អានតួអត្ថបទ
អ៊ីរ៉ង់-ច្បាប់សាសនាអ៊ីស្លាម

សម្ពាធកាន់តែខ្លាំងនៅពេលដែលការបាតុកម្មនៅអ៊ីរ៉ង់ បន្តចូលដល់សប្តាហ៍ទី ៤

កំហឹងជាសាធារណៈ បានផ្ទុះឡើងដោយសារការស្លាប់​របស់​ស្រ្តី​វ័យក្មេង​ម្នាក់ បីថ្ងៃបន្ទាប់ពីនាងត្រូវបានចាប់ខ្លួននៅទីក្រុង តេហេរ៉ង់ ដោយប៉ូលីសសីលធម៌។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងព្រោះ នាងមិនបានស្លៀកពាក់សមរម្យ ទៅតាម​ការចែង​របស់​ច្បាប់សាសនា​អ៊ីស្លាម នៅ​អ៊ីរ៉ង់។ ៤សប្តាហ៍បានកន្លងទៅ រលកនៃភាពចលាចលនៅតែបន្ត រីករាលដាលពេញប្រទេស ជាហេតុធ្វើរដ្ឋាភិបាលបារាំងកាលពីថ្ងៃសុក្រម្សិលមិញប្រកាសណែនាំ ជនជាតិរបស់ខ្លួនឲ្យ ចាកចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់។

អ្នក​តវ៉ា​ម្នាក់​ដែល​ពាក់​លាប​មុខ​ចូល​រួម​បាតុកម្ម​គាំទ្រ​ស្ត្រី​អ៊ីរ៉ង់ Mahsa Amini ​នៅ​ថ្ងៃ​ទី ២ ខែ​តុលា ឆ្នាំ ២០២២។
អ្នក​តវ៉ា​ម្នាក់​ដែល​ពាក់​លាប​មុខ​ចូល​រួម​បាតុកម្ម​គាំទ្រ​ស្ត្រី​អ៊ីរ៉ង់ Mahsa Amini ​នៅ​ថ្ងៃ​ទី ២ ខែ​តុលា ឆ្នាំ ២០២២។ © AFP - STEFANO RELLANDINI
ផ្សាយពាណិជ្ជកម្ម

មកដល់ពេលនេះបើយោងតាមការស៊ើបអង្កេតរបស់អ៊ីរ៉ង់ ការពិត Mahsa Amini បាន​ស្លាប់​ដោយ​ជំងឺ​រ៉ាំរ៉ៃ ផ្ទុយ​ពី​អ្វី​ដែល​សាធារណជនបាន​ស្មាន គិតថាជាទង្វើរបស់ប៉ូលីស។ តែទោះជាយ៉ាងនេះក្តី ការខឹងសម្បារនៅតែបន្ត បណ្តាលឲ្យមាន អំពើហឹង្សាតាមដងផ្លូវ ប៉ះពាល់ដល់អាយុជីវិតមនុស្សរាប់សិបនាក់។ ការប្រមូលផ្តុំគ្នាបាតុកម្មភាគច្រើនកើតឡើង នៅក្នុងសាកលវិទ្យាល័យ និងតាមសាលារៀនទូទាំងប្រទេស។

កាលពីថ្ងៃសៅរ៍ ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កាត់​បន្ថយ​កំហឹង​របស់​សិស្ស ប្រធានាធិបតីអ៊ីរ៉ង់ បានចូលរួមប្រារព្ធពិធីចាប់ផ្តើមឆ្នាំសិក្សាថ្មី ជាមួយសិស្សនិស្សិតស្រីនៅសាកលវិទ្យាល័យមួយ នៅទីក្រុងតេហេរ៉ង់។

យ៉ាងនេះក្តីបាតុកម្មនៅតែបន្ត សិស្សជាច្រើនបានដើរដង្ហែរតាមដងផ្លូវ។ សិស្សស្រីដោះគ្រវីកន្សែងទទូរក្បាល និងស្រែកទាមទារ​សិទ្ធិ ស្ត្រី ជីវិត និង សេរីភាព។ អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅទីក្រុងអូស្លូ និយាយថា បាតុករយ៉ាងតិច ៩២នាក់បានស្លាប់នៅក្នុងការបង្ក្រាបរបស់ប៉ូលីស។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ថ្នាក់រៀនត្រូវបានផ្អាកចាប់តាំងពីថ្ងៃច័ន្ទមក នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រកំពូលរបស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានជម្លោះហិង្សារវាងនិស្សិត និងកងកម្លាំងសន្តិសុខ រហូតដល់មានការប្រើឧស្ម័នបង្ហូរទឹកភ្នែក និងអាវុធបង្ក្រាបផ្សេងៗទៀត។

ប្រធានាធិបតីអ៊ីរ៉ង់ ដែលជាអ្នកអភិរក្សជ្រុលនិយម បានអំពាវនាវឱ្យមានឯកភាពឡើងវិញ។ នេះបន្ទាប់ពីលោកបានបានអំពាវនាវឱ្យមានការរីតបណ្តឹងច្បាប់សាសនាអ៊ីស្លាម កាលពីខែកក្កដាកន្លងទៅ។ លោកបាន​ចោទប្រកាន់ ប្រទេសលោកខាងលិច ថាបាន​ញុះញង់​ឱ្យ​មានការ​តវ៉ានៅអ៊ីរ៉ង់។  ជាក់ស្តែង​កាលពី​សប្តាហ៍​មុន​ ប៉ូលីសបាន​ចាប់ខ្លួនជនបរទេស​ប្រាំបួន​នាក់​ ​មកពី​ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ និង​ហូឡង់។

រដ្ឋាភិបាលបារាំងកាលពីថ្ងៃសុក្របានណែនាំជនជាតិរបស់ខ្លួន ឲ្យចាកចេញពីប្រទេសអ៊ីរ៉ង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះ ពួកគេកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃការចាប់ខ្លួន ការឃុំខ្លួនដោយបំពាន និងការកាត់ក្តីដោយអយុត្តិធម៌។

កាប្រកាសរបស់​រដ្ឋាភិបាល​បារាំងកើតឡើង បន្ទាប់ពីទូរទស្សន៍រដ្ឋអ៊ីរ៉ង់ចាក់ផ្សាយ សម្តីសារភាពរបស់ជនជាតិបារាំងពីរនាក់ នៅប្រាំខែបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន នៅក្នុងសាធារណរដ្ឋអ៊ីស្លាម ពីបទព្យាយាមបង្កចលាចលអំឡុងពេលកូដកម្មរបស់គ្រូបង្រៀនកាលពីដើមឆ្នាំនេះ។

ក្រៅពីនេះ មានជនជាតិបារាំងពីរទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 5 ឆ្នាំ និង ៨ឆ្នាំ ពីបទធ្វើឱ្យខូចសន្តិសុខជាតិ និងចារកម្ម។ ពួកគេស្ថិតក្នុងចំណោមជនជាតិលោកខាងលិចជាង 20 នាក់ ដែលត្រូវបានឃុំខ្លួន ឬរារាំងមិនឱ្យចាកចេញពីប្រទេសអ៊ីរ៉ង់។

ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ ថានេះជាការអនុវត្ត ចំណាប់ខ្មាំងការទូត ខណៈពេលដែល គេហទំព័រក្រសួងការបរទេសបារាំងបានព្រមានថា សមត្ថភាពរបស់ស្ថានទូតបារាំងក្នុងទីក្រុងតេហេរ៉ង់ ក្នុងការផ្តល់ការការពារដល់ជនជាតិដែលត្រូវបានចាប់ខ្លួន ឬឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់នៅមានកម្រិត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ