អានតួអត្ថបទ
ភូមា-រ៉ូហ៊ីងយ៉ា

របបសឹកភូមាឡើង​តុលាការយុត្តិធម៌​អន្តរជាតិ ប្រឆាំង​នឹង​បទចោទ​ប្រកាន់​ប្រល័យ​ពូជសាសន៍​​រ់ូហ៊ីងយ៉ា

នៅថ្ងៃ​ចន្ទ ទី២១ កុម្ភៈ ២០២២នេះ​ របបសឹកភូមា បាន​ចេញ​មុខ​ជំនួស​លោកស្រី​អ៊ុងស៊ាន​ស៊ូជី នៅ​​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ​ក្រុង​ឡាអេ ដើម្បី​តតាំង​ជាមួយ​តុលាការ​ ក្នុង​សំណុំរឿង​ចោទប្រកាន់ភូមា​ប្រព្រឹត្ត​​​​អំពើ​ប្រល័យ​ពូជសាសន៍លើ​​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា ​កាន់​សាសនា​អ៊ីស្លាម។

របបសឹកភូមា ឡើងទៅ​តតាំង​នៅ​តុលាការយុត្តិធម៌​អន្តរជាតិ ប្រឆាំង​នឹង​បទ​ចោទ​ប្រកាន់​ប្រល័យ​ពូជសាសន៍​រ៉ូហ៊ីងយ៉ា
របបសឹកភូមា ឡើងទៅ​តតាំង​នៅ​តុលាការយុត្តិធម៌​អន្តរជាតិ ប្រឆាំង​នឹង​បទ​ចោទ​ប្រកាន់​ប្រល័យ​ពូជសាសន៍​រ៉ូហ៊ីងយ៉ា © ICJ - UN Photo/ICJ-CIJ/Frank van Beek
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​​បើក​សវនាការ​ដំបូង​កាលពី​ឆ្នាំ​២០១៩ ​លោកស្រី អ៊ុងសានស៊ូជី បាន​ដឹកនាំ​ប្រតិភូ ​ ​ឡើង​ទៅ​ការពារ​ក្តី​នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ក្រុងឡាអេ​ដោយ​ផ្ទាល់​តែម្តង។ ប៉ុន្តែពេលនេះ​ លោកស្រី​ជ័យលាភី​បាន​ធ្លាក់​​ពី​អំណាច​ និង​កំពុង​ជាប់​ឃុំ​ដោយ​ក្រុមយោធា​ដែល​លោកស្រី​ធ្លាប់​បាន​ការពារ​នៅឡាអេ។

ដូច្នេះ​នៅលើកនេះ របប​សឹក​ត្រូវ​ការពារ​ខ្លួន​ដោយ​ខ្លួន​ឯង ដោយ​បញ្ជូន​ប្រតិភូ​ក្រុមថ្មី ដឹកនាំ​ដោយ​លោក កូកូឡាំង Ko Ko Hlaing រដ្ឋមន្ត្រីក្រសួង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​លោកស្រី​រដ្ឋ​អាជ្ញា ធីតា អូ Thida Oo។ ​តំណាង​របប​សឹក​ទាំង​ពីរ​រូបនេះ ​បាន​ជាប់​ទណ្ឌកម្ម​ អាមេរិក​តាំងពី​រដ្ឋប្រហារ​ថ្ងៃទី ១កុម្ភៈ​២០២១មក។ ក្នុង​សវនការ​ដែល​ប្រព្រឹត្ត​ទៅ​តាម​ប្រព័ន្ធ​វីដេអូ​ខុនហ្វេរិន ភាគី​យោធា​ភូមា​នឹងមាន​កម្មវត្ថុ​ចម្បងមួយ​គឺ​ធ្វើ​យ៉ាងណា​បញ្ជាក់​ថា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​ជាស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ គ្មាន​សមត្ថកិច្ច​ក្នុង​សំណុំ​រឿង​នេះ​ទេ។

ចំណែក​ប្រទេស​ហ្កំប៊ី ដែល​បាន​​ដាក់​​បណ្តឹង ក្នុង​នាម​អង្គការ​សន្និសីទ​អ៊ីស្លាម ​នឹង​បង្ហាញ​សក្ខីកម្ម​បញ្ច្រាសវិញ​​នៅ​ថ្ងៃ​ពុធ​ទី​២៣កុម្ភៈ​២០២២។ សម្រាប់ហ្កំប៊ី ក្រុមកាន់អំណាចនៅ​ភូមា ​បាន​រំលោភ​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិឆ្នាំ​១៩៤៨​​ស្តីពី​អំពើ​ប្រល័យ​ពូជសាសន៍​។ ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា កាន់​សាសនាអ៊ីស្លាម​ ប្រមាណ​៨សែន​៥ម៉ឺននាក់ បាន​បង្ខំ​ចិត្ត​រត់​ទៅ​រស់​នៅក្នុង​ជំរំ​ជនភៀស​ខ្លួន​នៅ​ប្រទេស​បង់ក្លាដែល បន្ទាប់​ពី​ក្រុមយោធា​ភូមាបានបើកប្រតិបត្តិការ​បង្ក្រាប​ជនរ៉ូហ៊ីងយ៉ា​​ ស្លាប់​អស់​ជាង​១៥០០នាក់ កាលពី​ឆ្នាំ ២០១៧។

មុន​សវនាការ​ថ្ងៃចន្ទនេះ​ រដ្ឋាភិបាល​រួបរួម​ជាតិ​ភូមា ដែល​ជា​រដ្ឋាភិបាល​ស្រមោលបង្កើត​ឡើង​ដោយ​ក្រុម​តំណាង​រាស្ត្រ​និរទេស​ខ្លួន បាន​អះអាង ក្រុមខ្លួនសម​​ជា​តំណាង​ភូមា​ មិនមែនក្រុម​រដ្ឋាភិបាល​សឹក​ទេ ដែល​ត្រូវ​ឡើង​ទៅ​តតាំងនៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ពេល​នេះ។ ប៉ុន្តែ​គ្មាន​អន្តរជាតិ​ណាទទួល​ស្គាល់​រដ្ឋាភិបាល​បង្រួបបង្រួម​ដែល​រដ្ឋាភិបាលសឹក​ភូមា​ចាត់​ទុក​ជា​ក្រុមភេរវជននេះ​ទេ។

សាលក្រម​​របស់​តុលាការយុត្តិធម៌​អន្តរជាតិ មាន​តម្លៃ​ខ្លាំង​ណាស់ ប៉ុន្តែ​តុលាការ​គ្មាន​មធ្យោបាយ​ពិត​ប្រាកដ​ដាក់​បង្ខំ​ឱ្យ​ភាគី​ពាក់ព័ន្ធ​អនុវត្ត​ទេ។ ហើយរដ្ឋប្រហារ​យោធា​នៅ​ភូមា​ បាន​ធ្វើ​ឱ្យ​​សវនាការ​ស្តី​បទចោទ​ប្រកាន់​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នេះ​កាន់​តែ​ស្មុគស្មាញ​មួយ​កំរិតទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ