អានតួអត្ថបទ
នុយក្លេអ៊ែរចិន

អាវុធនុយក្លេអ៊ែរ៖ ចិន​វាយបកថា របាយការណ៍អាមេរិកធ្វើឡើង​ដោយគ្មានមូលដ្ឋាន

មួយសប្តាហ៍ក្រោយអាមេរិកចេញរបាយការណ៍ស្តីពីកំណើនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិចិន​បាន​ចេញមុខកាលពីថ្ងៃ​អង្គារ​ទាត់ចោលការចោទប្រកាន់​របស់​ភាគីអាមេរិក។ របាយការណ៍​របស់​មន្ទីរបញ្ចកោន​បង្ហាញថា ជាមួយ​ការអភិវឌ្ឍ​សព្វាវុធ​មិនឈប់ ចិន​នឹង​អាច​ផលិតស្តុកក្បាលគ្រាប់នុយក្លេអ៊ែរ​ជាង ១៥០០គ្រាប់ពីពេលនេះ​ដល់​ឆ្នាំ ២០៣៥។ សម្រាប់អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិចិន របាយការណ៍ចោទប្រកាន់​របស់មន្ទីរបញ្ចកោនធ្វើឡើង​ដោយគ្មានមូលដ្ឋាន។

មីស៊ីលបាលីស្ទិក DF-17 តាំងបង្ហាញនៅទីក្រុង​ប៉េកាំង​នៅថ្ងៃទី ១២​ខែតុលា ឆ្នាំ ២០២២​ដើម្បីបង្ហាញ​ពីសមិទ្ធិផល​សម្រេចបាននៅក្រោម​អាណត្តិរបស់លោកស៊ី ជីនពីង
មីស៊ីលបាលីស្ទិក DF-17 តាំងបង្ហាញនៅទីក្រុង​ប៉េកាំង​នៅថ្ងៃទី ១២​ខែតុលា ឆ្នាំ ២០២២​ដើម្បីបង្ហាញ​ពីសមិទ្ធិផល​សម្រេចបាននៅក្រោម​អាណត្តិរបស់លោកស៊ី ជីនពីង AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

ចិនសព្វថ្ងៃ​មាន​ក្បាលគ្រាប់នុយក្លេអ៊ែរ​ច្រើនជាង៤០០គ្រាប់។ បើសិន​ចិន​នៅតែបន្ត​អភិវឌ្ឍគ្រឿង​សព្វាវុធ​ នោះ នៅក្នុង​រយៈពេល​១៣ឆ្នាំទៅមុខ ចំនួនស្តុកក្បាលគ្រាប់នុយក្លេអ៊ែររបស់​ចិន​នឹង​កើនឡើង​ជាង​៣ដង ដល់​ចំនួន ១៥០០គ្រាប់។ នេះបើតាម​របាយការណ៍​របស់​មន្ទីរបញ្ចកោន។

ចាត់ទុកចិន​ជា​គូប្រជែងផ្នែកយោធា​ដ៏សំខាន់មួយ ក្រសួងការពារជាតិ​អាមេរិក​បាន​ចេញរបាយការណ៍​ដែល​សង្កត់ធ្ងន់ពីការរីកចម្រើន​ខ្លាំង​របស់​ចិន​នៅក្នុង​ការអភិវឌ្ឍន៍គ្រឿងសព្វាវុធនុយក្លេអ៊ែរ។ អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិអាមេរិក លោក Pat Ryder បាននិយាយ​មិនលាក់លៀមថា ការពង្រីកចំនួនស្តុកក្បាលគ្រាប់នុយក្លេអ៊ែរ​របស់​ចិន​អាច​ជាប្រភព​នៃ​អស្ថិរភាព។ “អាវុធនុយក្លេអ៊ែររីកសាយភាយកាន់តែច្រើន ក្តីបារម្ភ​និងការបង្កអស្ថិរភាពក្នុងតំបន់​ក៏មានកាន់តែច្រើន”។

សម្រាប់​អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិចិន ការលើកឡើង​ទាំងអម្បាលម៉ាន​របស់​អាមេរិក​នៅក្នុងរបាយការណ៍​ ធ្វើឡើង​ដោយ​គ្មានមូលដ្ឋាន គ្មានភស្តុតាងពិតប្រាកដ។ តាម​អ្នកនាំពាក្យចិន អាមេរិក​បាន​ចោទប្រកាន់​ បំប៉ោង​ព័ត៌មានទាក់ទង​នឹង​ការធ្វើទំនើបកម្ម​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន។ ប៉ុន្តែ តាមពិត​គឺ​អាមេរិក​ខ្លួនឯងទេ​ដែលត្រូវ​សើរើ​ពិនិត្យ​មើលស៊ីជម្រៅ​នយោបាយ​នុយក្លេអ៊ែរ​បស់ខ្លួន។

ទោះចិន​អាចមានកំណើនក្បាលគ្រាប់នុយក្លេអ៊ែរ​ដល់​១៥០០គ្រាប់ ប៉ុន្តែ ចិន​នៅ​តែស្ថិតនៅក្រោយ​មហាអំណាច​យោធាអាមេរិកដែលមាន​ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ​ជាង​៥៥០០គ្រាប់ ចំណែករុស្ស៊ី​មានក្បាលគ្រាប់នុយក្លេអ៊ែរ​ច្រើនជាងគេ​ ប្រមាណ ៦២៥០គ្រាប់។ នេះបើតាមការប៉ាន់ស្មាន​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ​ដែលមានទីតាំង​នៅទីក្រុង​ស្តុកខូម។​

នៅថ្ងៃ​អង្គារ​អ្នកនាំពាក្យ​របស់ក្រសួងការពារ​ជាតិចិន​បាន​បរិហាររិះគន់ផងដែរ​របាយការណ៍​អាមេរិកដែល​លើកឡើង​ពីការបោះជំហាន​រីកចម្រើន​យ៉ាងលឿនរហ័សរបស់​វិស័យកងទ័ពជើងអាកាសរបស់ចិន។ នៅមុន​មន្ទីរបញ្ចកោន​ចេញរបាយការណ៍​ទៅទៀត អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​អាមេរិកម្នាក់​បាន​លម្អិតថា​ កងទ័ពជើងអាកាសរបស់ចិន​ព្យាយាម​បង្កើនសមត្ថភាព​គ្រប់មុខព្រួញ ជាពិសេស​ការពង្រឹងសមត្ថភាពរបស់​អ្នកបើកយន្តហោះ។

របាយការណ៍​របស់​អាមេរិក​បាន​វាយតម្លៃដែរថា ចិន​កំពុង​ធ្វើ​សកម្មភាព​បែបបង្ខិតបង្ខំ និងឈ្លានពាន​នៅក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេស​នៅជុំវិញតៃវ៉ាន់។

សម្រាប់​អ្នកនាំពាក្យចិន ចំណុចចុងក្រោយ​ដែល​អាមេរិកបាន​លើកឡើង​នៅក្នុង​របាយការណ៍​បាន​បញ្ជាក់កាន់តែច្បាស់​ ពីការលូកដៃ​ចូលក្នុង​កិច្ចការផ្ទៃក្នុង​របស់​ចិន ព្រោះ​ថា ចិននៅតែ​ចាត់ទុកតៃវ៉ាន់ ជា​ខេត្ត​មួយ​ដែល​ចិន​នឹង​អាច​យក​មក​គ្រប់គ្រងវិញ​នៅថ្ងៃ​ណាមួយ ទោះបីជា​ត្រូវ​ប្រើកម្លាំងយោធា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ