អានតួអត្ថបទ
ចិន

ចិនមាន​ប៉ុស្តិ៍​ប៉ូលិសពីរ ចាំឃ្លាំមើលអ្នក​ប្រឆាំង​នៅ​អាល្លឺម៉ង់

​ឆ្លើយ​តប​ទៅនឹង​សំណួរ​របស់​សមាជិក​សភា រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​បញ្ជាក់​នៅថ្ងៃ​សុក្រ​ទី​៩ ធ្នូ​២០២២​នេះ​ថា ចិន​មាន​ប៉ុស្តិ៍​ប៉ូលិស​ខុសច្បាប់ និង​ដោយ​អាថ៌កំបាំង​ ចំនួន២​កន្លែង។ ទំនង​ជា​ប៉ុស្តិ៍ប៉ូលិស​សម្រាប់ឃ្លាំមើល​អ្នក​បះបោរ​ចិន​ នៅបរទេស។ ​ ព័ត៌មាន​នេះ​បាន​លេច​ឡើងបន្ទាប់ពី អង្គការ​ក្រៅ​រដ្ឋាភិបាល​ចេញ​របាយការណ៍​មួយ​កាលពី​ដើម​សប្តាហ៍​ ទម្លាយ​ឱ្យ​ដឹង​ថា​ចិន​មាន​បង្កប់​ទីស្នាក់ការ​ប៉ូលិស​ជាង​មួយ​រយ​នៅលើ​ពិភពលោក។

Un officier de police chinois tente d'empêcher une prise de vue devant l'ambassade américaine à Pékin, après l'explosion, jeudi 26 juillet 2018.
Un officier de police chinois tente d'empêcher une prise de vue devant l'ambassade américaine à Pékin, après l'explosion, jeudi 26 juillet 2018. REUTERS/Thomas Peter
ផ្សាយពាណិជ្ជកម្ម

​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់​បាន​អះអាង​ថា​រដ្ឋាភិបាល​បានដឹង​អំពី​វត្តមាន​នៃប៉ុស្តិ៍​​ប៉ូលិស​ចិន​មិន​ស្រប​ច្បាប់​ចំនួន​​ពីរ​កន្លែង​នៅក្នុង​ទឹក​ដី​អាល្លឺម៉ង់។ ជា​ប៉ុស្តិ៍ប៉ូលិស​​ដែលគ្មានការិយាល័យ​ឬទីស្នាក់ការ​​ច្បាស់​លាស់ទេ ហើយ​ដឹកនាំ​និង​​រៀប​ចំ​ឡើង​ដោយ​បុគ្គលិកឯកជន​ ដោយ​ជនភៀសខ្លួន​ចិន មាន​ដើម​កំណើត​មក​ពីតំបន់​ដែលមាន​ទម្លាប់​​ភៀស​ខ្លួន​ច្រើន​។ តែ​អាជ្ញាធរ​ចិន គ្មាន​អំណាច​ប្រតិបត្តិ​អ្វី​នៅលើ​ទឹក​ដី​សហព័ន្ធ​អាល្លឺម៉ង់​ឡើយ។ នេះ​បើ​តាម​ក្រសួងមហាផ្ទៃអាល្លឺម៉ង់​ដដែល ដែល​ធានា​ថា រដ្ឋាភិបាល​បាន​ទាក់ទង​ទៅ​ស្ថានទូត​ចិន ដើម្បី​បំភ្លឺ​អំពី​ស្ថានភាព​នេះ​ហើយ។

ប៉ុន្តែ​សម្រាប់​សមាជិក​សភា​អាល្លឺម៉ង់ បក្ស​ស្តាំ​និយមជ្រុល​ដែល​អ្នក​ផ្ញើ​លិខិត​ទៅ​​ចោទ​សួរ​រដ្ឋាភិបាល​វិញ យល់​ថា ការ​ដែល​រដ្ឋាភិបាល​ដឹងហើយ​​បណ្តោយ​ឱ្យ​ចិន​មាន​ប៉ុស្តិ៍​ប៉ូលិស​ ក្នុងទឹក​ដី​ឯង និង​ព្រម​បញ្ជាក់​ព័ត៌មាន​នៅ​ពេល​គេ​ចុច​សួរ ជា​រឿង​អាស្រូវ​ហួសហេតុ។

សូម​បញ្ជាក់​ថា​ វត្តមាន​ប៉ុស្តិ៍​ប៉ូលិស​សម្ងាត់​​និង​ខុស​ច្បាប់​ចិន នៅបរទេស​ ទើប​ត្រូវ​បាន​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទម្លាយ​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ ថា​មាន​ចំនួនកើន​ឡើង​ដល់​​ជាង​មួយ​រយកន្លែង​​នៅទូទាំង​ពិភពលោក។ កាលពី​ថ្ងៃ​ទី ២៦​ តុលា អាជ្ញាធរ​ហូឡង់​ក៏​បានប្រកាស​បើក​អង្កេត​ជុំ​វិញ​ការ​បង្កើត​ប៉ុស្តិ៍​ប៉ូលិសដោយ​គ្មាន​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ហូឡង់។ បើ​តាម​សារព័ត៌មាន​ហូឡង់​​ ចិន​មាន​ប៉ុស្តិ៍​ប៉ូលិស​ពីរ​កន្លែង តាំង​ពី​ឆ្នាំ​២០១៨​មក មួយ​នៅ​ក្នុង​ក្រុង​អាំស្ទែរដាំ និង​មួយ​នៅក្រុង​កំពង់ផែ​រ៉ូទែរដាំ សម្រាប់​ចាំ​បំបិទ​មាត់​សកម្មជនប្រឆាំង​ចិន​រស់​នៅ​ហូឡង់។

របប​កុម្មុយនិស្ត​ចិន​ ក៏​មាន​ប៉ុស្តិ៍​ប៉ូលិស​កំបាំងមុខ​ពីរ​កន្លែង​ដែរ​នៅក្នុង​ប្រទេសសាធារណរដ្ឋ​​ឆែក។ តែ ប្រឈម​នឹង​ការ​ទម្លាយ​ព័ត៌មាន​ឱ្យ​ដឹង​អំពី​វត្តមាន​នៃ​ទីស្នាក់​ការ​ប៉ូលិស​ទាំង​នោះផង និង​ការ​បរិហារ​ប្រឆាំង​របស់សកម្មជនប្រឆាំង​ផង ប៉េកាំង​បាន​សម្រេច​បិទ​ប៉ុស្តិ៍​ប៉ូលិសទាំងពីរ​នៅប្រទេស​ឆែក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី​៨​ធ្នូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ