អានតួអត្ថបទ

ចិនឆ្លើយតបនឹងអាមេរិកដោយយល់ថា សម្តីរបស់ប្រមុខការទូតអាមេរិកជាការមូលបង្កាច់ចិន

នៅ​ថ្ងៃ​សុក្រ ទី២៧ ឧសភា ប្រទេស​ចិន​តាម​រយៈ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក​វ៉ាង វ៉េនប៊ីន​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​សកុន្ទរកថា​របស់​ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន។ លោក​ប៊្លីនកិន​ដែល​បាន​ថ្លែង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ ឧសភា​ថា ចិន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ចង់​កែប្រែ​សណ្តាប់ធ្នាប់​ពិភពលោក និង​តម្លៃសកល។ លោក​វ៉ាង វ៉េនប៊ីន​បាន​យល់​ឃើញ​ថា ពាក្យ​សម្តី​របស់​លោក​ប៊្លីនកិន​មាន​លក្ខណៈ​មូលបង្កាច់​ប្រទេស​ចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកវ៉ាង វ៉េនប៊ីន។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកវ៉ាង វ៉េនប៊ីន។ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

សម្រាប់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក​វ៉ាង វ៉េនប៊ីន សុន្ទរកថា​របស់​ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​មាន​គោលដៅ​បិទខ្ទប់ និង​រារាំង​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន និង​ដើម្បី​រក្សា​អនុត្តរភាព និង​អំណាច​របស់​អាមេរិក។ តាម​រយៈ​សុន្ទរកថា​មួយ​នេះ លោក​ប៊្លីនកិន​បាន​សាបព្រោះ​នូវ​ព័ត៌មាន​មិន​ពិត បាន​បំផ្លើស​ពី​ការ​គំរាមកំហែង​របស់​ចិន បាន​លូកដៃ​កកូរកកាយ​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​បាន​មូលបង្កាច់​នយោបាយ​ផ្ទៃក្នុង និង​នយោបាយ​ការបរទេស​របស់​ចិន នេះ​ជា​ការ​បន្ថែម​លោក​វ៉ាង វ៉េនប៊ីន។

ប្រតិកម្ម​វាយ​បក​ចាស់ដៃ​នឹង​អាមេរិក​បាន​ធ្វើ​ឡើង ក្រោយ​ពី​ប្រមុខ​ការទូតអាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​ថ្លែង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ ឧសភា​ថា ចិន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​មាន​បំណង​ចង់​ផ្លាស់ប្តូរ​សណ្តាប់ធ្នាប់​អន្តរជាតិ និង​មាន​លទ្ធភាព​កាន់​តែ​ច្រើន​ដើម្បី​ធ្វើ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច ការទូត យោធា និង​បច្ចេកវិទ្យា។ លោក​ប៊្លីនកិន​យល់​ថា ចក្ខុវិស័យ​របស់​ចិន​កំពុង​នាំ​ពិភពលោក​ឲ្យ​ចាកចេញ​ពី​តម្លៃ​សកល​ដែលបាន​គាំទ្រ​ដល់​ការ​រីកចម្រើន​ជាច្រើន​របស់​ពិភពលោក​នា​រយៈពេល ៧៥ឆ្នាំ​ចុង​ក្រោយ​នេះ។

នៅ​ក្នុង​សុន្ទរកថា​ដដែល លោក​ប៊្លីនកិន​ក៏​បាន​បរិហារ​លើ​អាកប្បកិរិយា​របស់​ចិន​ទៅ​លើ​តៃវ៉ាន់​ដោយ​មិន​ភ្លេច​បញ្ជាក់​ថា នយោបាយ​របស់​អាមេរិក​ចំពោះ​តៃវ៉ាន់​មិន​មាន​ការ​ផ្លាស់ប្តូរ​ទេ។ ការ​បញ្ជាក់​របស់​លោក​ប៊្លីនកិន​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​បាន​ថ្លែង​ដល់​ទៅ​ពីរ​ដង​នា​រយៈពេល​ចុង​ក្រោយ​នេះ​ដោយ​បញ្ជាក់​ថា អាមេរិក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ការពារ​តៃវ៉ាន់​តាម​ផ្លូវ​យោធា។ យ៉ាង​ណា​ក៏​ដោយ លោក​ប៊្លីនកិន​បាន​ធានា​ថា អាមេរិក​មិន​ស្វែង​រក​ជម្លោះ ឬ​បញ្ឆេះ​សង្រ្គាមត្រជាក់​ថ្មី​ទេ។

ផ្ទុយ​ទៅ​វិញ និង​បើ​តាម​លោក​ប៊្លីនកិន អាមេរិក​បាន​ប្តេជ្ញាចិត្ត​ដើម្បី​បញ្ជៀស​ជម្លោះ ឬ​សង្រ្គាមត្រជាក់​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ