អានតួអត្ថបទ
ស្រីលង្កា

ស្រីលង្កា៖ប្រធានាធិបតីបានផាត់បក្សពួកមួយចំនួនចេញពីសមាសភាពរដ្ឋាភិបាលថ្មី

នៅ​ក្នុង​ប្រទេស​ស្រីលង្កា ប្រធានាធិបតី​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា​បាន​បង្ហាញ​សមាភាព​រដ្ឋាភិបាល​ថ្មី​នា​ថ្ងៃ​ចន្ទ ទី១៨ មេសា។ ការ​បង្ហាញ​សមាភាព​រដ្ឋាភិបាល​ថ្មី​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​គិត​តាំង​ពី​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៤៨។ ជា​រៀងរាល់​ថ្ងៃ ប្រជាជន​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា​ចុះ​ចេញ​ពី​តំណែង រួម​ទាំង​បក្សពួក និង​គ្រួសារ​ត្រកូល​រ៉ាយ៉ាប៉ាក់សា។ តើ​រដ្ឋាភិបាល​ថ្មី​អាច​ដោះស្រាយ​វិបត្តិ និង​រំងាប់​កំហឹង​របស់​ប្រជាជន​បាន​ដែរ ឬ​ទេ?។

ប្រធានាធិបតីស្រីលង្កា លោកហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា
ប្រធានាធិបតីស្រីលង្កា លោកហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

ប្រឈម​នឹង​សម្ពាធ​របស់​ចលនា​មហាជន ប្រធានាធិបតី​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា​បាន​ជ្រើស​យក​ផ្លូវ​រៀបចំ​សមាភាព​រដ្ឋាភិបាល​ថ្មី​ជាជាង​ចុះ​ចេញ​ពី​តំណែង​តាម​ការ​ទាមទារ​របស់​ក្រុម​បាតុករ។ មួយ​វិញ​ទៀត​នៅ​ក្នុង​សមាសភាព​រដ្ឋាភិបាល​ថ្មី​នេះ លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា​ក៏​មិន​បាន​ប្តូរ​រូប​នាយករដ្ឋមន្រ្តី​លោក​ម៉ាហ៊ីនដា រ៉ាយ៉ាប៉ាក់សា​ដែល​ជា​បងប្រុស​ធំ​ជាង​គេ​របស់​លោក​ទេ។ តែ​អ្វី​ដែល​ថ្មី​បន្តិច​នៅ​ក្នុង​សមាសភាព​រដ្ឋាភិបាល​ថ្មី​មាន​ពីរ​ចំណុច ទី១ លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា​បាន​ដក​ប្អូន​ប្រុស​ចំនួន ២នាក់ រួម​ទាំង​ក្មួយប្រុស​ម្នាក់​ចេញ​ពី​តំណែង​រដ្ឋមន្រ្តី និង​ទី២ ចំនួន​រដ្ឋមន្រ្តី​ត្រូវ​បាន​កាត់​បន្ថយ​ពី ២៨នាក់​មក​នៅ​ត្រឹម ២១នាក់។

ថ្លែង​នៅ​ចំពោះ​មុខ​រដ្ឋាភិបាល​ថ្មី លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា​បាន​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​ចាស់​បាន​ប្រព្រឹត្តិ​កំហុសឆ្គង​ដោយ​បាន​ហាម​ការ​នាំ​ចូល​ផលិតផល​មួយ​ចំនួន​ចាប់​ពី​ខែ​មីនា​ក្នុង​ឆ្នាំ ២០២០។ តែ​លោក​ភ្លេច​គិត​ថា នាយករដ្ឋមន្រ្តី​ក្នុង​រដ្ឋាភិបាល​ចាស់ និង​នាយករដ្ឋមន្រ្តី​ក្នុង​រដ្ឋាភិបាល​ថ្មី​ជា​មនុស្ស​ដដែល។ បន្ទាប់​មក លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា​បាន​សោកស្តាយ​ចំពោះ​ការ​លំបាក​របស់​ប្រជាជន​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ដែល​លោក​ទម្លាក់​កំហុស​លើ​កូវីដ១៩ និង​ថា ស្រីលង្កា​គួរ​ណាស់​ចរចា​រក​ជំនួយ​ពី​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ឲ្យ​បាន​មុន​នេះ។

គួរ​បញ្ជាក់​ថា ស្រីលង្កា​ដែល​មាន​ពលរដ្ឋ ២២លាននាក់​បាន​ជួប​ការ​ខ្វះខាត​សព្វគ្រប់​តាំង​ពី​ច្រើន​ខែ ពិសេស​ផលិតផល​ចាំ​បាច់​ដូច​ជា​អាហារ ប្រេងសាំង និង​ថ្នាំពេទ្យ។ នេះ​ដោយ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ពី​ការ​ខ្វះ​ភ្លើងអគ្គិសនី​ប្រើប្រាស់​ដែល​មាន​តំបន់​ខ្លះ​បាន​ដាច់​ភ្លើង​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ធ្ងន់ធ្ងរ​ជាង​នេះ ស្រីលង្កា​បាន​ប្រកាស​ក្នុង​ថ្ងៃ ទី១២ មេសា​ពី​ការ​ខកខាន​សងបំណុល​បរទេស​ដែល​មាន​ទឹកប្រាក់ ៥១ ០០០លានដុល្លារ។ វិបត្តិ​សេដ្ឋកិច្ច​ដែល​ស្រីលង្កា​កំពុង​ឆ្លង​កាត់​ពេល​នេះ​ជា​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​ខ្លាំង​ដែល​ប្រទេស​មិន​ធ្លាប់​ជួប​ប្រទះ​គិត​តាំង​ពី​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៤៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ