អានតួអត្ថបទ
កូរ៉េខាង​ជើង-ជប៉ុន-នុយក្លេអ៊ែរ

បំណែក​មីស៊ីលអន្តរទ្វីប​កូរ៉េខាង​ជើង​​ធ្លាក់ក្នុង​ដែន​សេដ្ឋកិច្ច​ផ្តាច់​មុខ​ជប៉ុន

បំណែកមីស៊ីល​ដែល​កូរ៉េខាងជើង​បាន​បាញ់​នៅ​ថ្ងៃព្រហស្បតិ៍​នេះ បានធ្លាក់​ក្នុង​ដែន​ទឹក​ជប៉ុន ចម្ងាយ​ប្រមាណ​តែ​១៥០គីឡូម៉ែត្រ​ពី​កោះ​ខាងជើង​បំផុត​របស់​ជប៉ុន។ បើ​តាម​ក្រសួងការពារ​ជាតិជប៉ុន មីស៊ីល​នោះ​​ទំនង​មាន​ប្រភេទ​ជាមីស៊ីល​អន្តរទ្វីប​ផង។

កូរ៉េខាង​ជើងបាញ់​មីស៊ីល​ធ្លាក់​បំណែក​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខជប៉ុន  ថ្ងៃទី ២៤ មីនា ២០២២
កូរ៉េខាង​ជើងបាញ់​មីស៊ីល​ធ្លាក់​បំណែក​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខជប៉ុន ថ្ងៃទី ២៤ មីនា ២០២២ AP - Eugene Hoshiko
ផ្សាយពាណិជ្ជកម្ម

“កូរ៉េខាង​ជើង​បាន​បាញ់មីស៊ីលមួយ​ប្រភេទ​ឆ្ពោះ​ទៅ​ទិសខាង​កើត” នេះ​បើ​តាមការជូនដំណឹង​របស់​មេបញ្ជាការកងទ័ព​កូរ៉េខាង​ត្បូង តាម​រយៈ​សេចក្តី​ថ្លែងការណ៍​មួយ។ បន្តិចក្រោយ​មក ឆ្មាំ​សមុទ្ទ​ជប៉ុន បានបង្ហោះ​សារ​អាសន្នមួយ​ស្តី​ពី​ការ​បាញ់​មីស៊ីល​អន្តរទ្វីប​ពី​សំណាក់កូរ៉េខាងជើង ប្រាប់​ទូក​ជប៉ុនដែរ។

ការ​វិភាគ​ជប៉ុន​បាន​បង្ហាញ​ថា មីស៊ីលបាលីស្ទិក​​របស់​កូរ៉េខាង​ជើង ​ហោះ​ឡើង​បានរយៈ​ពេល​ ៧១នាទី និង​បានធ្លាក់​នៅ​វេលាម៉ោង​១៥និង​៤៤នាទី​ម៉ោង​នៅ​ជប៉ុន ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​ លើ​ផ្ទៃ​នៃ​​សមុទ្ទ​ជប៉ុន ចម្ងាយ​ប្រមាណ​តែ១៥០គីឡូម៉ែត្រពីជ្រោយ​អូស្ហ៊ីម៉ា Oshima (កោះខាង​ជើង​បំផុត​នៃ​តំបន់​ហុកកៃដូ)។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការពារជាតិ​ជប៉ុន។

បុរស​ខ្លាំង​ទីពីរ​នៃ​ក្រសួង​ការពារ​ជាតិ​ជប៉ុន លោក ម៉ាកូតូ អូនីគី Makoto Oniki បាន​​​លម្អិត​បន្ថែម​ទៀត​ថា មីស៊ីលដែល​​កូរ៉េខាង​ជើងបាញ់​សាកល្បង​ថ្ងៃ​​នេះ អាច​ជាមីស៊ីលបាលីស្ទិក​អន្តរទ្វីបផង ព្រោះ​មីស៊ីល​​អាច​ហោះ​ឡើង​ដល់​រយៈកម្ពស់​ជាង ៦ពាន់​គីឡូម៉ែត្រ ពោល​គឺ​ ​ខ្ពស់​ខ្លាំង​ជាង​មីស៊ីលអន្តរទ្វីប ICBM Hwasong-15 ដែល​ព្យុងយ៉ាង​បាន​សាកល្បង​កាលពី​ខែវិច្ឆិកា ២០១៧ទៀត។ តាម​រយៈ​សម្មតិកម្មនេះ​គេអាច​សន្និដ្ឋាន​បាន​ថា ថ្ងៃនេះ កូរ៉េខាង​ជើង​បានមីស៊ីលអន្តរទ្វីប​ប្រភេទ​ថ្មី។

ជាមួយ​នឹង​​ការ​បញ្ជាក់ថា បំណែកមីស៊ីលធ្លាក់​មិនបាន​បង្ក​ឱ្យ​មានការខូត​ខាត​​ដល់​នាវា ឬ​យន្តហោះ​ ​​ក្រសួងការពារ​ជាតិ​ជប៉ុន បាន​ចាត់​ទុក​ការ​បាញ់​សាកល្បង​មីស៊ីលរបស់​ព្យុងយ៉ាង​ថ្ងៃ​នេះ ថា​ជា​ការ​គំរាមកំហែង​សន្តិសុខ​ជប៉ុន​ យ៉ា​ង​ធ្ងន់ធ្ងរ។ លោក​ អូនីគី​ បាន​ប្រកាសថា “នៅពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​សង្គ្រាមឈ្លានពានរុស្ស៊ី​នៅ​អ៊ុយក្រែន កូរ៉េខាងជើង បន្ត​បាញ់​មីស៊ីល​ ផ្គើន​និងបង្កហេតុ​ដាក់​សហគមន៍​អន្តរជាតិ​ជា​ឯកតោភាគីខ្លាំងឡើងៗ ដែលនេះ​ជា​ទង្វើ​មិន​អាច​អត់​ទោស​ឱ្យ​បាន​ទេ”។

តាំងពី​ចូល​ឆ្នាំ​២០២២មក ព្យុងយ៉ាង​បាន​​សាកល្បងមីស៊ីល​យ៉ាង​ច្រើន​មែន​ទែន ជា​មីស៊ីល​អ៊ីពែរសូនិកផង មីស៊ីលបាលីស្ទិករយៈ​មធ្យមផង។ កាលពីសប្តាហ៍មុន បើ​តាមសេអ៊ូល កូរ៉េខាង​ជើងបានបាញ់​មីស៊ីលបាលីស្ទិក​អន្តរទ្វីប​ដែរ តែ​ត្រូវ​បរាជ័យ និង​ទំនងជា​​បានបាញ់រុកកែត​ជា​ច្រើនទៀត​ ​កាលពី​ថ្ងៃអាទិត្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ