អានតួអត្ថបទ
ចិន-តៃវ៉ាន់

នាយករដ្ឋមន្ត្រី​តៃវ៉ាន់​រិះគន់​ចិន​ខ្លាំងៗ ក្រោយ​ចិន​ចេញ​វិធានការ​​ ហាមឃាត់​ទំនិញ​តៃវ៉ាន់​​បន្ថែមទៀត

ចាប់ពីថ្ងៃសុក្រកន្លងមកនេះ រដ្ឋាភិបាល​ចិនបាន​ចេញវិធានការ​ហាមឃាត់​ការនាំ​ចូលទំនិញ​របស់​តៃវ៉ាន់បន្ថែមទៀត ដែលមានជាអាទិ៍ ភេសជ្ជៈមានជាតិអាល់កុល។ ជាវិធានការ​រារាំង ដែលត្រូវ​បាន​លោក​រដ្ឋមន្ត្រីកោះតៃវ៉ាន់ ចេញមុខរិះគន់បរិហារ​​ចិនយ៉ាងខ្លាំង​។ លោក​បាន​អះអាងថា តៃវ៉ាន់នឹងប្តឹងទៅ​អង្គការពាណិជ្ជកម្ម​ពិភពលោក ព្រោះចិន​កំពុងតែបំពាន​ នឹងវិធាន​ច្បាប់​ដោះដូរពាណិជ្ជកម្ម​ដោយសេរី​។

ចាប់ពីថ្ងៃ​សុក្រទី៩ធ្នូ ចិនហាមឃាត់​ការនាំចូលភេសជ្ជៈមានជាតិ​អាល់កុលរបស់តៃវ៉ាន់ ក្នុងនោះ​មាន​ស្រាបៀរ១១មុខ និងភេសជ្ជៈផ្សេងទៀត​ ប្រមាណ​​១២៣មុខ។
ចាប់ពីថ្ងៃ​សុក្រទី៩ធ្នូ ចិនហាមឃាត់​ការនាំចូលភេសជ្ជៈមានជាតិ​អាល់កុលរបស់តៃវ៉ាន់ ក្នុងនោះ​មាន​ស្រាបៀរ១១មុខ និងភេសជ្ជៈផ្សេងទៀត​ ប្រមាណ​​១២៣មុខ។ AP - JEROME FAVRE
ផ្សាយពាណិជ្ជកម្ម

យោងតាមក្រសួង​ហិរញ្ញវត្ថុកោះតៃវ៉ាន់ គឺអាជ្ញាធរគយចិន បានសម្រេច​ហាមឃាត់ភ្លាមៗ តែម្តង កាលពីថ្ងៃសុក្រទី៩ធ្នូ មិន​ឲ្យ​នាំចូល​ផលិត​ផល​ទំនិញភេសជ្ជៈមានជាតិអាល់កុលផលិត​​នៅតៃវ៉ាន់។ ជាវិធានការដែលអាជ្ញាធរគយចិន បាន​អនុវត្ត​ដោយ​អនុឡោម ទៅតាមច្បាប់មួយចេញ​កាលពី​ខែមករា ដែល​តម្រូវឲ្យ​ក្រុមហ៊ុន​នាំចូល​ទំនិញ​ចំណីអាហារ ព្រមទាំងភេសជ្ជៈមានជាតិអាល់កុល​ទាំងអស់ ត្រូវតែចុះបញ្ជីជាមួយ​នឹង​អាជ្ញាធរគយ​របស់​ចិន។​

ខណៈដែលក្រុមហ៊ុន​តៃវ៉ាន់រាប់សិប​ក្រុមហ៊ុន​ កំពុងរងចាំនីតិវិធី​​ចុះបញ្ជី ការ​ដែល​អាជ្ញាធរចិនចេញវិធានការហាមឃាត់ការនាំចូលទំនិញភ្លាម​ៗបែបនេះ បាន​បង្កឲ្យ​មានការខឹងសម្បារជាខ្លាំង ពីសំណាក់​ភាគីតៃវ៉ាន់។ នៅថ្ងៃអាទិត្យទី​១១ធ្នូ លោក​ ស៊ូ សេងឆាង នាយករដ្ឋមន្ត្រី​តៃវ៉ាន់បានប្រតិកម្ម​រិះគន់ខ្លាំងៗ ថាចិនកំពុងតែ​បំពាន​ទៅនឹង​វិធានច្បាប់ដោះដូរពាណិជ្ជកម្ម​ដោយ​សេរី​ របស់អង្គការពាណិជ្ជកម្ម​ពិភពលោក​។ ជាការបំពាន​ដែល​ចិន​បានធ្វើ​ឡើង តាម​រយៈការដាក់កំហិត​រារាំងផ្នែករដ្ឋបាល តាមតែចិត្តខ្លួនចង់បាន​ ដើម្បីរំខានដល់វិស័យពាណិជ្ជកម្ម​របស់តៃវ៉ាន់។

នៅចំពោះមុខអ្នកកាសែត លោកនាយករដ្ឋមន្ត្រី​តៃវ៉ាន់ បាន​អះអាងថា តៃវ៉ាន់នឹងដាក់ពាក្យ​ប្តឹងទៅ​កាន់អង្គការពាណិជ្ជកម្ម​ពិភពលោក ព្រមទាំងជួយ​ក្រុម​ហ៊ុនតៃវ៉ាន់ ដែលកំពុងតែជួបរឿងអយុត្តិធម៌ទាំងនេះ។ លោក​បាន​បន្ថែមទៀតថា ជានិច្ចជាកាល ចិនតែងតែធ្វើរឿងរំខាន ចាប់ទោសអូសដំណើរខ្លាំងសម្បើម​ណាស់ មក​លើ​តៃវ៉ាន់ ដោយ​ទាមទារឲ្យ​ធ្វើ​បែបនេះ ធ្វើ​បែបនោះ វិល​ក្បុងតាមតែចិត្តខ្លួន​។

សូមរំលឹកថា ជាប្រតិកម្ម​ឆ្លើយតបចំពោះ​ដំណើរទៅដល់របស់​លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី ទៅដល់​កោះតៃវ៉ាន់ កាល​ពីខែសីហា ចិន​បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ហាត់សមសំដៅ​ឡោមព័ទ្ធកោះតៃវ៉ាន់។ បន្ថែមពីនេះ​ រដ្ឋាភិបាល​ចិន បាន​ចេញវិធានការ​ហាមឃាត់ទំនិញ​មួយចំនួន​របស់តៃវ៉ាន់ មានដូចជា ផ្លែឈើ និងត្រីជាដើម។

ការហាមឃាត់ភេសជ្ជៈមានជាតិអាល់កុលរបស់តៃវ៉ាន់នាពេលនេះ គឺជាជំហានថ្មីមួយទៀតរបស់ចិន​។ យោងតាម​បណ្តាញ​ព័ត៌មាន Central News Agency គឺ​យ៉ាងហោច ស្រាបៀរចំនួន​​១១យីហោ ក្នុង​ចំណោម​២៨ ដែលចុះបញ្ជីដោយ​ក្រោមហ៊ុនតៃ​វ៉ាន់​ គឺត្រូវបានអាជ្ញាធរ​ចិន​ហាមឃាត់​ឈប់ឲ្យ​នាំចូល ចាប់ពីថ្ងៃសុក្រ​ទី​៩ធ្នូ​ ក្នុង​នោះគឺ​មាន​ស្រាបៀរ​​របស់​ក្រុមហ៊ុនរដ្ឋតៃវ៉ាន់ ​Taiwan Tobacco & Liquor Corp.។ ភេសជ្ជៈផ្សេងៗទៀត ចំនួន១២៣មុខ ក្នុងចំណោម​​៣៥៤ របស់តៃវ៉ាន់ ក៏ត្រូវជាប់បំរាមហាមឃាត់នេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ