អានតួអត្ថបទ
ថៃ-ជនភៀសខ្លួន

ពួក​ជួញដូរ​មនុស្ស​ទម្លាក់​​​ជនភៀសខ្លួន​រ៉ូហីងយ៉ា​ចោល​​នៅ​​កណ្តាល​​​ព្រៃ​​​​ប្រទេស​​ថៃ​​

ជន​ភៀសខ្លួន​ភាគ​តិច​រ៉ូហីងយ៉ាង​ជា​ច្រើន​គ្រួសារ​ត្រូវ​បាន​ក្រុមជួញដូរមនុស្ស​ បោះបង់​ចោល​នៅ​ក្នុង​ព្រៃ​ប្រទេស​ថៃ មួយ​ឆ្នាំ​ក្រោយពី​ប៉ូលីស​ថៃ បាន​បើក​ប្រតិបត្តិការ​យ៉ាង​ធំធេង​​​ព័ទ្ធចាប់​​​បណ្តាញ​ពួក​ជួញ​ដូរ​មនុស្ស​​ដែល​ជា​ប្រភព​នៃ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​ក្នុង​តំបន់។

ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាស មកពី​ភូមា នៅក្បែរឆ្នេរ ប្រទេស​ឥណ្ឌូណេស៊ី
ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាស មកពី​ភូមា នៅក្បែរឆ្នេរ ប្រទេស​ឥណ្ឌូណេស៊ី REUTERS
ផ្សាយពាណិជ្ជកម្ម

យោងតាម​មន្ត្រី​ប៉ូលីស​ថៃ​ម្នាក់​នៅ​ក្នុង​ខេត្ត​ Chumporn ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ជន​ភៀសខ្លួន​រ៉ូហីងយ៉ា​​១៤​នាក់​រួម​ទាំង​កូន​ក្មេងៗ​​ផង​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ព្រៃ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៦​ព្រឹក។

 

គឺ​ជា​ជនជាតិ​ភាគ​តិច​នៃ​សហគមន៍​មូស្លីមរ៉ូហីងយ៉ា​ដែល​ត្រូវ​បាន​ពួកមេខ្យល់បោះបង់​​ចោល​នៅ​ក្បែរ​ប៉ុស្តិ៍​ប៉ូលីស​មួយ​។ មន្ត្រីប៉ូលិសថៃ បានគូសបញ្ជាក់ទៀតថា” ​ពួក​រ៉ូហីងយ៉ា​ទាំងនោះ បាន​ធ្វើ​ដំណើរ​ចូល​មកក្នុង​ប្រទេស​ថៃ​តាម​ផ្លូ​វ​គោគ ដោយ​ជិះ​​រថយន្ត​ក្រុង​ឬ​រថយន្ត​ដឹកទំនិញ​​បើកបរ​ដោយ​ពួក​​អ្នក​រត់​ពន្ធ​មនុស្ស។

 

កាលពី​ខែ​ឧសភា​ឆ្នាំ ២០១៥​ ដោយការ​ភិតភ័យ​ចំពោះ​នយោបាយ​ថ្មី​របស់ប្រទេស​​ថៃ ក្នុងការបង្រ្កាប​តាម​ចាប់អ្នកជួញដូរមនុស្ស​ ពួកគេ ក៏​បាន​សម្រេចចិត្ត​បោះបង់​​ចោលជន​អន្តោប្រវេស្តន៍​រាប់ពាន់​នាក់​នៅ​ក្នុង​ឈូងសមុទ្រ​បឹងហ្គាល់។

 

គួររំលឹកថា ប្រទេស​ថៃ​គឺ​ជា​ច្រក​ដ៏សំខាន់មួយរបស់​​​ជន​ភៀសខ្លួន​ដើម្បីធ្វើដំណើរ​ទៅ​កាន់​​ម៉ាឡេស៊ី។ ប៉ុន្តែឥឡូវនេះ អាជ្ញាធរថៃធ្វើការឹតបន្តឹងការត្រួតពិនិត្យនៅតាមគ្រប់ច្រកល្ហកដូចជាតាមបណ្តោយព្រំដែនទាំង​ជើង​គោគនិង​ទាំង​​ជើង​ទឹក ដូច្នេះហើយ​បាន​ជា​ ជនភៀសខ្លួន​រ៉ូហីងយ៉ា​ភាគច្រើនធ្វើដំណើរតាមផ្លូវគោគវិញ​ម្តង។​

នៅ​ភូមា សហគមន៍ រ៉ូហីងយ៉ា មាន​គ្នា​ប្រមាណ​ជា ១លាន​៣​សែន​នាក់ និងត្រូវ​បាន​គេចាត់​ទុក​ថា​
ជា​ជនជាតិ​ភាគ​តិច​មួយ​ដែល​ទទួលរង​ទុកបុកម្នេញ​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ពិភពលោក។  ក៏ប៉ុន្តែ ស្ថានភាពដ៏មហន្តរាររបស់​ពួក​គេ បែរ​ជា​ត្រូវ​បាន​ប្រទេស​នៅ​តំបន់​អាស៊ី​អាគេ្នយ៍​ធ្វើ​ព្រងើយ​កន្តើយ​​ទៅ​វិញ។

ម្យ៉ាងទៀត នៅភូមា ពួក​អ្នក​កាន់ពុទ្ធសាសនា​ជ្រុលនិយម ​កាន់តែ​បង្កើន​អំពើ​ហិង្សា​កោងកាច​យ៉ាង​ខ្លាំង​ធ្វើ​ទៅ​លើ​សហគមន៍​មូស្លីម​រ៉ូហិងយ៉ា ជាពិសេសអំពើហិង្សានៅឆ្នាំ​២០១២ បាន​សម្លាប់​ជីវិតមនុស្សជាង​២០០នាក់ និងបណ្តាលឲ្យជន​រងរបួស​ជាង​១៤​ម៉ឺននាក់ភាគ​ច្រើន​ជាជនមូស្លីម។

ដោយសារអំពើរើសអើងពូជសាសន៍និងអំពើហិង្សានេះ​ហើយ បានជា​ជនភៀសខ្លួនរ៉ូហីងយ៉ា​រាប់ពាន់​នា​អំឡុងប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ បានសម្រេចចិត្ត​រត់​គេច​ចេញ​ពី ​ប្រទេស​ភូមា​ តាម​ផ្លូ​វ​សមុទ្រ​ដើម្បីរត់ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ