អានតួអត្ថបទ

ប៉ាគីស្ថាន៖នាយករដ្ឋមន្រ្តីថ្មីប្រគល់ក្រសួងសំខាន់ៗឲ្យគណបក្សធំចំនួនពីរដែលធ្លាប់ប្រជែងគ្នា

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន នាយករដ្ឋមន្រ្តី​ថ្មី​លោក​ស្ហេបា ស្ហារីហ្វ​បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​នា​ថ្ងៃ​អង្គារ ទី១៩ មេសា។ រដ្ឋាភិបាល​ចម្រុះ​ថ្មី​នេះ​បាន​ចូលរួម​ដោយ​គណបក្ស​ដែល​បាន​ពួតដៃ​គ្នា​ទម្លាក់​នាយករដ្ឋមន្រ្តី​លោក​អ៊ីមរ៉ាន់ ខាន់​កាល​ពី​ថ្ងៃទី១០ មេសា។ តែ​ក្រសួង​សំខាន់ៗ​ត្រូវ​បាន​លោក​ស្ហេបា ស្ហារីហ្វ​ប្រគល់​ទៅ​ឲ្យ​គណបក្ស​សម្ព័ន្ធ​មូស្លីម​ប៉ាគីស្ថាន​របស់​លោក និង​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន។ ទោះ​ជា​យ៉ាង​នេះ​ក្តី នាយករដ្ឋមន្រ្តី​ធ្លាក់​ពី​អំណាច​លោក​អ៊ីមរ៉ាន់ ខាន់​បាន​សន្យា​មិន​ទុក​ឲ្យ​រដ្ឋាភិបាល​ចម្រុះ​ថ្មី​នេះ​រស់​បាន​យូរ​ឡើយ។

ប្រធានាធិបតី​ប៉ាគីស្ថាន​លោក​ Sadiq Sanjrani រូបឆ្វេង និង​នាយករដ្ឋមន្រ្តី​លោក Shahbaz Sharif ថ្ងៃទី19 មេសា ២០២២។
ប្រធានាធិបតី​ប៉ាគីស្ថាន​លោក​ Sadiq Sanjrani រូបឆ្វេង និង​នាយករដ្ឋមន្រ្តី​លោក Shahbaz Sharif ថ្ងៃទី19 មេសា ២០២២។ AP
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​គ្របដណ្តប់​ជីវិត​នយោបាយ​ប៉ាគីស្ថាន​អស់​ជា​ច្រើន​ទស្សវតរ៍​តាម​រយៈ​ការ​ប្តូរ​គ្នា​កាន់​អំណាច​ម្តង​ម្នាក់ៗ​មក គណបក្ស​សម្ព័ន្ធ​មូស៊្លីម​ប៉ាគីស្ថាន និង​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន​ដែល​ធ្លាប់​ប្រជែង​គ្នា​បាន​រួម​គ្នា​ដឹកនាំ​ប្រទេស​ម្តង។ នេះ​ជា​កុងសង់ស៊ុស​ដែល​គណបក្ស​ធំ​ទាំង​ពីរ រួម​ទាំង​គណបក្ស​តូចតាច​មួយ​ចំនួន​បាន​ពួត​ដៃ​គ្នា​ទម្លាក់​នាយករដ្ឋមន្រ្តី​លោក​អ៊ីមរ៉ាន់ ខាន់​កាល​ពី​ថ្ងៃទី១០ មេសា​តាម​រយៈ​ញត្តិ​ដក​សេចក្តី​ទុកចិត្ត។ រដ្ឋាភិបាល​ចម្រុះ​ថ្មី​មាន​សមាជិក​ចំនួន ៣៧រូប ក្នុង​នោះ​មាន​ស្រ្តី​ចំនួន ៥រូប។ កំណត់​សម្គាល់​មួយ​ទៀត នាយករដ្ឋមន្រ្តី​ថ្មី​លោក​ស្ហេបា ស្ហារីហ្វ​បាន​យក​ក្រសួង​សំខាន់ៗ ដូច​ជា​ការបរទេស ហិរញ្ញវត្ថុ ព័ត៌មាន ឬ​មហាផ្ទៃ​សម្រាប់​ចែកចាយ​ឲ្យ​គណបក្ស​ធំ​ទាំង​ពីរ។

កម្មវត្ថុ​អាទិភាព​របស់​រដ្ឋាភិបាល​ចម្រុះ​ថ្មី​មាន​ច្រើន រួម​មាន ផ្សះផ្សា និង​ស្រោចស្រង់​ទំនាក់ទំនង​ជាមួយ​បស្ចិមលោក ពិសេស​ជាមួយ​អាមេរិក​ដែល​បាន​ធ្លាក់​ចុះ​ខ្លាំង​នៅ​ក្នុង​ជំនាន់​នាយករដ្ឋមន្រ្តី​លោក​អ៊ីមរ៉ាន់ ខាន់ បង្កើន​ទំនាក់ទំនង​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ដើម្បី​ទទួល​បាន​ប្រាក់កម្ចី​ដែល​នៅ​សេសសល់​ពី​កញ្ចប់​ប្រាក់​កម្ចី​ចំនួន ៦ ០០០លានដុល្លារ​ដែល IMF បាន​ឲ្យ​ប៉ាគីស្ថាន​ខ្ចី​កាល​ពី​ឆ្នាំ ២០១៩។ នៅ​ក្នុង​វិស័យ​សន្តិសុខ លោក​ស្ហេបា ស្ហារីហ្វ​ត្រូវ​បន្ត​ចរចា​ស្វែង​រក​សន្តិភាព​ជាមួយ​ចលនា​តាលីបង់ប៉ាគីស្ថាន​ដែល​បាន​បង្កើន​ការ​វាយប្រហារ​នា​រយៈពេល​ចុង​ក្រោយ​នេះ ពិសេស​តាំង​ពី​អាហ្វហ្កានីស្ថាន​បាន​ធ្លាក់​ក្នុង​ដៃ​ពួក​តាលីបង់​ជា​ថ្មី។

អាទិភាព​បន្ទាប់ គឺ​ការ​ស្រោចស្រង់​វិបត្តិ​សេដ្ឋកិច្ច​ដែល​ប៉ាគីស្ថាន​បាន​ផុងខ្លួន​កាន់​តែ​ជ្រៅ​នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ តែ​មាន​សំណួរ​មួយ​ចោទ​ឡើង​ថា តើ​គណបក្ស​សម្ព័ន្ធ​មូស៊្លីម​ប៉ាគីស្ថាន និង​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន​ដែល​ធ្លាប់​ប្រជែង​គ្នា​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ដល់​ពេល​ណា​ទៅ?។ នៅ​មិន​ទាន់​មាន​ចម្លើយ​ចំពោះ​សំណួរ​នេះ​ទេ។ តែ​សម្រាប់​នាយករដ្ឋមន្រ្តី​ធ្លាក់​ពី​អំណាច​លោក​អ៊ីមរ៉ាន់ ខាន់​វិញ លោក​បាន​សន្យា​បន្ត​ការ​តស៊ូ​នយោបាយ​ដោយ​អំពាវនាវ​ឲ្យ​សកម្មជន​ចុះ​ផ្លូវ​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​សភា​មុន​អាណត្តិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ