អានតួអត្ថបទ
ស្រីលង្កា

ស្រីលង្កា ធ្វើ​កុប្បកម្ម​ទូទាំង​ប្រទេស​ដើម្បី​ទម្លាក់​រដ្ឋាភិបាល

មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ឈប់​ស្ងៀម​ទ្រឹង ការិយាល័យ​រដ្ឋបាលគ្មាន​មនុស្ស​ធ្វើការ​ម្នាក់សោះ​ នៅថ្ងៃសុក្រ​ទី ៦​ឧសភា ២០២២​នេះ​ នៅ​ទូទាំង​ប្រទេស​ស្រីលង្កា។ ស្រីលង្កា​បាន​នាំគ្នា​ធ្វើ​កុប្បកម្មថ្នាក់ជាតិ ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ដែល​​កំពុងដឹកនាំ​ប្រទេស ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ។

ស្រីលង្កា ធ្វើ​កុប្បកម្ម​ទូទាំង​ប្រទេស​ដើម្បី​ទម្លាក់​រដ្ឋាភិបាល
ស្រីលង្កា ធ្វើ​កុប្បកម្ម​ទូទាំង​ប្រទេស​ដើម្បី​ទម្លាក់​រដ្ឋាភិបាល AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

ក្រោមការអំពាវនាវរបស់​សហជីព បុគ្គលិក កម្មករ អ្នក​ធ្វើការ​ រាប់​លាន​នាក់ បាន​នាំគ្នា​ចុះ​រារាំង​ផ្លូវ​មិន​ឱ្យ​រថភ្លើង​អាច​ធ្វើ​ចរាចរណ៍​បាន​ទេ។ ឡាន​ក្រុងឯកជន​​ ក៏​ឈប់​​ស្ងៀម​នៅ(បេន​)​ស្ថានីយ៍ដែរ។ កម្មករ​កាត់ដេរ ចេញ​ធ្វើ​បាតុកម្ម​នៅ​មុខ​រោងចក្រ លើក​ទង់ជាតិ​ខ្មៅ ស្ទើរ​ទូទាំង​ប្រទេស ដើម្បី​បង្ហាញ​កំហឹង​ដែល​មាន​ចំពោះ​រដ្ឋាភិបាល។ សិស្ស​និស្សិត​រាប់​ពាន់​នាក់​បាន​ប៉ុន​ប៉ង​សម្រុក​ចូល​រដ្ឋសភាជាតិ​​ តែ​ត្រូវ​ប៉ូលិស​បំបែក ដោយ​បាញ់ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​។​

មេដឹកនាំ​សហជីព បាន​អះអាង​ថា​រក​ឃើញ​កំហុសនយោបាយ​​របស់​ប្រធានាធិបតី​ស្រីលង្កា​ដែល​រុញ​សេដ្ឋកិច្ចជាតិ​ឱ្យ​​ធ្លាក់​ត្រដាប​ត្រដួស​។ ដូច្នេះប្រធានាធិបតី​​នេះ​ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង។ ប៉ុន្តែ​លោកប្រធានាធិបតី​ បាន​បញ្ជាក់​ជា​លើក​ច្រើន​សា​ហើយ​ថា​លោក​មិន​ចុះ​ចេញ​ពី​តំណែង​ទេ បើ​ទោះ​បី​មាន​បាតុកម្ម​ធំ ហើយ​បាតុករ​ទៅ​បោះទីតាំង​នៅ​មុខ​គេហដ្ឋាន​ប្រធានាធិបតី​តាំង​ពី​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ក៏ដោយ។

សូមរំលឹក​ថា ក្រោយ​វិបត្តិកូវីដ ​ប្រភព​ចំណូល​​និង​ដង្ហើម​សេដ្ឋកិច្ចដែលរំពឹង​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ បាន​រីង​ស្ងួត ស្រីលង្កា​ពេល​នេះ កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ទេ គិត​ចាប់​តាំង​ពី​ប្រទេស​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៨មក។ តាំង​ពី​ប៉ុន្មាន​ខែ​មក​ហើយ ដែល​ស្រីលង្កា ត្រូវ​ប្រឈម​នឹង​ការ​ផ្តាច់​ចរន្ត​អគ្គីសនី កង្វះ​ស្បៀងអាហារ ប្រេង និង​ថ្នាំ​សង្កូវ​។ ស្រីលង្កា​លែង​មាន​លទ្ធភាព​នាំ​ប្រេង​ចូល សេវា​សាធារណៈ​ត្រូវ​បង្ខំ​ចិត្ត​កាត់ភ្លើង​ជា​រៀង​រាល់​ថ្ងៃ ប្រជាពលរដ្ឋ​ត្រូវ​តម្រង់​ជួរ​យ៉ាង​វែង​នៅតាម​ស្ថានីយ៍​ប្រេង​ដើម្បី​ទិញ​សាំង ឬ​ប្រេង​កាត​។ មន្ទីរពេទ្យ​អស់​ថ្នាំ​សំខាន់ៗ​និង​ចាំបាច់​ដែល​តម្រូវ​ឱ្យ​​រដ្ឋាភិបាល​បាន​អំពាវនាវសុំ​ជំនួយ​ពី​ប្រជាពលរដ្ឋ​ស្រីលង្កា​រស់​នៅ​ក្រៅ​ប្រទេស។​

ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ រហូត​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចុះ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ទាមទារ​ទម្លាក់​​រដ្ឋាភិបាល។ កាលពី​ថ្ងៃ​ទី ១២​មេសា ស្រីលង្កា​បានថែម​ទាំង​ប្រកាស​ខកខាន​មិន ​សង​បំណុល​អន្តរជាតិ​ចំនួន ៥១​ពាន់​លាន​ដុល្លារទៀត។ គ្មាន​ទស្សនវិស័យ​ល្អ​ក្នុង​ពេល​ឆាប់ៗទេ បើតាម​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ លោក អាលី សាប្រី ​វិបត្តិ​សេដ្ឋកិច្ច​ស្រីលង្កាអាច​​អូស​បន្លាយ​​យូរ​ដល់​ទៅ​ពីរ​ឆ្នាំ​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ