អានតួអត្ថបទ
ថៃ-ទេសចរណ៍-សេដ្ឋកិច្ច

សេដ្ឋកិច្ចថៃ​ចាប់​​ស្ទុះ​ឡើង​វិញ ក្រោយ​មានកំណើន​​លំហូរ​​ទេសចរ​បរទេស

សេដ្ឋកិច្ច​ជាតិ​ថៃ​បាន​ស្គាល់​កំណើន​ ឡើង​លឿន កំរិត​៤,៥% នៅ​ត្រីមាស​ទីបី​ឆ្នាំ​២០២២​នេះ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ ដោយ​បញ្ជាក់​ថា លំហូរ​​ទេសចរណ៍​អន្តរជាតិ​ កើន​ឡើងបន្តិចម្តងៗ​ជា​ថ្មី​ អាចជួយ​​ប៉ះប៉ូវ​​ផលវិបាក​ដែល​បង្ក​ឡើង​វិបត្តិ​អតិផរណា​បាន។

សេដ្ឋកិច្ចថៃ​ចាប់​​ស្ទុះ​ឡើង​វិញ ក្រោយ​មានកំណើន​​លំហូរ​​ទេសចរ​បរទេស
សេដ្ឋកិច្ចថៃ​ចាប់​​ស្ទុះ​ឡើង​វិញ ក្រោយ​មានកំណើន​​លំហូរ​​ទេសចរ​បរទេស AFP
ផ្សាយពាណិជ្ជកម្ម

ការ​បើក​ទ្វារ​ទទួល​ស្វាគមន៍​ទេសចរបរទេស តាំង​ពី​ដើម​ឆ្នាំ​មក បាន​លើក​ស្ទួយ​វិស័យ​សេវាកម្ម​របស់​មហា​អំណាច​សេដ្ឋកិច្ច​លំដាប់​ទីពីរ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ឱ្យ​មាន​កំណើន​ដល់​ទៅ​៨៧%​ ក្នុង​មួយ​ឆ្នាំ។ នេះ​បើ​តាម​ទិន្នន័យ​ផ្លូវការ​ របស់​ទីប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​និង​សង្គម ដែល​កត់​ត្រាឃើញ​​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក រវាង​ពី​ខែ​កក្កដា-កញ្ញា ឡើង​ច្រើន​ជាង​ឆ្នាំ​មុន ចំនួន​៤,៥%​។ រដ្ឋាភិបាល​ថៃ​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​ជាតិ​ សម្រាប់​ឆ្នាំ​២០២២​នេះ នឹង​មាន​កំរិត​៣,២%  និង​ពី​៣ទៅ​៤%​ នៅ​ឆ្នាំ​២០២៣។

អគ្គលេខា​ទីប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម លោក ដានុចា ពិចាយ៉ាណន Danucha Pichanan បាន​អះអាង​​​ថា វិស័យ​សេវាកម្ម បាន​បន្ត​កើន​ឡើង​រហូត ​តាំង​ពី​ដើម​ឆ្នាំ​មក និង​​រំពឹង​ថា​វិស័យ​ទេសចរណ៍​​អាច​នឹង​នាំ​ចំណូល​ដល់​ប្រទេស​ប្រមាណ​ ១៥ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ តាំងពី​បើក​ប្រទេស​ឡើង​វិញ មាន​ភ្ញៀវ​បរទេស​ចំនួន ១០,២លាន​នាក់ បាន​មក​ទស្សនា​ប្រទេស​ថៃ។ ជា​ចំនួន​ដ៏​​ទាប​ជាងឆ្ងាយខ្លាំង​​ណាស់ពី​ ​ឆ្នាំ​២០១៩ ដែល​ថៃ​ទទួល​ទេសចរបរទេស​ដល់​ទៅ​៤០លាន​នាក់។ នៅ​ឆ្នាំ​២០២៣ ចំនួន​ទេសចរបរទេស​​នឹង​អាច​កើន​ឡើង​ដល់​២៣​លាន​នាក់ ជាមួយ​នឹង​ការនាំ​ចំណូល​បាន​៣៣០​ពាន់​លាន​ដុល្លារ។ ថៃ​សង្ឃឹម​ថាអាច​ទទួល​​​ទេសចរ​ចិន​បាន​ខ្លះ​វិញ  នៅ​ឆ្នាំ​ក្រោយ បន្ទាប់​​ពី​ចិន​បន្ធូរបន្ថយ​វិធានការ​កូវីដ​។ មុន​វិបត្តិ​កូវីដ ទេស​ចរ​ចិន​តំណាង​ឱ្យ​២៨%​នៃ​ទេសចរ​បរទេស​មក​លេង​ថៃ។ នេះ​បើ​តាម​Bloomberg។

​ការ​ចាយវាយ​របស់​ពលរដ្ឋ​ក៏​បាន​កើន​ឡើង​៩%​ដែរ។ ប៉ុន្តែ​ ថៃ​ក៏​ដូច​ជា​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​ផ្សេង​ទៀតដែរ ត្រូវ​ប្រឈម​នឹង​វិបត្តិ​អតិផរណា​យ៉ាង​ខ្លាំង (៧%) ទំនិញឡើង​ថ្លៃ​ ​ការប្រាក់ខ្ពស់ និង​ថាមពលថ្លៃ។ នេះ​បើ​តាម​អគ្គលេខា​ទីប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម លោក ដានុចា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ