អានតួអត្ថបទ
ចិន-តៃវ៉ាន់

ចិន​បន្ត​ធ្វើ​​សមយុទ្ធជុំ​វិញ​​តៃវ៉ាន់​ ចំពេល​តៃប៉ិ​ផ្តើម​លំហាត់​សឹកដែរ

ទោះ​បី​មាន​សេចក្តី​អំពាវនាវ ពី​សំណាក់​ក្រុម​លោក​ខាង​លិច និង​ជប៉ុន​យ៉ាងណា​ក៏​ដោយ ក៏ចិន​មិន​ធ្វើ​ឮ​ដែរ។ ចិន​នៅ​តែ​បន្ត​សម្តែង​កំហឹង​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​នៅ​​តៃវ៉ាន់របស់​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី​ ដដែល ដោយ​មិន​បញ្ឈប់​សកម្មភាព​យោធា​នៅជុំ​វិញ​កោះ​តៃវ៉ាន់​ទេ។ សមយុទ្ធទ្រង់ទ្រាយ​ធំ​​របស់កងទ័ព​ចិន ដែល​តាម​គម្រោង​ត្រូវ​ចប់​ត្រឹម​ថ្ងៃអាទិត្យ​ទី ៧​សីហា នៅ​តែ​បន្ត​ធ្វើ​ទៀត នៅថ្ងៃចន្ទទី ៨​សីហានេះ។

កងទ័ព​អាកាសចិន ធ្វើសមយុទ្ធ​ជុំវិញ​កោះ​តៃវ៉ាន់​ ថ្ងៃ​ទី ៧ សីហា ២០២២
កងទ័ព​អាកាសចិន ធ្វើសមយុទ្ធ​ជុំវិញ​កោះ​តៃវ៉ាន់​ ថ្ងៃ​ទី ៧ សីហា ២០២២ AP - Wang Xinchao
ផ្សាយពាណិជ្ជកម្ម

“កងទ័ពរំដោះ​​ប្រជាជន​ចិន បន្ត​ធ្វើ​លំហាត់​អនុវត្ត​អន្តរយោធា ក្នុង​ផ្ទៃ​សមុទ្ទ​ និង​លើ​​អាកាស​ជុំ​វិញ​តៃវ៉ាន់​ ដោយ​ផ្ចង់លើ​​ប្រតិបត្តិការ​រួម​ រវាង​កងកម្លាំង​ប្រឆាំង​នាវាមុជទឹក និង​កងកម្លាំងវាយលុក​តាម​ផ្លូវ​សមុទ្ទ”។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់ទី​​បញ្ជាការ​ដ្ឋាន​ខាង​កើត​នៃកងទ័ព​ចិន។ ប៉ុន្តែ​អាជ្ញាធរ​ចិន មិន​បានបញ្ជាក់ អំពី​​​​ទីតាំង​ឬ​កន្លែង​ធ្វើ​សមយុទ្ធទេ ហើយ​ក៏​មិន​លម្អិត​ថា​នឹង​មាន​ការ​បាញ់​គ្រាប់​ពិត​ឬ​អត់ ឡើយ។

តាំងពី​ថ្ងៃព្រហស្បតិ៍​ទី ៤សីហា​មក កងទ័ព​ចិន​បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ ​មាន​ទាំង​យន្តហោះប្រដេញ​ នាវាចម្បាំង ដ្រូន និង​ដោយ​បាញ់​គ្រាប់​ពិត ជា​មីស៊ីល នៅ៦កន្លែងសំខាន់ៗ ក្នុង​ផ្ទៃ​សមុទ្ទ​ជុំ​វិញ​កោះ​តៃវ៉ាន់។ ​នៅចំពោះ​មុខ​​​លំហាត់​សឹក​ ដ៏​ធំ​សម្បើម​ជាប្រវត្តិសាស្ត្រ​របស់​ចិននេះ​ ​​ប្រមុខ​ការទូតនៃ​ក្រុម​ប្រទេស​មហាឧស្សាហកម្ម​ទាំង​៧ (សហរដ្ឋ​អាមេរិក ជប៉ុន បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា​និង​អង់គ្លេស) បាន​រិះគន់​ថា​ចិន​ធ្វើ​ជ្រុល​ហួសហេតុ​។ ជា​មួយ​សមភាគី​ជប៉ុន​និង​អូស្ត្រាលី លោក​អង់តូនី ប្លីងកិន​ រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​អំពាវនាវ​ឱ្យ​ប៉េកាំង បញ្ឈប់​សមយុទ្ធ។ ប៉ុន្តែ​ការហាត់សម​​​ព័ទ្ធ​​កោះ​តៃវ៉ាន់ មិន​បាន​​បិទបញ្ចប់ ដូច​​គម្រោង​ប្រកាស​ដំបូង ត្រឹម​ ​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ថ្ងៃអាទិត្យ​ទី ៧​សីហាទេ។

​នៅថ្ងៃ​ចន្ទនេះ ចិនបន្តធ្វើ​សមយុទ្ធ​ជុំ​វិញ​កោះ​តៃវ៉ាន់​ទៀត។ អ្វី​ជា​ការ​គួរ​ឱ្យកត់​សម្គាល់ ​ការ​​បន្ត​សមយុទ្ធរបស់ចិន​ ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ដែល​តៃវ៉ាន់​ត្រូវ​ផ្តើម​ធ្វើ​លំហាត់​សឹក​របស់​ខ្លួ​ន​ដែរ។ នៅ​​ថ្ងៃអង្គារ ​​ទី​៩​សីហា​ ​និង​ថ្ងៃ​ព្រហស្បតិ៍ កងទ័ព​តៃវ៉ាន់​ជា​ច្រើន​រយនាក់ ប្រដាប់​​ដោយ​អាវុធធុន​ធ្ងន់ នឹង​ជួប​ប្រជុំ​គ្នា​ធ្វើ​លំហាត់​សឹក​ប្រយុទ្ធ​តតាំង​នឹង​ការ​ចូល​ឈ្លានពាន​របស់​សត្រូវ នៅ​តំបន់​ប៉ែក​ខាងត្បូង​បំផុត​នៃ​កោះ។ បើ​តាម​អ្នកនាំពាក្យ​យោធា​ សមយុទ្ធ​របស់​តៃវ៉ាន់ ជា​គម្រោង​ដែល​រៀប​ចំ​ឡើង​តាំងពី​យូរ មិនមែន​ជាប្រតិកម្ម​តបត​ទៅ​នឹង​លំហាត់​សឹក​របស់​កងទ័ព​ចិន​ពេល​នេះ​ទេ។ តៃវ៉ាន់ តែង​តែ​ធ្វើ​សមយុទ្ធ​ ត្រៀម​ប្រឈម​នឹង​ការ​ឈ្លានពាន​របស់​ចិន​ និងបាន​​ហាត់​ប្រយុទ្ធ​បណ្តេញ​សត្រូវ​ដែល​វៃចូល​តាម​សមុទ្ទផង កាលពី​ខែ​មុន ក្នុង​ក្របខ័ណ្ឌ​នៃសមយុទ្ធ​ប្រចាំ​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ