អានតួអត្ថបទ

ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណជា ៦០នាក់ប្រឈមនឹងការបណ្តេញចេញពីថៃទៅភូមាវិញ

នៅ​ក្នុង​ប្រទេស​ថៃ មន្រ្តី​ប៉ូលិស​ម្នាក់​បាន​ថ្លែង​ក្នុង​ថ្ងៃ​អាទិត្យ ទី៥ មិថុនា​ពី​ការ​រក​ឃើញ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ចំនួន ៥៩នាក់ ក្នុង​នោះ​មាន​កូនក្មេង​ចំនួន ៥នាក់​នៅ​លើ​កោះ​មួយ​ស្ថិត​ប៉ែក​ខាង​ត្បូង។ តាម​មន្រ្តី​ប៉ូលិស​ថៃ​រូប​នេះ​ដដែល ជនជាតិ​រ៉ូហ៊ីងយ៉ា​ទាំង ៥៩នាក់​បាន​ភៀសខ្លួន​តាម​កាណូត​ចេញ​ពី​ភូមា​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី និង​ប្រហែល​ត្រូវ​បាន​ក្រុម​អ្នក​រត់ពន្ធ​មនុស្ស​ទម្លាក់​ចោល​នៅ​លើ​កោះ​នោះ។ ប៉ូលិស​ថៃ​បាន​បើក​ការ​ស៊ើបអង្កេត​ដើម្បី​ចង់​ដឹង​ថា តើ​ពួក​គេ​ជា​ជនរងគ្រោះ​ដោយ​ការ​រត់ពន្ធ​មនុស្ស ឬ​មួយ​បាន​ចូល​ទឹកដី​ថៃ​ដោយ​ខុស​ច្បាប់។

ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណជា ៦០នាក់ប្រឈមនឹងការបណ្តេញចេញពីថៃទៅភូមាវិញ
ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណជា ៦០នាក់ប្រឈមនឹងការបណ្តេញចេញពីថៃទៅភូមាវិញ AP
ផ្សាយពាណិជ្ជកម្ម

ការ​រក​ឃើញ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​ថៃ ទោះ​នៅ​រស់ ឬ​ស្លាប់​មិនមែន​ជា​រឿង​ថ្មី​ទេ ព្រោះ​ថៃ​ជា​ទឹកដី​ដែល​ពួក​អ្នកកាន់​សាសនា​អ៊ីស្លាម​រស់​ក្នុង​ប្រទេស​ភូមាមួយ​នេះ​បាន​ឆ្លង​កាត់​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។ ជា​រៀងរាល់​ឆ្នាំ មាន​ជនជាតិ​រ៉ូហ៊ីងយ៉ាង​ជា​ច្រើន​ពាន់នាក់​បាន​រត់ភៀសខ្លួន​ដោយ​ចំណាយ​លុយ​ច្រើន និង​ដោយ​ផ្សងសំណាង​តាម​ទូក​អស់​ជា​ច្រើន​ខែ។ ប៉ូលិស​ថៃ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ជនជាតិ​រ៉ូហ៊ីងយ៉ា​ទាំង ៥៩នាក់ ក្នុង​នោះ​មាន​ក្មេង ៥នាក់​ដែល​បាន​រក​ឃើញ​នៅ​លើ​កោះ​មួយ​បាន​ជាប់ចោទ​ពី​បទ​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ និង​ត្រូវ​ប្រឈម​ចាប់​បញ្ជូន​ទៅ​កាន់​ភូមា​វិញ។

តាម​សេចក្តីប្រកាសព័ត៌មាន​របស់​ប៉ូលិស​ថៃ​ដដែល ជនជាតិ​រ៉ូហ៊ីងយ៉ា​ទាំង ៥៩នាក់​មាន​សភាព​ហេវហត់ និង​ប្រហែល​ជា​គ្មាន​អ្វី​ទទួល​ទាន​តាំង​ពី ៣ថ្ងៃ ៥ថ្ងៃ​មក​ហើយ។ ពួក​រ៉ូហ៊ីងយ៉ា​បាន​ប្រាប់​ប៉ូលិស​ថៃ​ថា មាន​កាណូត​ចំនួន ៣គ្រឿង និង​មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា​សរុប​ចំនួន ១៧៨នាក់​បាន​ចាកចេញ​ពី​ភូមា និង​បង់ក្លាដែស​ដោយ​ម្នាក់​បាន​បង់លុយ​ចំនួន ១ ២០០ដុល្លារ។ នៅ​ក្នុង​ចំណោម​កាណូត​ទាំង ៣គ្រឿង មាន ២គ្រឿង​ដែល​ដឹក​ពួក​រ៉ូហ៊ីងយ៉ា​ចំនួន ១១៩នាក់​ត្រូវ​បាន​ប៉ូលិស​ម៉ាឡេស៊ី​ចាប់​ឃាត់ និង​មួយ​គ្រឿង​ទៀត​ត្រូវ​បាន​ម្ចាស់កាណូត​ដឹក​ទៅ​ទម្លាក់​លើ​កោះ​មួយ​របស់​ថៃ​ដោយ​បាន​ប្រាប់​ពួក​គេ​ថា​ជា​កោះ​របស់​ម៉ាឡេស៊ី។

ក្នុង​ខែ​ឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ ថៃ​បាន​រក​ឃើញ​សាកសព​ជនជាតិ​រ៉ូហ៊ីនយ៉ា​ចំនួន ១៤នាក់​ក្នុង​នោះ​មាន​ក្មេង​នៅ​លើ​ឆ្នេរ​មួយ​ក្រោយ​ពី​ពួក​បាន​ព្យាយាម​រត់​ចេញ​ពី​ភូមា។ គួរ​បញ្ជាក់​ថា ម៉ាឡេស៊ី​ដែល​ប្រជាជន​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជា​គោលដៅ​សំខាន់​របស់​ពួក​រ៉ូហ៊ីងយ៉ា​ដែល​រត់​ចេញ​ពី​ជំរំ​ជនភៀសខ្លួន​ក្នុង​ប្រទេស​បង់ក្លាដែស ឬ​រត់​គេច​ពី​ការ​ធ្វើ​ទុក​បុកម្នេញ​នៅ​ក្នុង​ប្រទេស​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ