អានតួអត្ថបទ
ប៉ាគីស្ថាន-បោះឆ្នោត

អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានត្រូវហាមមិន​ឲ្យ​ឈរឈ្មោះបោះឆ្នោត រយៈពេល ៥ឆ្នាំ

វិបត្តិនយោបាយ​នៅប៉ាគីស្ថាន បានកើនឡើង​កំដៅ សាជាថ្មី នៅ​ចុងសប្តាហ៍នេះ បន្ទាប់​ពី​អតីតនាយករដ្ឋមន្រ្តី​លោក​អ៊ីមរ៉ាន់ ខាន់​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត ​រយៈពេល​៥ឆ្នាំ។ នៅថ្ងៃ​សុក្រទី ២១​តុលា គណៈកម្មការ​បោះឆ្នោត​ប៉ាគីស្ថាន បាន​សម្រេច​ហាមឃាត់​លោក​អ៊ីមរ៉ាន់ ខាន់ មិន​ឲ្យឈរឈ្មោះបោះឆ្នោត ក្នុងហេតុផល​ថា លោក​មិន​បាន​ប្រកាស​ពី​ចំនួន​អំណោយ ដែល​លោកបាន​ទទួល នៅក្នុង​អំឡុង​ពេល​ដឹកនាំ​រដ្ឋាភិបាល​ប៉ាគីស្ថាន ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២២។

អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោកអ៊ីមរ៉ាន់ ខាន់​ទៅ​តុលាការកំពូល នៅទីក្រុង​អ៊ីស្លាម៉ាបាដ នៅថ្ងៃ ទី ៣ តុលា ២០២២
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោកអ៊ីមរ៉ាន់ ខាន់​ទៅ​តុលាការកំពូល នៅទីក្រុង​អ៊ីស្លាម៉ាបាដ នៅថ្ងៃ ទី ៣ តុលា ២០២២ AP - W.K. Yousafzai
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការបោះឆ្នោត​ប៉ាគីស្ថាន​បាន​សម្រេច​ហាម​មិន​ឲ្យ អតីត​នាយករដ្ឋមន្រ្តី អ៊ីមរ៉ាន់ ខាន់​ឈរឈ្មោះបោះឆ្នោត រយៈពេល ៥ឆ្នាំ ដោយ​ពឹងផ្អែក​លើ​ការសន្និដ្ឋាន​ដែលថា អតីត​ប្រមុខ​រដ្ឋាភិបាល​ប៉ាគីស្ថាន រូបនេះ មានជាប់ពាក់ព័ន្ធ​ក្នុងការប្រព្រឹត្ត​អំពើពុករលួយ។

ការសម្រេច​របស់​គណៈកម្មការ​បោះឆ្នោត​បាន​ទៅបង្កកំហឹង​របស់​អ្នកគាំទ្រ​លោក​អ៊ីមរ៉ាន់ ខាន់ ដែលបាន​សងសឹក វាយបំផ្លាញរថយន្ត នៅខាងក្រៅ​ការិយាល័យ​របស់​គណៈកម្មការបោះឆ្នោត កាលពីថ្ងៃ​សុក្រ។ ប៉ូលិស​ប៉ាគីស្ថាន វិញ បាន​ចាប់ឃាត់ខ្លួន​អង្គរក្ស​ម្នាក់​របស់​លោក​អ៊ីមរ៉ាន់ ខាន់ ដែលបានបាញ់កាំភ្លើង​ទៅលើ​ដី។

អតីត​រដ្ឋមន្រ្តីព័ត៌មាន និង​ជា​មន្រ្តីជាន់ខ្ពស់​របស់​គណបក្ស Tehreek-e-insag (PTI) ចលនា​ប៉ាគីស្ថាន​ដើម្បី​យុត្តិធម៌ របស់​​លោក​ អ៊ីនរ៉ាន់ខាន់ បាន​ទាត់​ចោល ការសម្រេច​ដ៏អាម៉ាស់ របស់​គណៈកម្មការបោះឆ្នោត និង​បានអំពាវនាវ​ឲ្យ​ក្រុមអ្នកគាំទ្រ គណបក្ស​ចុះថ្នល់ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ការសម្រេច​របស់​គណៈកម្មការបោះឆ្នោត។ ការអំពាវនាវ​មាន​ប្រសិទ្ធិភាព ភ្លាម ព្រោះថា សកម្មជន​របស់​គណបក្ស​រាប់​រយនាក់​បានលើកគ្នា ទៅ​ដុតកង់ឡាន បិទផ្លូវ បង្កការកកស្ទះ ចរាចរណ៍ នៅទីក្រុង​Lahore និង​Faisalabad ភាគខាងកើត​ប្រទេស។ ខណៈពេល​ប៉ូលិស​ប៉ាគីស្ថាន​ទាញសញ្ញាអាសន្នខ្ពស់​នៅរដ្ឋធានី អ៊ីស្លាម៉ាបាដ អ្នកវិភាគវាយតម្លៃថា ការសម្រេច​របស់​គណៈកម្មការបោះឆ្នោត​នឹងទៅដុតកំដៅភាពតានតឹង​នយោបាយ មួយកម្រិតទៀត​នៅប៉ាគីស្ថាន។

មេធាវី​របស់​លោក​អ៊ីមរ៉ាន់ ខាន់​អះអាង​ថា នឹងដាក់ពាក្យបណ្តឹង​ភ្លាម​ដើម្បី​ឲ្យ​តុលាការ​លុបចោល​ការសម្រេច​របស់​គណៈកម្មការបោះឆ្នោត។ ក្នុងករណី​ដែល​តុលាការ​ប៉ាគីស្ថាន​រក្សា​ការសម្រេច​របស់​គណៈកម្មការ​បោះឆ្នោត នោះ លោក​អ៊ីមរ៉ាន់ ខាន់​នឹង​ត្រូវ​បិទផ្លូវ​មិន​ឲ្យ​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​សភា ដែល​អាច​ប្រព្រឹត្ត​ទៅ ពី​ខែ​តុលា រហូត​ដល់​ឆ្នាំ​២០២៣។

គួររំលឹកថា គណៈកម្មការបោះឆ្នោតប៉ាគីស្ថានទើប​សម្រេច​ហាម​លោក​អ៊ីមរ៉ាន់ ខាន់​មិន​ឲ្យ​ឈរឈ្មោះ បោះឆ្នោត នៅបន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង កាលពីឆ្នាំមុន​របស់​គណបក្ស​ប្រឆាំង នៅក្នុង​ពេល​លោក​អ៊ីមរ៉ាន់ ខាន់ នៅ​ធ្វើជា​នាយករដ្ឋមន្រ្តី។ កាលណោះ គណបក្ស​ប្រឆាំង​បាន​ចោទប្រកាន់​លោក​អ៊ីមរ៉ាន់ ខាន់ និង​ភរិយា ថា បាន​ទទួល​អំណោយ​រាប់សែនដុល្លារ ដែលអាច​ជា​នាឡិកាដៃ គ្រឿងអលង្កការ ទឹកអប់ កាបូបប្រណិតៗ នៅក្នុងអំឡុងពេល​ធ្វើ​ទស្សនកិច្ច​នៅបរទេស។ តាម​ក្រុមប្រឆាំង លោក អ៊ីមរ៉ាន់ ខាន់ បាន​លួចលក់​អំណោយ យកលុយមក​ទុកក្នុងហោប៉ៅផ្ទាល់ខ្លួន។

តាម​ច្បាប់​ប៉ាគីស្ថាន មន្រ្តីរដ្ឋាភិបាលត្រូវ​ប្រកាស​អំណោយ​ដែលគេទទួលបាន​ក្នុងអំឡុង​កាន់តំណែង ដោយ​ពួកគេ​អាច​រក្សា​ទុក​អំណោយ​ដែលមិនសូវមានតម្លៃ។ សម្រាប់​អំណោយ​ដែលថ្លៃខ្លាំង ពួកគេ​អាចមានសិទ្ធិ​ទទួល​បាន​៥០%។ គឺ​រដ្ឋាភិបាលរបស់លោក​អ៊ីមរ៉ាន់ ខាន់​ផ្ទាល់​ដែលជា​អ្នកដំឡើង​ពី​២០% ទៅ​ដល់​៥០%។

ធ្លាក់ពីតំណែង កាលពីខែ​មេសា ឆ្នាំ ២០២២ ដោយសារ​ការបោះឆ្នោត​របស់​សភា​ទៅលើ​ញត្តិ​ដកសេចក្តីទុកចិត្ត លោកអ៊ីមរ៉ាន់ ខាន់ អតីត​កីឡាករជើងឯក​ផ្នែក​គ្រីកេ នៅតែ​មាន​ប្រជាប្រិយភាព​ក្នុងចំណោម​ប្រជាជន​ប៉ាគីស្ថាន។ ដោយអះអាង​ថា រូបលោក​ត្រូវ​កម្ចាត់ ខ្ទាត​ចេញ ពី​អំណាច ដោយសារ​តែផែនការ​ឃុបឃិត​របស់​អាមេរិក លោក​អ៊ីមរ៉ាន់ ខាន់​បាន​រិះគន់​មិនសំចៃ​មាត់​រដ្ឋាភិបាល​ចម្រុះ​សព្វថ្ងៃ ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង និង​ទាមទារ​ឲ្យគេ​រៀបចំការបោះឆ្នោត​មុនអាណត្តិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ