អានតួអត្ថបទ
ស្រីលង្កា-វិបត្តិប្រាក់បំណុល

លង់ជ្រៅទៅក្នុងវិបត្តិសេដ្ឋកិច្ច ស្រីលង្កា​ខកខានមិនបាន​សងបំណុល​អន្តរជាតិ

ញាំញី ដោយ​វិបត្តិសេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ មិនធ្លាប់មាន គិត​ចាប់តាំងពី​ទទួលបាន​ឯករាជ្យនៅឆ្នាំ១៩៤៨ ស្រីលង្កា បាន​ប្រកាស​ខកខាន​មិនបាន​សងប្រាក់​បំណុលអន្តរជាតិ នៅថ្ងៃអង្គារ​ទី ១២​មេសានេះ។ខណៈ​ដែល​ស្រីលង្កា​កំពុងជួប វិបត្តិ​សេដ្ឋកិច្ច ដ៏អាក្រក់​បំផុត ប្រជាជន​ស្រីលង្កា​បានធ្វើ​បាតុកម្ម​ជាបន្តបន្ទាប់​ដើម្បី​ប្រឆាំង​នឹង​ទំនិញឡើងថ្លៃ បញ្ហា​ខ្វះស្បៀង ថ្នាំពេទ្យ និងប្រេង។ ដោយសារ​បាតុកម្ម​ដ៏ហិង្សា នៅទីក្រុង​កូឡុំបូ រដ្ឋាភិបាល​ស្រីលង្កា​សម្រេច​ប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាពអាសន្ន កាលពីថ្ងៃទី​១​មេសា។

ប្រជាជន​ស្រីលង្កាធ្វើបាតុកម្ម​ប្រឆាំងទំនិញឡើងថ្លៃ និងការខ្វះប្រេង​សម្រាប់​យានយន្ត ការផ្តាច់ចរន្តអគ្គិសនី។ បាតុកម្ម​របស់​ប្រជាជន​ស្រីលង្កានៅទីក្រុង​កូឡុំបូ នៅថ្ងៃទី ៩មេសា ២០២២
ប្រជាជន​ស្រីលង្កាធ្វើបាតុកម្ម​ប្រឆាំងទំនិញឡើងថ្លៃ និងការខ្វះប្រេង​សម្រាប់​យានយន្ត ការផ្តាច់ចរន្តអគ្គិសនី។ បាតុកម្ម​របស់​ប្រជាជន​ស្រីលង្កានៅទីក្រុង​កូឡុំបូ នៅថ្ងៃទី ៩មេសា ២០២២ REUTERS - DINUKA LIYANAWATTE
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​កំណត់ត្រូវ​សងបំណុល នៅ​ថ្ងៃអង្គារនេះ រដ្ឋាភិបាល​ស្រីលង្កា​បាន​ប្រកាស​ខកខាន​មិនបាន​សង​ប្រាក់បំណុល​អន្តរជាតិ។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះផ្សាយ​នៅថ្ងៃអង្គារ​ទី​១២​មេសា ក្រសួង​ហិរញ្ញវត្ថុស្រីលង្កា​បាន​អះអាងថា ការប្រកាស​ខកខាន​មិនបាន​សងបំណុល គឺជា​ជម្រើស​ចុងក្រោយ ដើម្បី​បង្ការ​កុំ​ឲ្យ​ចំណាត់ថ្នាក់​ហិរញ្ញវត្ថុ​របស់ប្រទេស​ស្រីលង្កា​ធ្លាក់ចុះ​អាក្រក់ជាងនេះ។

ដោយខកខាន​មិនបាន​សងបំណុល​បរទេស នៅថ្ងៃអង្គារនេះ ក្រសួងហិរញ្ញវត្ថុ​ស្រីលង្កា បាន​បញ្ជាក់​ថា ម្ចាស់បំណុល​ របស់​ស្រីលង្កា​ដែលអាច​ជា​រដ្ឋាភិបាល​បរទេស​នៅតែ​អាច​មាន​ជម្រើសពីរ។ ឬមួយ​គេ​ដាក់បញ្ចូល​ការប្រាក់​បំណុល​ដែល​ស្រីលង្កា​ត្រូវ​សង​នៅថ្ងៃនេះ ទៅក្នុង​បំណុលសរុប ឬមួយទៀត គេអាច​ទទួល​បាន​ការសងបំណុលដែរ ប៉ុន្តែ ដោយជាមួយ​នឹង​លុយរូពី​របស់​ស្រីលង្កា។

ស្រីលង្កា​បានផុងកាន់តែជ្រៅ ទៅ​ក្នុងវិបត្តិសេដ្ឋកិច្ច ចាប់តាំង​ពី​កើតមាន​វិបត្តិជំងឺកូវីដ។ មាន​សេដ្ឋកិច្ច​ពឹងផ្អែកខ្លាំង​លើ​ទៅលើវិស័យទេសចរណ៍ ស្រីលង្កា​បាន​បាត់បង់ប្រាក់ចំណូល និង​ជួប​វិបត្តិខ្វះថវិកា។ ដើម្បី​បន្តចិញ្ចឹមប្រទេស រដ្ឋាភិបាល​គ្មានជម្រើស​អ្វីក្រៅពីដកលុយ​ពី​ហិបបម្រុង​រូបិយបណ្ណ​បរទេស ទៅប្រើ​សម្រាប់​ទិញនាំចូល​ទំនិញ ពីបរទេស។

គិតត្រឹមចុងខែ​វិច្ឆិកា​ឆ្នាំ ២០២១ ហិប​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ស្រីលង្កា​នៅ​សល់ប្រាក់​តែ ១ ៥០០លានដុល្លារ​ប៉ុណ្ណោះ។ ក្រៅពីការ​ការផ្គត់ផ្គង់​ក្នុង​ស្រុក រដ្ឋាភិបាល​ក៏​ត្រូវការ​រូបិយប័ណ្ណបរទេស​សម្រាប់​សងម្ចាស់​បំណុល ជាពិសេសចិន ដែលបាន​ឲ្យ​ ស្រីលង្កា​ខ្ចី ដល់​ទៅ ៣៥ ០០០លានដុល្លារ។ ប្រឈម​នឹង​ការខ្វះខាត​រូបិយប័ណ្ណ​បរទេស រដ្ឋាភិបាល​ស្រីលង្កា ធ្លាប់​បាន​ចេញ​បញ្ជា  ហាមការនាំចូល​មកពី​បរទេស ក្នុងបំណង​សន្សំរូបិយប័ណ្ណ​បរទេស ដើម្បី​ទុក​សងម្ចាស់បំណុលបរទេស ដែល​មាន​ប្រមាណ ៧ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។

នៅឆ្នាំមុន ទីភ្នាក់ងារ​អន្តរជាតិ​ខាងវាយតម្លៃហានិភ័យបំណុល​ធ្លាប់​បាន​ទម្លាក់ចំណាត់ថ្នាក់​របស់ស្រីលង្កា ដែលជាហេតុធ្វើ​ឲ្យ​ប្រទេស​កោះមួយនេះ ជួបការលំបាក​ក្នុង​ការខ្ចីប្រាក់ នៅទីផ្សារអន្តរជាតិ។

ដោយសារ​តែ​គ្មាន​រូបិយប័ណ្ណ​បរទេស​គ្រប់គ្រាន់​សម្រាប់​ទិញប្រេង និងនាំចូលទំនិញ​ចាំបាច់ ស្រីលង្កា​ជួបវិបត្តិ​អតិផរណា ចំណីអាហារ​កាន់តែ​ឡើងថ្លៃ ហើយនិង​គ្មានប្រេង​សម្រាប់​រោងចក្រ​អគ្គិសនី ដែលជាហេតុធ្វើ​ឲ្យប្រជាជន​ធ្វើបាតុកម្ម​​ទាមទារ​ឲ្យរដ្ឋាភិបាល​ចុះចេញពីតំណែង នៅប៉ុន្មាន​សប្តាហ៍មកនេះ។

ប្រធាន​ធនាគារកណ្តាល​ស្រីលង្កា​បាននិយាយ​នៅថ្ងៃអង្គារ​នេះថា ស្រីលង្កា​ត្រូវការ​ផ្តោត​សំខាន់​ទៅលើ​ការនាំចូល​ទំនិញ​ចាំបាច់ ជាជាង​ខ្វល់​រឿង​សង​ប្រាក់បំណុល។ លោក​បាន​បន្ថែមថា ស្រីលង្កា​សម្រេច​ផ្អាក មិនទាន់​សង​ប្រាក់បំណុល​ រហូត​ដល់​ថ្ងៃ​ដែល ស្រីលង្កា​រកបាន​កិច្ចព្រមព្រៀង​ជាមួយ ម្ចាស់បំណុល និង​ជំនួយ​ពី​កម្មវិធី ផ្តល់​ប្រាក់កម្ចី​របស់​មូលនិធិរូបិយវត្ថុអន្តរជាតិ ដែល​រដ្ឋាភិបាល​ស្រីលង្កា ត្រូវ​ជួប​ពិភាក្សា នៅប៉ុន្មានថ្ងៃខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ