍អំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនាថ្ងៃទី១៧ មករា ឆ្នាំ២០២២។
នៅឯស្ថានីយរថភ្លើងមួយកន្លែងក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង មនុស្សម្នាកំពុងមើលអេក្រង់ទូរទស្សន៍ដែលរាយការណ៍អំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនាថ្ងៃទី១៧ មករា ឆ្នាំ២០២២។ AP - Lee Jin-man
ផ្សាយពាណិជ្ជកម្ម

ចូល​ដល់​ឆ្នាំ​ថ្មី​ ២០២២​ភ្លាម​ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​ចំនួន​៤ដង​ក្នុង​រយៈពេល​មិន​ទាំង​ដល់​ពីរ​សប្តាហ៍​ផង​។ បើតាម​យោធា​កូរ៉េខាងត្បូង​ ទីក្រុងព្យុងយ៉ាងបាន​បាញ់​មីស៊ីល​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួនពីរ​ចូល​ទៅ​ក្នុង​សមុទ្រ​នៅ​ជិត​ឆ្នេរ​ភាគ​ខាងកើត​របស់​ប្រទេស​កូរ៉េខាងជើង​នៅថ្ងៃ​ចន្ទ​នេះ​។

រដ្ឋាភិបាល​ជប៉ុន​ក៏បាន​រាយការណ៍ដែរ​ពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង​។ ប្រធាន​គណៈ​រដ្ឋ​មន្ត្រី​ជប៉ុន​លោក Hirokazu Matsuno បាន​ថ្កោល​ទោស​ទង្វើ​របស់​ក្រុង​ព្យុង​យ៉ាង​ថា​ជា​ការ​គំរាម​កំហែង​ដល់​សន្តិភាព​ និង​សន្តិសុខ​ក្នុង​តំបន់​។

តើ​គេ​បាន​ដឹង​អ្វីខ្លះ​ពី​ការ​បាញ់​មីស៊ីល​ថ្មី​ចុងក្រោយ​របស់​កូរ៉េខាងជើង​?

អគ្គសេនាធិការ​ចម្រុះ​របស់​ប្រទេស​កូរ៉េខាងត្បូង​ និយាយថាកូរ៉េខាងជើងបាន​បាញ់​មីស៊ីល​ចំនួន​ពីរ​ចេញ​ពី​ភាគខាង​កើត​នៃ​ព្រលាន​យន្តហោះ​ Sunan ក្នុង​ទីក្រុង​ព្យុងយ៉ាង​។ មីស៊ីល​ទាំងនោះ​ធ្វើដំណើរ​បានចម្ងាយប្រមាណ​ ៣៨០គីឡូម៉ែត្រ​ដល់​រយៈកម្ពស់​អតិបរមា​ ៤២ គីឡូម៉ែត្រ​។ កូរ៉េខាងជើង​ ធ្លាប់​បាន​ប្រើប្រាស់​ដី​ព្រលាន​ដើម្បី​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​រយៈ​ចម្ងាយ​មធ្យម Hwasong-12 (IRBM) កាលពីឆ្នាំ ២០១៧​។

យ៉ាងណាក៏ដោយ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នោះទេ​ថា​តើ​មីស៊ីល​ប្រភេទ​ណា​ដែល​កូរ៉េ​ខាងជើងបាន​​បាញ់​នៅ​ថ្ងៃនេះ​។ ក៏​ប៉ុន្តែ​ទាំង​មន្ត្រី​កូរ៉េ​ខាងត្បូង​និង​ជប៉ុន ​និយាយ​ថា​មីស៊ីល​ទាំង​នោះ​ទំនង​ជា​មីស៊ីល​បាលីស្ទិក​។

គួររំឭកថា​ កូរ៉េខាងជើង​បាន​បាញ់​សាក​ល្បងមីស៊ីល​ចំនួនបីផ្សេងទៀត​ក្នុង​ដើម​ឆ្នាំ ​២០២២​ដែល​ភាព​ញឹកញាប់នេះ​ត្រូវបានអ្នកសង្កេតការណ៍ជឿថា​មិនមែនជារឿងធម្មតា​ឡើយ​។ ជា​ការ​គួរឲ្យ​កត់សម្គាល់​ មីស៊ីលដែលកូរ៉េខាងជើងបាន​បាញ់​ក៏មាន​ដែរ​មីស៊ីល​ដែលមាន​ល្បឿន​លឿន​ខ្លាំង​អ៊ីពែសូនិក។

ការ​បាញ់​មីស៊ីល​ជា​បន្តបន្ទាប់​របស់​ក្រុង​ព្យុង​យ៉ាង​ទទួល​បាន​ការ​រិះគន់​និង​ថ្កោលទោស​ជា​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​។​ កាល​ពី​សប្តាហ៍​មុន​ ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​កូរ៉េខាងជើង​ដែល​នេះ​ជាទណ្ឌកម្ម​ដំបូងបង្អស់​ក្រោម​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ចូ បៃដិន​។

ក្រៅពីនេះ​ ទីក្រុងវ៉ាស៊ីនតោន​ក៏បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​អង្គការ​សហប្រជាជាតិដាក់​បញ្ចូល​ឈ្មោះបុគ្គល​ និង​អង្គភាព​មួយ​ចំនួន​របស់​កូរ៉េខាងជើង​ចូល​ក្នុង​បញ្ចីខ្មៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ