អានតួអត្ថបទ
កូរ៉េខាងជើង-នុយក្លេអ៊ែរ

កូរ៉េខាង​ជើង បរាជ័យ​ក្នុង​ការ​បាញ់សាកល្បង​មីស៊ីល

នៅថ្ងៃពុធ​ទី​១៦​មីនា​២០២២​នេះ កូរ៉េខាង​ជើង​បាន​បាញ់​សាកល្បង​មីស៊ីល​ថ្មីមួយ​ទៀត ដែល​គេ​មិនដឹងជា​​ប្រភេទ​អ្វី​ឱ្យ​ពិត​ប្រាកដ  ព្រោះ​ការ​សាកល្បង​នោះ​ត្រូវ​បរាជ័យ​។ នេះ​បើ​តាម​ប្រភព​យោធា​កូរ៉េខាង​ត្បូង។ ប៉ុន្តែ​បើតាម​អ្នក​វិភាគ ​មីស៊ីលបរាជ័យ​នោះ​ ​អាច​ជា​ប្រភេទ​មីស៊ីល​បាលីស្ទីក​អន្តរទ្វីប (ICBM)។

កូរ៉េខាង​ត្បូង​ផ្សាយ​ព័ត៌មាន​ពីការ​បាញ់​សាកល្បង​មីស៊ីល​កូរ៉េខាង​ជើង តាម​ទូរទស្សន៍​ (រូបថត​កាលពី​ខែ​តុលា​ឆ្នាំ​២០១៩)
កូរ៉េខាង​ត្បូង​ផ្សាយ​ព័ត៌មាន​ពីការ​បាញ់​សាកល្បង​មីស៊ីល​កូរ៉េខាង​ជើង តាម​ទូរទស្សន៍​ (រូបថត​កាលពី​ខែ​តុលា​ឆ្នាំ​២០១៩) © afp.com/Jung Yeon-je
ផ្សាយពាណិជ្ជកម្ម

“កូរ៉េខាង​ជើង​បាន​បាញ់​មីស៊ីល​មួយ​​ប្រភេទ ចេញ​ពី​តំបន់​ស៊ូណាន Sunan នៅវេលា​ម៉ោង​៩និង​៣០នាទីថ្ងៃ​នេះ ប៉ុន្តែ​មីស៊ីល​បាន​ផ្ទុះ​ឆេះ​ភ្លាម ក្រោយ​ពី​​​បាញ់​បង្ហោះ​ចេញ​បាន​បន្តិច”។ នេះ​បើ​តាមសេចក្តី​ថ្លែងការណ៍​​លម្អិត​របស់លោក​មេបញ្ជាការ​កងទ័ព​កូរ៉េខាង​ត្បូង។ ចំណែក​ប្រព័ន្ធ​​សារ​​ព័ត៌មាន​ជប៉ុន​វិញ ដោយ​សំអាង​ពីលើ​ប្រភព​ចេញ​មក​ពី​​ក្រសួងការពារ​ជាតិបាន​លើក​ឡើង​​​ថា ព្យុងយ៉ាង​ ទំនង​ជា​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​ ហើយ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជប៉ុន​ បាន​ជួប​ប្រជុំ​គ្នា​ជា​បន្ទាន់​នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ដើម្បី​ជជែក​អំពី​ស្ថានភាព​នេះ។

ក្នុង​រយៈ​ពេល​បី​ខែដំបូង​​នៃ​ឆ្នាំ​២០២២ កូរ៉េខាង​ជើង​បាន​​​បាញ់​សាកល្បង​មីស៊ីល​ ដល់​ទៅ​១០ បើ​រាប់​ទាំង​ការ​បាញ់​បរាជ័យ​លើក​នេះ​ផង​ ក្នុង​នោះ​៧​ដង​ជា​មីស៊ីល និង​២ដង​ជា​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប។ សហរដ្ឋ​អាមេរិកនិង​កូរ៉េខាង​ត្បូង​ ​ បាន​ប្រកាស​តាំង​ពី​សប្តាហ៍​មុន ថាតាមការពិត ​ព្យុងយ៉ាង​បាន​​ធ្វើ​ការ​សាកល្បង​ប្រព័ន្ធមីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ថ្មី ដែល​គេ​ប្រសិទ្ធនាម​ថា​ “មីស៊ីល​យក្ស”។ ជា​ប្រភេទ​មីស៊ីល​ដែលកូរ៉េខាង​ជើង​​ពុំ​ដែល​ធ្លាប់សាកល្បង​ពី​មុន​មក​ទេ។ កូរ៉េខាង​ជើង​ចិញ្ចឹម​ចិត្ត​ចង់​មាន​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ ដែល​អាច​ពាំ​​គ្រាប់​ច្រើន​ តាំងពី​យូរ​មក​ហើយ និង​បាន​បង្ហាញ ជា​លើក​ទី​មួយ មីស៊ីលបាលីស្ទិក​អន្តរទ្វីបរបស់​ខ្លួន Hwasong កាលពី​តុលា​ឆ្នាំ​២០២០។ ហើយ​ថ្ងៃ​នេះ​ ព្យុង​យ៉ាង​ទំនង​ជា​បាញ់​សាកល្បង​មីស៊ីល Hwasong-១៧​នេះ​ឯង។ នេះ​បើ​តាម​ការ​វិភាគ​របស់​អ្នក​ស្រាវជ្រាវបង្គោល​​នៃ​វិទ្យាសា្ថន​ឯកជន​ Sejong​។

សម្រាប់គ្រប់​​អ្នក​វិភាគ បរាជ័យ​នេះ​អាច​បញ្ជាក់​បាន​ថាមិនមែន​ជា​មីស៊ីល​ធម្មតា​ទេ។ ហើយកូរ៉េខាង​ជើង​អាច​នឹង​បាញ់​សាកល្បងមីស៊ីល​ ​ម្តង​ឬ​ពីរ​ដង​ទៀត នៅ​រវាង​ពីពេល​នេះ​ដល់​ថ្ងៃ​ទី ១៥​មេសា២០២២ ថ្ងៃ​ដែល​ព្យុងយ៉ាង​ត្រូវ​ប្រារព្ធ​ខួប​១១០​ឆ្នាំ​នៃ​កំណើតរបស់​​លោក ​គីម អ៊ីលស៊ុង បិតា​បក្ស​កុម្មុយនិស្ត​កូរ៉េខាង​ជើង​។ ម្យ៉ាង​ទៀត នេះ​ជា​ពេល​វេលា​ដ៏​ប្រសើរ​សម្រាប់​កូរ៉េខាង​ជើង​សាកល្បង​មីស៊ីល​ផ្សេងៗ ព្រោះពិភពលោក​កំពុង​វិល​វល់​នឹង​វិបត្តិ​អ៊ុយក្រែន​ផង កូរ៉េខាង​ត្បូង​ទើប​មាន​ប្រធានាធិបតី​ថ្មី​ដែល​មាន​នយោបាយ​តឹង​តែង​ខ្លាំង​ប្រឆាំង​កូរ៉េខាង​ជើង។ លោក យូន ស៊ុកយោល មិន​ច្រាន​ចោល​លទ្ធភាព​ចរចា​ជាមួយ​ព្យុងយ៉ាង​មែន តែ​អ្នក​វិភាគយល់​ថា​ជំហរ​នយោបាយ​របស់​លោក កាត់​បន្ថយ​ទស្សនៈវិស័យ​ចរចា​ខ្លាំងណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ