អានតួអត្ថបទ
តៃវ៉ាន់-បោះឆ្នោត

ចាញ់​ឆ្នោត​ថ្នាក់​មូលដ្ឋាន ប្រធានាធិបតី​តៃវ៉ាន់ លាលែង​ចេញ​ពី​តួនាទី​ប្រមុខ​បក្ស

ក្នុង​បរិបទ​នៃ​ភាពតាន​តឹង​ខ្លាំង​ជាមួយ​ចិន ​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាននៅ​តៃវ៉ាន់​ នៅថ្ងៃ​សៅរ៍ទី ២៦ វិច្ឆិកា ២០២២ ​មាន​តម្លៃ​ជា​យុទ្ធសាស្ត្រណាស់​ សម្រាប់​បក្ស​កាន់​អំណាច​ ដែល​ប្រឆាំង​យ៉ាង​ដាច់​ខាត​នឹង​ប៉េកាំង។ គ្រាន់​តែ​ឃើញ​​បរាជ័យនៅក្នុង​ការ​បោះឆ្នោតភ្លាម លោកស្រីសៃ​អ៊ីនវេន បាន​ប្រកាស​ភ្លាម​ដើរចេញ​ពី​តួនាទីជា​ប្រធាន​គណបក្ស។ ប៉ុន្តែ​លោកស្រី​ នៅ​តែ​ជា​ប្រធានាធិបតី​កោះ​តៃវ៉ាន់​ដដែល​ទេ។

បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត​មូលដ្ឋាន លោកស្រី​ប្រធានាធិបតី លាលែង​ចេញ​ពី​តំណែង​ប្រធានបក្ស
បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត​មូលដ្ឋាន លោកស្រី​ប្រធានាធិបតី លាលែង​ចេញ​ពី​តំណែង​ប្រធានបក្ស © 视频截图
ផ្សាយពាណិជ្ជកម្ម

“ការពារ​តៃវ៉ាន់ ហើយ​តស៊ូនឹង​ចិន” នេះ​គឺ​ជា​ពាក្យ​ស្លោក​របស់​គណបក្សចម្រើន​ប្រជាធិបតេយ្យតៃវ៉ាន់​​ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​ដែល​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី ២៦​វិច្ឆិកា​២០២២នេះ។ ដូចការ​ព្យាករ​ចុងក្រោយ​ គណបក្ស​កាន់​អំណាច​ដឹកនាំដោយ​លោកស្រី សៃ អ៊ីនវេន បាន​ទទួល​បរាជ័យ នៅ​តៃប៉ិ និង​នៅក្នុង​ក្រុង​ចំនួន​៣​ទៀត ក្នុង​ចំណោម​ក្រុង​ទាំង​៦​ដែល​រៀប​ចំ​ការ​បោះឆ្នោត។ ប្រជាមតិ​ស្តីពី​បញ្ចុះ​អាយុ​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​ពី​២០មក​១៨​ឆ្នាំ​ក៏​ត្រូវ​បាន​ពលរដ្ឋ​តៃវ៉ាន់​ច្រាន​ចោលទៀត។

ភ្លាម​មួយ​រំពេច លោកស្រីប្រធានាធិបតី​តៃវ៉ាន់ សៃ​អ៊ីនវេន បានប្រកាស​បោះបង់ តួនាទី ជា​ប្រធាន​បក្ស។ “លទ្ធផល​ឆ្នោត​ខុស​ពី​ការ​រំពឹង​ទុក ដូច្នេះ​ខ្ញុំ​ត្រូវតែ​លាលែង​ចេញ​ពី​តំណែង​ជា​ប្រមុខ​ដឹកនាំ​​បក្ស​ភ្លាម​តែ​ម្តង”។ នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​ប្រធានាធិបតី​ ទៅ​កាន់​អ្នក​សារព័ត៌មាន ដែល​នៅ​រក្សា​​តំណែង​ជា​ប្រមុខ​ដឹកនាំ​កោះ​ដដែល។

ចំណែក​បក្ស​ប្រឆាំង​ គួមីងតាង បក្សមាន​ជំហរ​ស្និទ្ធ​នឹង​ប៉េកាំង បាន​ឡើង​សំឡេង​នាំ​មុខ​វិញ ជាមួយ​នឹង​សំណើ​បែប​ផ្សះផ្សាជាមួយ​ចិន និង​ដោយ​សន្យា​ជា​ថ្មី​នៅ​ថ្ងៃ​សៅរ៍នេះ ថា​នឹងប្រឹង​​ព្យាយាម​រក្សា​សន្តិភាព​ក្នុង​តំបន់​ឱ្យ​ដល់​ទីបំផុត។ ប៉ុន្តែ​សម្រាប់​អ្នក​សង្កេត​ការណ៍​ ការ​បោះឆ្នោត​ថ្នាក់មូលដ្ឋាននៅ​​ថ្ងៃសៅរ៍នេះ មិនមែន​ជា​ការ​ធ្វើ​ប្រជាមតិ​​ជ្រើសរើស​ស្និទ្ធ ឬ​ប្រឆាំង​នឹង​ចិន​ទេ។ ប្រជាពលរដ្ឋ​តៃវ៉ាន់​៩៥%​ប្រឆាំង​នឹង​គំនិត​​​រណប​ចិនជា​និច្ច។ ជោគជ័យ​របស់​បក្ស​ប្រឆាំង ជា​សញ្ញា​ពញ្ញាក់​ស្មារតី​ដ៏​សំខាន់​មួយ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​បក្ស​គួមីងតាង កំពុង​ឈាន​ទៅ​ឈ្នះ​ឆ្នោត​សភា​និង​ប្រធានាធិបតី​ នៅ​ពីរ​ឆ្នាំទៀត​​ខាង​មុខ​ឡើយ។ នេះ​បើ​តាម​ការ​វិភាគ​របស់​អ្នកស្រី​គ្រីស្ទីនណា គីរ៉ុងស្កាKristina Kironska អ្នកស្រាវជ្រាវ​នៅវិទ្យាស្ថានអឺរ៉ុប​សិក្សាអំពី​អាស៊ី។

សូម​រំលឹក​ថា តាំង​ពី​លោកស្រី សៃអ៊ីនវេន ឡើង​កាន់​អំណាច​មក​ ចិន​បាន​កាត់​ផ្តាច់​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់ ហើយ​បាន​បង្កើន​លំហាត់សឹក បន្តឹង​គំនាប​សេដ្ឋកិច្ច និង​បាន​ប្រលេះ​ប្រទេស​ចំនួន​៧​ពី​តៃវ៉ាន់​ទៀត។ ភាពតានតឹងរវាង​តៃ​វ៉ាន់​និង​ចិន​បាន​ឡើង​ដល់​កំពូល​កាលពី​ខែ​សីហា នៅពេល​ប្រធាន​សភា​អាមេរិក​អញ្ជើញ​ទៅ​តៃប៉ិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ