អានតួអត្ថបទ
ស្រីលង្កា-វិបត្តិសេដ្ឋកិច្ច

រដ្ឋធានី​របស់ស្រីលង្កា​រងរញ្ជួយ​ដោយ​បាតុកម្ម​ហិង្សា​ប្រឆាំងទំនិញឡើងថ្លៃ និងការខ្វះភ្លើងអគ្គិសនី

រដ្ឋធានីកូឡុំបូ​របស់​ស្រីលង្កា​បាន​ស្ថិតនៅក្រោម​ការយាម រក្សា​សន្តិសុខ​យ៉ាងតឹងរ៉ឹង នៅថ្ងៃ​សុក្រនេះ នៅ​បន្ទាប់ពី​មាន​បាតុកម្ម​ដ៏ហិង្សា​ដុតបំផ្លាញ រថយន្ត​របស់​ប៉ូលិស និង​ទាហានកាលពីយប់​ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ វិបត្តិសេដ្ឋកិច្ច និង​បញ្ហា​ខ្វះថាមពល ជាដើមហេតុធ្វើ​ឲ្យ​ប្រជាជន​ស្រីលង្កា​ផ្ទុះកំហឹង ចុះថ្នល់​ធ្វើបាតុកម្ម ទាមទារ​ឲ្យ​ប្រធានាធិបតី​ចុះចេញពីអំណាច។

បាតុករស្រីលង្កា​ដុតរថយន្តក្រុង​របស់​ប៉ូលិស​ នៅមុខ​គេហដ្ឋាន​របស់​ប្រធានាធិបតី​ស្រីលង្កា នៅទីក្រុង​កូឡុំប៊ូ នៅថ្ងៃទី ៣១​មីនា ២០២២
បាតុករស្រីលង្កា​ដុតរថយន្តក្រុង​របស់​ប៉ូលិស​ នៅមុខ​គេហដ្ឋាន​របស់​ប្រធានាធិបតី​ស្រីលង្កា នៅទីក្រុង​កូឡុំប៊ូ នៅថ្ងៃទី ៣១​មីនា ២០២២ REUTERS - DINUKA LIYANAWATTE
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មានថ្ងៃ​មកហើយ បាតុកម្ម​តវ៉ា​នឹង​រឿង​ទំនិញឡើងថ្លៃ និង​បញ្ហា​ខ្វះខាត​ថាមពល បាន​កើតឡើងពេញផ្ទៃប្រទេស​ស្រីលង្កា។ ប៉ុន្តែ បាតុកម្ម​ទ្រង់ទ្រាយធំ និង​ហិង្សា​ទើប​ចាប់រាលដាល​ខ្លាំង​ដល់​រដ្ឋធានី​កូឡុំបូ នៅថ្ងៃ​ព្រហស្បតិ៍ នៅ​បន្ទាប់​ពី​ប្រជាជន​ចាប់ផ្ទុះកំហឹង​ខ្លាំង ដោយសារ​តែរឿង​ខ្វះប្រេង។

នៅថ្ងៃ​ព្រហស្បតិ៍ គេ​មិនអាច​រកទិញ​ប្រេង​ម៉ាសូត​នៅ​គ្រប់ស្ថានីយ៍​ប្រេង នៅទូទាំងប្រទេស។ ដោយសារ​តែគ្មាន​ប្រេងម៉ាស៊ូត រដ្ឋាភិបាល​ស្រីលង្កា​បាន​សម្រេច​កាត់ផ្តាច់ភ្លើងអគ្គិសនី ចំនួន១៣​ម៉ោង កាលពីថ្ងៃ​ព្រហស្បតិ៍។ គ្មាន​ភ្លើងប្រើប្រាស់ ចំនួន​១៣ម៉ោង គឺ​ជាថេរវេលា​ដ៏វែង ដែលស្រីលង្កា​មិនធ្លាប់​ជួបប្រទះ ចាប់តាំង​ពីបានទទួល​ឯករាជ្យកាលពី​ឆ្នាំ ១៩៤៨។

គ្មានប្រេងឥន្ធនៈ ទំនិញ​ឡើងថ្លៃ​សព្វសារពើ រួមផ្សំ​នឹង​ការខ្វះខាត​ទំនិញ​ចាំបាច់ សម្រាប់ជីវភាព​ប្រចាំថ្ងៃ ជា​ហេតុផល​ចំបង​ដែល​ជំរុញ​ឲ្យ​ប្រជាជន​ស្រីលង្កា​ផ្ទុះកំហឹង និងលើកគ្នា​ទៅធ្វើ​បាតុកម្ម ​នៅមុខ​គេហដ្ឋាន​របស់​លោក​ប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា ដោយ​បាន​ទាមទារ​ឲ្យ​ប្រធានាធិបតី ព្រមទាំងបងប្អូន សមាជិក​គ្រួសារ​របស់​លោកប្រធានាធិបតី​ចុះចេញពី​តំណែងរដ្ឋាភិបាល។

សូមបញ្ជាក់​ថា បងប្រុស​របស់​ប្រធានាធិបតី​ស្រីលង្កា គឺ​លោក​ម៉ាហ៊ីនដា​(Mahinda)​ជា​នាយករដ្ឋមន្ត្រី នៅពេល​ប្អូនប្រុសរបស់​លោក គឺបាស៊ីល​(Basil) កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ខណៈ​បងប្រុស​ច្បង​គឺ​លោក​ ចាម៉ាល់​(Chamal)​ជា​រដ្ឋមន្ត្រី​កសិកម្ម ហើយ​ក្មួយប្រុសរបស់​លោក ឈ្មោះ​ណាម៉ាល់​( Namal)ទទួលបន្ទុកផ្នែកកីឡា។

នៅមុខ​គេហដ្ឋាន​របស់​ប្រធានាធិបតី បាតុករបាន​ដុតឡាន​ក្រុង​របស់​ប៉ូលិស និងទាហាន​ពីរគ្រឿង និង​ប្រើដុំថ្មគប់ទៅលើ​ក្រុមប៉ូលិស។ តាម​ប៉ូលិស ស្រីលង្កា មនុស្ស​៦នាក់​រងរបួស ចំណែក​មនុស្ស​៤៥នាក់​ត្រូវបានចាប់ខ្លួន នៅក្នុង​ការប្រឈមមុខ ដាក់គ្នា​រវាង​បាតុករ និង​ប៉ូលិស កាលពីយប់ម្សិលម៉ិញ។

ប្រធានាធិបតីស្រីលង្កា​ដែលគ្មានវត្តមាននៅ​គេហដ្ឋាន​នៅយប់​ថ្ងៃ​កើតហេតុ បានចេញសេចក្តីថ្លែងការណ៍​ចោទប្រកាន់​បាតុករ​ស្រីលង្កា​ថា កំពុង​ចង់​ធ្វើបដិវត្តន៍​អារ៉ាប់ នៅ​ស្រីលង្កា។ បដិវត្តន៍អារ៉ាប់​ដែលផ្ទុះឡើង​ដោយសារ​វិបត្តិសេដ្ឋកិច្ច កំហឹង​របស់​ប្រជាជន​ដោយសារអំពើពុករលួយ។

ស្រីលង្កា​បាន​ធ្លាក់ខ្លួន​ក្នុង​វិបត្តិសេដ្ឋកិច្ច​កាន់តែខ្លាំង ដោយសារ​វិធានការ​រឹតត្បិត​ដើម្បីប្រឆាំង​ការឆ្លងរាលដាល​ជំងឺកូវីដ ដែលបាន​ទៅ​សម្លាប់​វិស័យទេសចរណ៍ ដែលជា​ប្រភពចំណូល​សំខាន់​សម្រាប់សេដ្ឋកិច្ច។ នៅថ្ងៃ​សុក្រ តួលេខ​រដ្ឋាភិបាល​បង្ហាញថា អត្រាអតិផរណា​បាន​កើនឡើង​ដល់​១៨%​នៅខែ​មីនា ចំណែក​ចំណីអាហារ​បាន​កើនឡើងខ្ពស់បំផុត ប្រមាណ ៣០%។

ស្រីលង្កា​ចាប់ផ្តើម​ជួបការខ្វះខាត​មុខទំនិញ​ចាំបាច់ ដែលនៅក្នុងនោះ​មាន​ផងដែរ ថ្នាំពេទ្យរហូត​ធ្វើ​ឲ្យ​មន្ទីរពេទ្យ នៅតាម​រដ្ឋ​ជាច្រើន​សម្រេច​ផ្អាក​ដំណើរការវះកាត់អ្នកជំងឺ។ តាមអ្នកជំនាញ ដោយសារ​តែ​ការគ្រប់គ្រង​មិនបាន​ល្អ រដ្ឋាភិបាល​ស្រីលង្កា​ខ្វះខាត​រូបិយបណ្ណបរទេស ដើម្បីអាច​ទិញ នាំ​ទំនិញ​ចូល​ពីបរទេស។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២០ រដ្ឋាភិបាលស្រីលង្កាធ្លាប់​បាន​ចេញបញ្ជា ហាមការនាំចូល​មកពីបរទេស ក្នុងបំណង​សន្សំរូបិយបណ្ណ​បរទេស ដើម្បី​ទុក​សងទៅម្ចាស់បំណុលបរទេស ​ប្រមាណ ៧ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។ ក្នុងចំណោម​ប្រាក់បំណុលសរុប​៥១ពាន់លាន​ដុល្លារ មួយភាគធំ ជា​បំណុល​ដែល​ស្រីលង្កាខ្ចីពីប្រទេស​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ