អានតួអត្ថបទ
អាស៊ាន-ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី ៖ អាស៊ាន មិនគួរ​ក្លាយ​ជា​ទី​លាន​ប្រឈមមុខ​ដាក់​គ្នា​រវាង​មហាអំណាច​ទេ

ឥណ្ឌូណេស៊ី ស្នើ​មហាអំណាចទាំងឡាយ មិនត្រូវ​យក​តំបន់​អាស៊ាន​ ធ្វើ​ជាទីលាន​ប្រឈម​មុខ​ដាក់​គ្នា។​ ការ​ស្នើអំពាវនាវ​របស់​រដ្ឋបាល​ទីក្រុង​ហ្សាការតាបែបនេះ គឺធ្វើឡើង​នៅ​ខណៈពេល​​ដែល ​​ឥណ្ឌូណេស៊ី ​​​ធ្វើ​ប្រធានអាស៊ានផ្លាស់វេន និងនៅក្នុង​ឱកាស​​បើក​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រីការបរទេស​អាស៊ាន នា​ថ្ងៃ​សុក្រ ទី​៣កុម្ភៈ ម្សិលមិញ​។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា​នេះ សហរដ្ឋអាមេរិកនិងហ្វីលីពីន បាន​ប្រកាស​ពី​ការ​យាមល្បាត​យោធារួម​គ្នា នៅ​ដែន​សមុទ្រ​ចិន​ខាងត្បូង។​

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃសុក្រ ទី៣កុម្ភៈ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃសុក្រ ទី៣កុម្ភៈ។ AP - Achmad Ibrahim
ផ្សាយពាណិជ្ជកម្ម

ប្រមុខការទូត​ឥណ្ឌូណេស៊ី បាន​ពាំនាំពាក្យ​របស់ប្រធានាធិបតី​​ ចូកូ វីដូដូ (Joko Widodo) ដែល​ស្នើក្តីអំពាវនាវថា «សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ មិនត្រូវ​​ធ្វើ​ជាទី​ប្រឈមមុខដាក់គ្នានៃប្រទេស​មហាអំណាច​ ព្រោះតែ​ហេតុផលក្តីបារម្ភអ្វីណាក៏ដោយ​»។ សេចក្តីប្រកាស​​ដូច្នេះ គឺ ឥណ្ឌូណេស៊ី បានដឹង​ជាស្រេច​ថា ក្នុង​ឋានៈ​​ជាប្រធាន​ផ្លាស់វេនអាស៊ាន ក្រុង​ហ្សារកាតា​​នឹង​ត្រូវ​ទទួលស្វាគមន៍​​ថ្នាក់ដឹកនាំ​​​មហាអំណាច​ចិន​និងសហរដ្ឋអាមេរិក ទៅ​ចូលរួម​ប្រជុំ​គ្នា​ ​ឆ្នាំ​២០២៣​។ សំណុំ​ក្តៅ​គគុក គឺ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​រដ្ឋ​សមាជិក​អាស៊ាន​ ជ្រើសរើស​ខ្នងបង្អែក​តែរៀង​ៗ​គ្នា​។

ជាក់ស្តែង នៅ​ថ្ងៃ​ព្រហស្បតិ៍​ រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន និង​​សហរដ្ឋអាមេរិក បាន​យល់​ព្រម ​ថា​នឹង​សហការ​យាម​ល្បាត​រួមគ្នា​ ​នៅ​សមុទ្រ​ចិនខាងត្បូង។ ដំណឹង​នេះ ត្រូវ​ទម្លាយ​ចេញពីសំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ហ្វីលីពីន ប្រាប់​ទៅកាន់​អ្នកកាសែត​នៃ​ទីភ្នាក់ងារ​ព័ត៌មា​នបារាំង នៅថ្ងៃសុក្រ​​ ទី​៣កុម្ភៈ។

គួររំឭកថា​ ការ​យាម​ល្បាត​ក្តី ឬ​ធ្វើ​សមយុទ្ធ​ក្តីរវាង​ហ្វីលីពីននិងសហរដ្ឋអាមេរិក ត្រូវ​ផ្អាក​នៅ​ជំនាន់​ប្រធានាធិបតី​ចាស់ រ៉ូឌ្រីហ្គោ ឌុយទែរតេ។ ឌុយទែរតេ យល់​ថា រដ្ឋបាល​ទីក្រុង​វ៉ាស៊ីន​តោន​ ​ធ្លាប់​ដាក់​អាណានិគម​លើ​ហ្វីលីពីន ដូច្នេះ​លោក​មិន​ចង់​ឲ្យ​ម្ចាស់​អាណានិគម​ត្រួត​ទៀតទេ។ ​ក្នុងរជ្ជកាល​របស់ប្រធានាធិបតីហ្វីលីពីនថ្មី ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ កិច្ចសហការ​យោធា​ជាមួយ​អាមេរិក​ បានត្រឡប់​មកវិញ​។ កិច្ចព្រមព្រៀង​ថ្មី​នៅ​ថ្ងៃព្រហស្បតិ៍ ក៏​​អនុញ្ញាតឲ្យ​ទាហាន​អាមេរិក​ដាក់​មូលដ្ឋាន​យោធា​៤​កន្លែង​បន្ថែមទៀត​នៅហ្វីលីពីន។​ ហ្វីលីពីន ដែលនៅ​កៀរក្បែរ​នឹង​​កោះតៃវ៉ាន់​។​ សំណុំ​រឿង​តៃវ៉ាន់ ឧត្តមសេនីយ​អាមេរិកម្នាក់​ ពាក់​​ផ្កាយ​មាសបួន​ ​បាន​ព្យាករថា អាច​​ប្រឈមប៉ះទង្គិច​​ដាក់គ្នា​ នៅថ្ងៃណាមួយ​ ឬប្រហែល​ជា​ ​នៅឆ្នាំ​២០២៥។​

ក្រៅពី​បញ្ហា​សមុទ្រ​ចិន អាស៊ានត្រូវ​លំបាក​ដោះស្រាយ​ក្នុង​​បញ្ហាភូមា។ ​សំណុំ​រឿង​ភូមា​ នៅតែបន្ត​តាម​ញ៉ាំញី​កិច្ចប្រជុំអាស៊ាន​ មិនថាថ្នាក់រដ្ឋមន្ត្រី ឬថ្នាក់កំពូលឡើយ​។​​​ ការ​ប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​បរទេស​ពីថ្ងៃសុក្រ គ្មាន​វត្តមាន​ប្រមុខ​ការទូត​ភូមាទេ ហើយ​របបសឹកភូមា ក៏បាន​បដិសេធ​​មិនព្រមបញ្ជូន​​«តំណាង​ស៊ីវិល» ទៅ​ចូលរួម​ប្រជុំ​ដែរ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ