អានតួអត្ថបទ
អាមេរិក-ភូមា-រ៉ូហ៊ីងយ៉ា

អាមេរិក​ចាត់​ទុក​ទង្វើ​របស់​កង​ទ័ព​ភូមា​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ថា​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍

នៅ​ថ្ងៃ​ចន្ទ ២១មី​នា​ ឆ្នាំ២០២២​នេះ សហរដ្ឋ​អាមេរិកនឹង​ប្រកាស​ជា​ផ្លូវ​ការ​ចាត់​ទុក​អំពើ​ហិង្សា​ប្រព្រឹត្តដោយ​កងទ័ព​ភូមា​លើ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ថា​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។​ ចំណាត់ការ​របស់​អាមេរិក​នេះ​ទទួល​បាន​ការ​ស្វាគមន៍​ភ្លាមៗ​ពី​សកម្មជន​សិទ្ធិមនុស្ស​ និង​សហគមន៍​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​អ៊ីស្លាម​។

FILE- In thisស្ត្រីចំណាស់ជនជាតិរ៉ូហ៊ីយ៉ាម្នាក់សម្រាកនៅក្នុងអង្រឹងដែលលីដោយកូន និងចៅប្រុសរបស់គាត់ក្នុងដំណើរសំដៅទៅមន្ទីរពេទ្យនៅឯជំរំជនភៀសខ្លួនKutupalong ក្នុងប្រទេសបង់ក្លាដែស។ នេះជារូបភាពឯកសារកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។
FILE- In thisស្ត្រីចំណាស់ជនជាតិរ៉ូហ៊ីយ៉ាម្នាក់សម្រាកនៅក្នុងអង្រឹងដែលលីដោយកូន និងចៅប្រុសរបស់គាត់ក្នុងដំណើរសំដៅទៅមន្ទីរពេទ្យនៅឯជំរំជនភៀសខ្លួនKutupalong ក្នុងប្រទេសបង់ក្លាដែស។ នេះជារូបភាពឯកសារកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។ AP - Dar Yasin
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​ចាត់​ទុក​ទង្វើ​របស់​កងទ័ពភូមា​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ថា​ជាអំពើ​ប្រល័យ​ពូជ​សាសន៍​ និង​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ នៅមួយខែក្រោយ​របប​សឹកភូមា​ឡើង​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ​ប្រឆាំង​នឹង​បទ​ចោទ​ប្រកាន់​ប្រល័យ​ពូជសាសន៍​រ៉ូហ៊ីងយ៉ា​នេះ​។

ប្រមុខការ​បរទេស​អាមេរិក​លោកអង់តូនី ប្ល៊ីងកិន​ នឹង​ប្រកាស​សេចក្តីសម្រេច​របស់​អាមេរិក​នាថ្ងៃចន្ទនេះ​នៅក្នុងសុន្ទរកថាមួយ​ នៅឯ​សារមន្ទីរ Holocaust ក្នុងទីក្រុង​វ៉ាស៊ីនតោន​ដែលជាទី​មានតាំងពិព័របង្ហាញផង​ពី​ដំណើរឆ្ពោះទៅកាន់​អំពើប្រល័យពូជសាសន៍​របស់យោធា​ភូមា​។

តំណាង​សហគមន៍​រ៉ូហ៊ីយ៉ា​បាននិយាយថា​ទង្វើ​របស់​កង​ទ័ព​ភូមា​គួរតែ​ត្រូវ​បាន​ចាត់​ទុក​ជាអំពើ​ប្រល័យពូ​ជសាសន៍តាំង​ពីមុនមក​ តែយ៉ាងណាក៏ដោយ​សហគមន៍​រ៉ូហ៊ីងយ៉ា ជឿថា​ចំណាត់ការ​ថ្មីរបស់​អាមេរិក​នឹង​ជួយ​ជម្រុញ​ដល់​ដំណើរការ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្នុងទី​ក្រុង​ឡាអេ​។

ស្រដៀងគ្នានេះ​ អ្នកស្រី​ Thin Thin Hlaing​ សកម្មជន​សិទ្ធិ​ជនជាតិភាគ​តិច​រ៉ូហ៊ីយ៉ាក៏បាន​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​របស់​អាមេរិក​ដែរ។ អ្នកស្រី​បាន​មាន​ប្រសាស៍ថា​ពីមុន អ្នកស្រីមាន​អារម្មណ៍​ថា​ជនជាតិ​រ៉ូហ៊ីងយ៉ា​កំពុង​រស់​នៅ​ក្នុង​សភាព​ងឹងឹត​ស្លុប ប៉ុន្តែ​ឥឡូវ​នេះ​ពួកគេ​មើល​ឃើញ​ពន្លឺ​មួយហើយ​ ពីព្រោះ​ថា​នៅ​ទីបំផុត​ទៅអន្តរជាតិ​ទទួល​ដឹង​ឮ​ពី​ការ​រង​ទុក្ខវេទនា​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​។

គួររំឭកថា​ ប្រតិបត្តិការបង្ក្រាប​របស់​កង​ទ័ព​ភូមា​ទៅលើសហគមន៍​រ៉ូហ៊ីងយ៉ា​ដែលផ្តើមឡើងក្នុង​ឆ្នាំ២០១៧​ បានបណ្តាលឲ្យស្លាប់​មនុស្ស​ច្រើនជាង​ ១ ៥០០នាក់ និង​រុញច្រានឲ្យ​ជន​ជាតិ​រ៉ូហ៊ីងយ៉ាប្រមាណ​៨សែន​ ៥ម៉ឺននាក់​រត់​ទៅ​រស់​នៅក្នុង​ជំរំ​​ឯ​ប្រទេស​បង់ក្លាក្បែរខាង​។

ក្រៅពីនេះ នៅមានសេចក្តីរាយការណ៍ជាច្រើនទៀតអំពីករណីរំលោភសេពសន្ថវៈ និងការធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ៦សែននាក់ដែលកំពុងរស់នៅក្នុងរដ្ឋរ៉ាឃីនរបស់ប្រទេសភូមា។

តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ចោទ​ប្រកាន់​ទង្វើ​របស់​កងទ័ពភូមា​ថា​ជាអំពើ​ប្រល័យ​ពូជ​សាសន៍​លើ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា ​កាន់​សាសនា​អ៊ីស្លាម​ និង​ទើបតែ​បាន​បើក​សវនាការជាថ្មី​ទាក់ទិនសំណុំរឿងនេះ​កាលពីមួយខែមុន​ ពោលគឺ​នៅថ្ងៃ​ទី២១ កុម្ភៈ​ ឆ្នាំ​២០២២​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ