អានតួអត្ថបទ
តៃវ៉ាន់-ការពារជាតិ

ខ្លាច​ដូច​អ៊ុយក្រែន តៃវ៉ាន់ ប្រមូល​ទ័ព​​បំរុង​មកបង្វឹកបង្ហាត់​មេរៀន​ប្រយុទ្ធ

​តាំង​ពី​រុស្ស៊ី​ចូល​ឈ្លាន​ពាន​លើ​អ៊ុយក្រែន​មក តៃវ៉ាន់​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំងឡើង ​ខ្លាច​ប៉េកាំង​ប្រើ​កម្លាំង​មក​វាយ​​យក​កោះ​តៃវ៉ាន់ដែរ។ ក្រោយ​សេចក្តីអំពាវនាវ​របស់លោកស្រី​​ប្រធានាធិបតី​ឱ្យ​មាន​ការ​រួបរួម​តៃវ៉ាន់​ជា​ធ្លុង​មួយ នៅ​ថ្ងៃចន្ទ​ទី ១៤​មីនា​២០២២​នេះ តៃវ៉ាន់​បាន​បើក​វគ្គ​បង្ហាត់​ហ្វឹកហ្វឺន​ ទ័​ព​បំរុង​ នៃ​កងកម្លាំង​យោធា​តៃវ៉ាន់ ជា​ច្រើន​​រយ​នាក់​។

លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ សៃ អ៊ិនវេន ថ្ងៃទី ១៥​កញ្ញា ២០២១
លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ សៃ អ៊ិនវេន ថ្ងៃទី ១៥​កញ្ញា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

កាលពី​ឆ្នាំ​ទៅ ក្នុង​ពេល​មាន​ភាព​តាន​តឹង​ជាមួយ​ចិន តៃវ៉ាន់​ធ្លាប់​បាន​ប្រមូល​កម្លាំង​ទ័ព​បំរុង​មក​ហ្វឹកហាត់​មក​ម្តង​ហើយ។ ថ្ងៃ​នេះ​ តៃវ៉ាន់​បានកោះ​ហៅ​ជា​ថ្មី ទ័ព​បំរុង​​ប្រមាណ​បួន​​រយ​នាក់​ មក​ធ្វើ​លំហាត់​សឹក​ សម​​​បាញ់​ តាម​កម្មវិធី​​ត្រៀមចេញ​​ប្រយុទ្ធ​។ ទាហាន​បំរុង​ម្នាក់​បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា វគ្គ​បណ្តុះ​បណ្តាល បាន​ជួយ​ឱ្យ​គេ​ស្ថិត​ក្នុង​លក្ខណៈ​ត្រៀម​ជា​ស្រេច និង​តាម​ទាន់​នូវ​តាកតិច​យោធា​ថ្មីៗ។

ក្នុង​សម្លៀក​បំពាក់​យោធា  លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ សៃអ៊ីនវេន ថ្លែង​ទៅ​កាន់​ទ័ព​បំរុង អំពី​ភាព​ចាំបាច់​ដែល​តៃវ៉ាន់​ត្រូវ​រួបរួម​គ្នា​ធានា​ការពារ​ជាតិ(តៃវ៉ាន់)។ សម្រាប់​លោកស្រី​ប្រធានាធិបី ស្ថានភាព​នៅអ៊ុយក្រែន ឆ្លុះ​​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ទៀត​​ថា បន្ថែម​ពី​លើ​​សាមគ្គីភាព​និង​ជំនួយ​អន្តរជាតិ​ ការការពារ​ប្រទេសរំពឹង​លើ​ការ​រួបរួម​កម្លាំង​របស់​ប្រជាជន។ ​សន្តិសុខ​ជាតិ​មិន​អាស្រ័យតែ​លើ​កង​កម្លាំង​យោធា​មួយ​ទេ ត្រូវ​មាន​កង​ទ័ព​បំរុង​ជា​ជំនួយ​ទើប​បាន។ ​អំណាច​យោធា​មាន​កំរិត ​តែ​អំណាច​ប្រជាជនទើប​ធំធេង​គ្មាន​កំណត់។ ​នេះ​ជា​ការអះអាង​ ​របស់​លោក​ឧត្តមសេនីយ៍ Chen Chung-chi ​ ជា​មេបញ្ជាការ​កងទ័ព​ទី ៦​នៃ​យោធា​តៃវ៉ាន់ ដោយបន្ថែមថា អ៊ុយក្រែន​ជា​ឧទាហរណ៍​ជាក់ស្តែង។

លំហាត់​សឹក​ដែល​បាន​ចាប់​ផ្តើម​តាំងពី​ដើម​ខែមីនា ដើម្បី​ការពារ​ខ្លួន​ពី​ឈ្លានពាន​របស់​សត្រូវ ប្រព្រឹត្ត​ទៅតាម​បណ្តោយ​​ឆ្នេរ​សមុទ្ទ​ ក្បែរ​រដ្ឋ​ធានី​តៃប៉ិ និង​ប្រព្រឹត្ត​ក្នុង​ខណៈ​​ដែល​តៃវ៉ាន់កំពុង​​តាម​ដាន​​សកម្មភាព​​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ ទាំង​អារម្មណ៍​​ព្រួយបារម្ភ​កាន់​តែ​ខ្លាំងឡើង​ខ្លាច​ក្រែង​ចិន​យក​គំរូ​តាម​រុស្ស៊ី។

ម៉ូស្គូ​គាំទ្រ​ប៉េកាំង ដោយចាត់​ទុក​តៃវ៉ាន់​ជា​ចំណែក​មួយ​នៃ​ដែនដី​ចិន។ លោកប្រធានាធិបតី​ចិន​ ស៊ី ជីនពីង ធ្លាប់​បាន​ព្រមាន​ដោយ​ចំៗ​ថា​នឹង​ប្រើ​កម្លាំង​វាយ​យក​តៃវ៉ាន់ និង​បាន​ប្រកាន់​យក​នយោបាយ​បែប​វាយ​លុក​ខ្លាំង ដោយ​បញ្ជូន​យន្តហោះ​យោធា​ហោះ​រំលោភ​ចូលក្នុងតំបន់​ការពារ​​ដែន​អាកាស​តៃវ៉ាន់​ កាន់​តែ​ញឹក​ញយ និង​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​ (៥៦គ្រឿង​) កាលពី​ខែ​តុលា​ឆ្នាំ​ទៅ។ នៅ​ថ្ងៃចន្ទ​នេះ ក្រសួង​ការពារជាតិ​តៃវ៉ាន់​បាន​​ឱ្យ​ដឹង​ទៀត​ថា មាន​យន្តហោះយោធា​ចិន​ចំនួន​១៣​គ្រឿង ក្នុង​នោះ​១២​គ្រឿង​ជា​យន្តហោះ​ចម្បាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ