អានតួអត្ថបទ

ថៃ៖វិស័យទេសចរណ៍បានចាប់ស្គាល់កំណើនជាថ្មី ក្រោយពីរងគ្រោះយ៉ាងដំណំដោយកូវីដ១៩

នៅ​ក្នុង​ប្រទេស​ថៃ ចំនួន​អ្នកទេសចរ​បាន​ឡើង​ដល់ ១០លាននាក់​ក្នុង​ថ្ងៃ​សៅរ៍ ទី១០ ធ្នូ។ នេះ​ជា​សញ្ញា​បញ្ជាក់​ថា ទេសចរណ៍​ដែល​ជា​វិស័យ​គន្លឹះ​របស់​សេដ្ឋកិច្ច​បាន​ចាប់​ផ្តើម​ស្គាល់​កំណើន​ឡើង​វិញ បន្ទាប់​ពី​បាន​រងគ្រោះ​ដោយ​វិបត្តិ​កូវីដ១៩ យ៉ាង​ដំណំ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ តែ​សន្ទុះ​កំណើន​នេះ​នៅ​ឆ្ងាយ​ខ្លាំង​នៅ​ឡើយ​បើ​ធៀប​នឹង​មុន​ពេល​ផ្ទុះ​កូវីដ១៩។ ដើម្បី​សាទរ​ចំនួន​អ្នក​ទេសចរ ១០លាននាក់​នេះ រដ្ឋអំណាច​បាន​រៀបចំ​ពិធី​រាំរែក និង​ប្រគំភ្លេង​បូរាណ​នៅ​អាកាសយានដ្ឋាន​ក្រុង​បាងកក​ដើម្បី​ទទួល​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Saudi Arabian Airlines។

នៅថៃ វិស័យទេសចរណ៍បានចាប់ស្គាល់កំណើនជាថ្មីក្នុង​ឆ្នាំ ២០២២​ ក្រោយពីរងគ្រោះយ៉ាងដំណំដោយកូវីដ១៩។
នៅថៃ វិស័យទេសចរណ៍បានចាប់ស្គាល់កំណើនជាថ្មីក្នុង​ឆ្នាំ ២០២២​ ក្រោយពីរងគ្រោះយ៉ាងដំណំដោយកូវីដ១៩។ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

គឺ​អ្នកដំណើរ​មួយ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Saudi Arabian Airlines នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ថៃ​មាន​ចំនួន​អ្នកទេសចរ ១០លាននាក់​ក្នុង​ថ្ងៃ​សៅរ៍ ទី១០ ធ្នូ។ ក្រៅ​ពី​ពិធី​រាំរែក និង​ប្រគំភ្លេង​បូរាណ​នៅ​អាកាសយានដ្ឋាន​ក្រុង​បាងកក ក្រុម​អ្នកតំណាង​រដ្ឋអំណាច​ទេសចរ​បាន​ឲ្យ​បាច់ផ្កា ប័ណ្ណកាដូ និង​សំបុត្រ​ចូល​ទស្សនា​សួនលេងទឹក​ទៅ​ឲ្យ​គ្រួសារ​ជនជាតិ​អារ៉ាប៊ីសាអូឌីត​មួយ​គ្រួសារ។ ព្រឹត្តិការណ៍​មួយ​នេះ​មិន​ត្រូវ​បាន​នាយករដ្ឋមន្រ្តី​លោក​ប្រាយុទ្ធ ចាន់អូចា​មើល​រំលង​ដោយ​បាន​សាទរ​ពី​ភាព​ធន់​របស់​អ្នកវិនិយោគ​ក្នុង​វិស័យ​ទេសចរ និង​វិស័យ​សណ្ធាគារ។

អ្វី​ដែល​លោក​ប្រាយុទ្ធ ចាន់អូចា​ចង់​បាន​នា​ពេល​ខាង​មុខ គឺ​ពង្រឹង​ទំនុកចិត្ត​ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​ថៃ​ស្ថិត​ជា​គោលដៅ​ទេសចរណ៍​មួយ​យ៉ាង​សំខាន់​របស់​ប្រជាជន​នៅ​ក្នុង​លោក។ គួរ​បញ្ជាក់​ថា ទេសចរណ៍​ជា​វិស័យ​គន្លឹះ​មួយ​របស់​សេដ្ឋកិច្ច​ថៃ។ តែ​ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន​ដែរ វិស័យ​មួយ​នេះ​បាន​រងគ្រោះ​យ៉ាង​ខ្លាំង​ដោយ​ជំងឺ​កូវីដ១៩។ ក្នុង​ឆ្នាំ ២០១៩ ពោល​មុន​ផ្ទុះ​កូវីដ១៩ ថៃ​ទទួល​បាន​អ្នក​ទេសចរ​ជិត ៤០លាននាក់។ តែ​បាន​ធ្លាក់​នៅ​ត្រឹម ៤២៧ ០០០នាក់​ក្នុង​ឆ្នាំ ២០២១។ បន្ទាប់​មក​ក្នុង​ឆ្នាំ ២០២២ ចំនួន​អ្នកទេសចរ​បាន​ហក់​ឡើង​លើស​ខ្សែបន្ទាត់ ១០លាននាក់។

តែ​សម្រាប់​រដ្ឋាភិបាល ១០លាននាក់​នៅ​ឆ្ងាយ​សែន​ឆ្ងាយ​ពី​ជិត ៤០លាននាក់​ដែល​ថៃ​ធ្លាប់​ទទួល​បាន។ លោកស្រី​ម៉ារីហ្សា ស៊ូកូសុល ប្រធាន​សមាគម​សណ្ធាគារ​ថៃ​បាន​ថ្លែង​ដោយ​សង្ឃឹម​លើ​អ្នក​ទេសចរ​ចិន​ដែល​កំពុង​ជាប់​គាំង​ដោយ​នយោបាយ​សូន្យ​កូវីដ។ តាម​លោកស្រី​ម៉ារីហ្សា ស៊ូកូសុល នយោបាយ​សូន្យ​កូវីដ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ធ្វើ​ឲ្យ​ថៃ​បាត់បង់​អ្នកទេសចរ​ចិន​ប្រមាណ​ជា ១០លាននាក់​ក្នុង​មួយ​ឆ្នាំ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោកស្រី​ម៉ារីហ្សា ស៊ូកូសុល​មិន​ភ្លេច​គូសបញ្ជាក់​ថា ពិភពលោក​នៅ​ផុយស្រួយ​ដែល​គេ​ត្រូវ​ប្រយ័ត្នប្រយែង។

យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​ថៃ​សង្ឃឹម​ទទួល​បាន​អ្នកទេសចរ​ចំនួន ២៣លាននាក់​នៅ​ឆ្នាំ ២០២៣ ដែល​នឹង​អាច​នាំ​ចំណូល​បាន​ជាង ៣២ ០០០លានអឺរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ