អានតួអត្ថបទ

ស្រីលង្កា៖គ្រួសារត្រកូលរ៉ាយ៉ាប៉ាក់សេកំពុងប្រឈមនឹងការខ្ទាតចេញពីឆាកនយោបាយ?

ប្រទេស​ស្រីលង្កា​កំពុង​បន្ត​ផុង​ខ្លួន​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ។ ប្រឈម​នឹង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​រវាង​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល និង​ក្រុម​បាតុករ​គាំទ្រ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ចន្ទ ទី៩ ឧសភា នាយករដ្ឋមន្រ្តី​លោក​ម៉ាហ៊ីនដា រ៉ាយ៉ាប៉ាកសេ​បាន​ព្រម​លា​ចុះ​ពី​តំណែង។ បន្ទាប់​មក ប្រធានាធិបតី​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សេ​ដែល​ជា​ប្អូន​ប្រុស​បាន​ប្រកាស​ដាក់​បំរាមគោចរ និង​បាន​ដាក់​ពង្រាយ​កម្លាំងប៉ូលិស និង​ទាហាន​ជា​ច្រើន​ពាន់​នាក់​នា​ថ្ងៃ​អង្គារ ទី១០ ឧសភា​ដើម្បី​ធានា​ពី​ការ​គោរព​បំរាមគោចរ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ស្ថានការណ៍​ហាក់​កំពុង​បន្ត​ពុះកញ្រ្ជោល​ខ្លាំង។ គួរ​រម្លឹក​ថា ស្រីលង្កា​ដែល​មាន​ពលរដ្ឋ ២២លាននាក់​កំពុង​បន្ត​ផុង​ខ្លួន​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច។ អស់​ជា​ច្រើន​សប្តាហ៍​ដែល​ប្រជាជន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី​ចុះ​ចេញ​ពី​តំណែង។ លោក​ម៉ាត់ចាប៉ារ៉ាណាន់ អាប្រាហាំ ស៊ូម៉ាន់ធីរ៉ាន់ តំណាងរាស្រ្ត​បក្សប្រឆាំង​បាន​យល់​ឃើញ​ថា ដំណោះស្រាយ​សម្រាប់​វិបត្តិ​សព្វថ្ងៃ គឺ​ការ​ដក​ខ្លួន​ពី​ឆាកនយោបាយ​របស់​គ្រួសារ​ត្រកូល​រ៉ាយ៉ាប៉ាក់សេ​ទាំង​អស់។ ប្រធានាធិបតី​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សេ​ក៏​ត្រូវ​ចុះ​ចេញ​ពី​តំណែង​ដែរ។

នៅ​ស្រីលង្កា ប្រធានាធិបតី​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សេ​ដែល​ជា​ប្អូន​ប្រុស​បាន​ប្រកាស​ដាក់​បំរាមគោចរ និង​បាន​ដាក់​ពង្រាយ​កម្លាំងប៉ូលិស និង​ទាហាន​ជា​ច្រើន​ពាន់​នាក់​នា​ថ្ងៃ​អង្គារ ទី១០ ឧសភា​ដើម្បី​ធានា​ពី​ការ​គោរព​បំរាមគោចរ។
នៅ​ស្រីលង្កា ប្រធានាធិបតី​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សេ​ដែល​ជា​ប្អូន​ប្រុស​បាន​ប្រកាស​ដាក់​បំរាមគោចរ និង​បាន​ដាក់​ពង្រាយ​កម្លាំងប៉ូលិស និង​ទាហាន​ជា​ច្រើន​ពាន់​នាក់​នា​ថ្ងៃ​អង្គារ ទី១០ ឧសភា​ដើម្បី​ធានា​ពី​ការ​គោរព​បំរាមគោចរ។ AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​គិត​ថា ប្រធានាធិបតី​ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង​ភ្លាម។ បើ​គ្មាន​ការ​លា​ឈប់​ពី​តំណែង​របស់​ប្រធានាធិបតី​ទេ នោះ​វិបត្តិ​នឹង​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ។ អស់​រយៈពេល ៣១ថ្ងៃ​មក​ហើយ​ដែល​ក្រុម​បាតុករ​អហិង្សា​បាន​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​ចុះ​ចេញ​ពី​តំណែង។ ក្រុម​បាតុករ​សន្តិវិធី​ទាំង​នេះ​មិន​បាន​បង្ក​អំពើហិង្សា​អ្វី​ទាំង​អស់។

គឺ​ទើប​តែ​នៅ​ថ្ងៃ​ចន្ទ ទី៩ ឧសភា​ដែល​មាន​ផ្ទុះ​អំពើហិង្សា​ប្រឆាំង​នឹង​ក្រុម​បាតុករ​អហិង្សា​ទាំង​នោះ។ ពួក​គេ​បាន​រង​ការ​វាយប្រហារ​ពី​ក្រុម​អ្នក​គាំទ្រ​នាយករដ្ឋមន្រ្តី​លោក​ម៉ាហ៊ីនដា រ៉ាយ៉ាប៉ាក់សេ។ ក្រុម​សកម្មជន​គាំទ្រ​នាយករដ្ឋមន្រ្តី​ត្រូវ​បាន​គេ​កែនប្រមូល​ឲ្យ​ត តាំង​ទល់​នឹង​ក្រុម​បាតុករ​អហិង្សា​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ទីក្រុង​កូឡុំបូ។

នៅ​ក្នុង​ទីក្រុង ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​រក្សា​ភាព​អហិង្សា​របស់​ពួក​គេ។ តែ​នៅ​ទីកន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេស ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ខឹងសម្បារ និង​បាន​វាយប្រហារ​លើ​ក្រុម​សកម្មជន​គាំទ្រ​រដ្ឋាភិបាល​វិញ​ដែល​នាំ​ឲ្យ​ការ​ប្រឈម​មុខ និង​ការ​ប៉ះទង្គិច​គ្នា​បន្ត​មាន​ជា​ហូរហែ។ ខ្ញុំ​សូម​បញ្ជាក់​ម្តង​ទៀត ដើមចម​សំខាន់​នៃ​វិបត្តិ​ពេល​នេះ គឺ​រូប​ប្រធានាធិបតី ហើយ​គាត់​ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង​ភ្លាម »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ