អានតួអត្ថបទ
ប៉ាគីស្ថាន-វិបត្តិនយោបាយ

អតីត​នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីមរ៉ាន់ខាន់ ប្រឈមនឹង​ការ​ចាប់ខ្លួន

នៅថ្ងៃចន្ទទី ២២​សីហា​នេះ ប្រមុខ​ដឹកនាំបក្ស​ប្រឆាំង​ប៉ាគីស្ថាន បាន​ព្រមាន​អាជ្ញាធរ​កាន់​អំណាច ​ថាកន្លង​បន្ទាត់​ក្រហម បើ​ហ៊ាន​ចាប់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី អ៊ីនរ៉ាន់ខាន់។ ដើម្បី​រារាំង​ប៉ូលិស សកម្មជន​បក្ស​គាំទ្រ​ជា​ច្រើន​ពាន់​នាក់​បានមក​ជួប​ជុំ​​​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​គេហដ្ឋាន​លោក អ៊ីមរ៉ាន់ខាន់ តាំងពី​ថ្ងៃអាទិត្យមក។ រដ្ឋាភិបាល​ចម្រុះ​ប៉ាគីស្ថាន បាន​បើក​អង្កេត​ប្រឆាំង​នឹង​លោក​ ក្រោយ​​សុន្ទរកថាបែប​​វាយប្រហារ​លើ​ស្ថាប័ន​ប៉ូលិស​និង​តុលាការ កាលពី​ថ្ងៃសៅរ៍ទី ២០​សីហា។

សកម្មជន​គាំទ្រ​លោក​អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន អ៊ីនរ៉ាន់ ខាន់ ជួប​ជុំ​យប់​ថ្ងៃទី ២០ សីហា ២០២២
សកម្មជន​គាំទ្រ​លោក​អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន អ៊ីនរ៉ាន់ ខាន់ ជួប​ជុំ​យប់​ថ្ងៃទី ២០ សីហា ២០២២ © Farooq Nalem / AFP
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​នយោបាយ​ប៉ាគីស្ថាន បន្ត​តាន​តឹង​ ! សកម្មជនជា​ច្រើន​រយ​នាក់ ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​ចន្ទ​នេះ នៅ​មុខ​គេហដ្ឋាន​លោក អ៊ីមរ៉ាន់ខាន់ ដោយ​មាន​លើក​បដា​ គ្រវី​ទង់ជាតិ​គណបក្ស Tehreek-e-insag (PTI) ចលនា​ប៉ាគីស្ថាន​ដើម្បី​យុត្តិធម៌ របស់​​លោក​ អ៊ីនរ៉ាន់ខាន់ផង។ បាតុកម្ម​នេះ​ ជា​សម្តែង​ការ​គាំទ្រ​ដល់​មេដឹកនាំ​នយោបាយ​ផង និង​ជាខែល​ការពារ​មិន​ឱ្យ​ប៉ូលិស​អាច​ចូល​ចាប់​លោក​អតីត​នាយករដ្ឋមន្ត្រី​ផង។ ក្រុម​បាតុករ​បាន​ព្រមាន​ទៀត​ថា នឹង​ដណ្តើម​យក​រដ្ឋធានី​ប្រសិនបើ​អាជ្ញាធរ​ពិត​ជា​ហ៊ាន​ចាប់​ខ្លួន​ប្រមុខ​ដឹកនាំបក្ស​របស់​ពួកគេ។

សូម​រំលឹក​ថា តាំង​ពី​ធ្លាក់​ពីតំណែង​នៅ​ថ្ងៃទី ១០ មេសា២០២២ ដោយ​ញត្តិចាប់​ថ្នាក់​មក​ លោក អ៊ីនរ៉ាន់ខាន់ អតីត​តារា​ឯកផ្នែក​កីឡា​គ្រីកេ បាន​រៀប​ចំ​ការ​ជួបជុំ​ធំៗ ​ព្រមាន​មិន​ឱ្យ​​ស្ថាប័ន​រដ្ឋ​ផ្សេងៗ​ រាប់​ទាំង​យោធា​ដ៏​មានអំណាច​ គាំទ្រ​រដ្ឋាភិបាល​ចម្រុះ​ទេ។ ​ គ្រប់​សកម្មភាព​របស់​លោក មាន​កម្មវត្ថុ​​ចម្បងតែ​មួយ គឺ​ទាមទារ​ឱ្យ​មានការ​បោះឆ្នោត​ទូទៅ​មុន​អាណត្តិ​ តែ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គូប្រជែង​នយោបាយ​ធ្វើ​មិន​ឮ។ នៅ​អាទិត្យ​ទី ២១​សីហា អតីត​នាយករដ្ឋមន្ត្រី​អស់​តំណែង​នេះ បាន​រិះគន់​មេប៉ូលិសក្រុង​អ៊ីស្លាម៉ាបាត ​និង​ចៅក្រម​ម្នាក់​ដែល​ចាប់ឃុំ​ខ្លួន​ និង​ធ្វើ​ទារុណកម្ម​ ​អ្នក​ទទួល​ខុស​ត្រូវ​បក្ស PTI ​ម្នាក់ ក្នុង​មន្ទីរ​ឃុំឃាំង តាំង​ពី​មួយ​សប្តាហ៍​មក​ហើយ។

ប៉ូលិស​ប៉ាគីស្ថាន មិនមើល​ស្រាល​ពាក្យ​ព្រមាន​របស់​លោក​អ៊ីនរ៉ាន់ខាន់​ទេ។ បន្ទាប់ពី​ហាមឃាត់​មិន​ឱ្យ​ទូរទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់​សុន្ទរកថា​លោកអ៊ីនរ៉ាន់ខាន់ ក្រោម​ហេតុផល​ថា​អាច​មាន​ខ្លឹមសារ​ញុះញង់​បែប​ស្អប់​ខ្ពើម ហើយ​បង្ក​ឱ្យ​មាន​អស្ថិរភាព​ជាតិ នៅថ្ងៃ​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ប៉ូលិស​ប៉ាគីស្ថាន​បានប្រកាស​​បើក​អង្កេត​ប្រឆាំង​នឹង​លោក​អ៊ីនរ៉ាន់ខាន់ ពីបទ​បាន​រំលោភ​ច្បាប់​ប្រឆាំងភេវកម្ម។ នេះ​ជា​ដំណាក់កាល​ទី​មួយ​ មុន​នឹង​ឈាន​ដល់​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ និង​ការ​ចាប់​ខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ