អានតួអត្ថបទ
ចិន -តៃវ៉ាន់

ប្រធានាធិបតីតៃវ៉ាន់បោះដៃចង់ជួយចិនដើម្បីដោះស្រាយបញ្ហាកូវីដ

នៅក្នុងសារជូនឆ្នាំថ្មី នៅថ្ងៃសៅរ៍ ប្រធានាធិបតី តៃវ៉ាន់ បានបោះដៃចង់ជួយចិនដើម្បីដោះស្រាយបញ្ហាកូវីដ។ ថ្នាក់ដឹកនាំតៃវ៉ាន់ ក៏សង្ឃឹមថាឆ្នាំថ្មី២០២៣ ទំនាក់ទំនងចិននិងតៃវ៉ាន់បានល្អប្រសើរ តាមរយៈបេសកម្មរួមគ្នា ទប់ស្កាត់កូវីដ និងបន្តរក្សាកិច្ចសហការក្រោយវិបត្តិកូវីដ ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃអ៊ីងវេន នៅក្នុងពេល​ថ្លែងសារស្វាគមឆ្នាំថ្មី ២០២៣ ថ្ងៃទី ១​មករា ២០២៣
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃអ៊ីងវេន នៅក្នុងពេល​ថ្លែងសារស្វាគមឆ្នាំថ្មី ២០២៣ ថ្ងៃទី ១​មករា ២០២៣ VIA REUTERS - TAIWAN PRESIDENTIAL OFFICE
ផ្សាយពាណិជ្ជកម្ម

ក្នុងសារអបអរឆ្នាំថ្មី ប្រធានាធិបតី តៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវេន អះអាងថា រដ្ឋបាលទីក្រុងតៃប៉ិ បានត្រៀមខ្លួនស្រេច ក្នុងការផ្តល់ជំនួយមនុស្សធម៌ចាំបាច់ផ្សេងៗ ដើម្បីជួយរដ្ឋបាលទីក្រុងប៉េកាំង បើពេលណា ប៉េកាំងត្រូវការ។ ហើយតាមរយៈជំនួយនេះ ថ្នាក់ដឹកនាំតៃវ៉ាន់ សង្ឃឹមថា ពលរដ្ឋចិននឹងអាចចាកចេញពីវិបត្តិកូវីដ ហើយមានសុវត្ថិភាព និងរីករាយសប្បាយចិត្តក្នុងឆ្នាំថ្មី។

ការហុចដៃជួយពីសំណាក់កោះតៃវ៉ាន់នេះ គឺបន្ទាប់ពីប្រទេសចិនផ្ទុះរាលដាលជំងឺកូវីដច្រើនឡើងៗ ហើយប៉ុន្មានសប្តាហ៍មកនេះ មន្ទីរពេទ្យហាក់កំពុងតែពេញណែន ស្របពេលដែល រដ្ឋាភិបាលចិន សម្រេចលុបចោល«នយោបាយកូវីដសូន្យ»ក្រោយមានបាតុកម្មមហាជន។ ប្រធានាធិបតីចិន ស៊ី ជីនពីន ថ្លែងសារតាមកញ្ចក់ទូរទស្សន៍ សម្រាប់ជូនពរឆ្នាំថ្មី ដោយគូសបង្ហាញថា «ពន្លឺនៃក្តីសង្ឃឹមនៅចំពោះមុខយើងហើយ។ ការការពារនិងត្រួតពិនិត្យជំងឺរាតត្បាតសកល បានឈានចូលដំណាក់កាលថ្មី»។ ក្នុងសុន្ទរកថាកាលពីថ្ងៃសុក្រកន្លងទៅ ប្រមុខរដ្ឋចិន បានអះអាងថាក្នុងឆ្នាំចាស់ ចិនបានយកឈ្នះកម្លាំងបរទេសនិងចេតនាចង់ផ្តាច់ខ្លួន ប្រកាសឯករាជ្យរបស់តៃវ៉ាន់។

គួររំឭកថា ក្នុងឆ្នាំចាស់ ភាពតានតឹងប្រឈមមុខដាក់គ្នារវាង ចិន និង តៃវ៉ាន់ បានឈានដល់ចំណុចកំពូល ទៅលើគ្រប់ទិដ្ឋភាព ទាំងយោធា សេដ្ឋកិច្ច និងការទូត។ នៅខែតុលា ចិនប៉េកាំងធ្វើសមយុទ្ធយោធាយ៉ាងធំសម្បើមនៅក្បែរកៀរនឹងកោះតៃវ៉ាន់ខ្លាំងមែនទែន មិនដែលធ្លាប់ធ្វើពីមុនទេ ដែល តៃវ៉ាន់ អះអាងថាហួសបន្ទាត់ក្រហមទៅហើយ។ នេះក៏ព្រោះតែ ចិន មិនសប្បាយចិត្តនឹងវត្តមានរបស់ប្រធានសភាអាមេរិក អ្នកស្រី ណាន់ស៊ី ពេឡូស៊ី ដែលអញ្ជើញទៅទស្សនកិច្ចនៅតៃវ៉ាន់។

យ៉ាងណាក៏ដោយចុះ ក្នុងសារជូនពរឆ្នាំថ្មី របស់ប្រធានាធិបតី តៃវ៉ាន់ គឺហាក់ចង់សម្រួលស្ថានការណ៍ឲ្យល្អឡើងវិញ សម្រាប់ឆ្នាំ២០២៣។ អ្នកស្រី សៃ អ៊ីងវេន ប្រកាសថា សង្គ្រាមមិនមែនជាជម្រើសល្អសម្រាប់ដោះស្រាយបញ្ហាឡើយ គឺមានតែការជជែកចរចា កិច្ចសហការគ្នា និងចេតនាចង់បានស្ថិរភាពនិងអភិវឌ្ឈរួមគ្នាតែប៉ុណ្ណោះ ដែលនាំឲ្យតំបន់មានសុវត្ថិភាព សន្តិសុខ និងរីករាយសប្បាយចិត្តទាំងអស់គ្នា។ ប្រមុខដឹកនាំកោះតៃប៉ិ សង្កត់ធ្ងន់ទៀតថា ចិន និង តៃវ៉ាន់ មានកាតព្វកិច្ចរួមគ្នា ដើម្បីធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ