អានតួអត្ថបទ
មីស៊ីល​កូរ៉េខាងជើង

តើ​កូរ៉េខាងជើង​​បាញ់សាកល្បងមីស៊ីលបាលីស្ទីក ឬ​បាញ់​បង្ហោះផ្កាយរណប?

នៅមួយថ្ងៃ​ក្រោយ ក្រសួងការពារជាតិកូរ៉េខាងត្បូង​ចោទប្រកាន់​ថា កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​បាលីស្ទិក របបកុម្មុយនិស្ត​ព្យុងយ៉ាង​បាន​ចេញមក​ប្រកាស​នៅថ្ងៃ​អាទិត្យទី​៦ មីនាថា ខ្លួន​បាន​ធ្វើការ​សាកល្បង​ដ៏សំខាន់​មួយដើម្បី បង្ហោះ​ផ្កាយរណបទៅក្នុង​គន្លងតារាវិថី។ អ្នកជំនាញ​មួយចំនួនមួយ​មិន​ជឿ​នោះទេ ដោយ​​វាយតម្លៃថា កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល នៅតែ​ប៉ុន្មានថ្ងៃ​មុន​ដែល​កូរ៉េខាងត្បូង​ត្រូវ​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី។

អ្នកដំណើរ​នៅ​ទីក្រុង​សេអ៊ូល​មើល​ទូរទស្សន៍ផ្សាយ​ពីការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង កាលពីថ្ងៃ​សៅរ៍ទី ៥ មីនា ២០២២
អ្នកដំណើរ​នៅ​ទីក្រុង​សេអ៊ូល​មើល​ទូរទស្សន៍ផ្សាយ​ពីការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង កាលពីថ្ងៃ​សៅរ៍ទី ៥ មីនា ២០២២ REUTERS - KIM HONG-JI
ផ្សាយពាណិជ្ជកម្ម

នៅក្នុងការចុះផ្សាយ នៅថ្ងៃអាទិត្យនេះ ទីភ្នាក់ងារ​ព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាន​សរសេរ​ថា កូរ៉េខាងជើង​បានធ្វើការ​សាកល្បង​​បាញ់បង្ហោះ​ផ្កាយរណប​ស៊ើបការណ៍។ តាម​KCNA ជាមួយ ការធ្វើតេស្ត​សាកល្បង កាលពីថ្ងៃ​សៅរ៍ នាយកដ្ឋាន​ជាតិ​នៃការអភិវឌ្ឍ​អវកាសកូរ៉េខាងជើង​​បាន​បញ្ជាក់​ពីសុក្រិតភាព​នៃការបញ្ជូនទិន្នន័យ ប្រព័ន្ធចាប់ទទួលសញ្ញា និងប្រព័ន្ធបញ្ជា​របស់​​ផ្កាយរណប។

ជារួម កូរ៉េខាងជើង​បាននិយាយ​ពី​ការបាញ់សាកល្បង​ផ្កាយរណប​ស៊ើបការណ៍ ប៉ុន្តែ មិនមែន​មីស៊ីល​បាលីស្ទិក​ដូចការលើកឡើង​របស់​ ជប៉ុន និង​កូរ៉េខាងត្បូង​នោះទេ។ នៅថ្ងៃម្សិលមិញក្រសួងការពារ​ជាតិកូរ៉េខាងត្បូង​បាននិយាយថា ការបាញ់​សាកល្បងមីស៊ីលរបស់​កូរ៉េខាងជើង កាលពីថ្ងៃ​សៅរ៍​ កំពុង​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុងតំបន់ ជាពិសេស នៅក្នុង​កាលៈទេសៈដែល​កូរ៉េខាងត្បូង​កំពុងត្រៀម​រៀបចំ​ការបោះឆ្នោត នៅថ្ងៃ​ពុធ​សប្តាហ៍ក្រោយ។

តើ​កូរ៉េខាងជើង​កំពុងបាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក ឬ​បាញ់​បង្ហោះ​ផ្កាយរណប ឲ្យប្រាកដ?

នៅ​១០ឆ្នាំមុន កូរ៉េខាងជើង​ធ្លាប់បាន​អះអាងថា ខ្លួន​បាន​បាញ់​បង្ហោះ​ផ្កាយរណប​សម្រាប់ប្រើ​ក្នុងវិស័យទូរគមនាគមន៍។ ប៉ុន្តែ សម្រាប់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្តកូរ៉េខាងត្បូង និង​ជប៉ុន​ អ្វីដែល​​កូរ៉េ​ខាងជើង​បាញ់​បង្ហោះ​ជា​ផ្កាយរណប​មែន ឬ​មិនមែន ​វា​មិន​សំខាន់​នោះទេ។ អ្វី​ដែល​សំខាន់​គឺ​នៅត្រង់​ថា តួ​មីស៊ីល​ ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​នេះ គឺ​ជា​ប្រភេទ​មីស៊ីល​ប្រើ​​បច្ចេកវិទ្យា​តែមួយ ជាមួយ​នឹង​​បាលិស្ទីក​អន្តរទ្វីប ដែល​អាច​ប្រើ​បាន​ទាំង​ក្នុង​វិស័យ​អវកាស​​ និង​ប្រើ​ជា​អាវុធ​ក្នុង​វិស័យ​យោធា និង​ដែលហាមឃាត់ដាច់ខាត ​ដោយ​សេចក្តីសម្រេច​របស់ក្រុមប្រឹក្សា​សន្តិសុខ។

គេអាច​ថា បច្ចេកវិទ្យា​នៃ​តួមីស៊ីលគឺ តែមួយ។ បើ​វាផ្ទុក​ផ្កាយរណប វា​គឺ​ជា​រ៉ុកកែត​ស៊ីវិល សម្រាប់​ប្រើ​ក្នុង​វិស័យ​អវកាស តែ​​បើ​គេ​ដក​ផ្កាយរណប​ចេញ ហើយ​ជំនួស​មកវិញ​ដោយ​ក្បាលគ្រាប់ វា​គឺ​ជា​មីស៊ីលអន្តរទ្វីប ដែល​អាច​បាញ់​បាន​ចម្ងាយ​រាប់ម៉ឺន​គីឡូម៉ែត្រ ហើយ​ជាពិសេស វាជា​ប្រភេទ​មីស៊ីល​ដែល​អាច​ផ្ទុក​ក្បាលគ្រាប់​នុយក្លេអ៊ែរ​បាន។

ម្យ៉ាង ការអភិវឌ្ឍ​ផ្កាយរណប​ស៊ើបការណ៍​សម្ងាត់​យោធា រួមជាមួយ​ការផលិត​សព្វាវុធ សុពែរស៊ូនិក ដែលកូរ៉េខាងជើង​បានធ្វើតេស្ត​ជាបន្តបន្ទាប់​កាលពីខែ​មករា គឺ​ជាផែនការកងទ័ព​ដែល​មេដឹកនាំ​កូរ៉េខាងជើង​បានប្រកាស​ដៅទុក តាំង​ពី​ឆ្នាំ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ