អានតួអត្ថបទ
ចិន-តៃវ៉ាន់

អាជ្ញាធរ​តៃប៉ិ​ បង្ហាញក្តីបារម្ភពី​វត្តមាន«វត្ថុហោះ១» ​លើដែន​អាកាស​ក្បែរ​កោះ​តៃវ៉ាន់

យោធាអាកាស​ក្រុង​​តៃប៉ិ បាន​ប្រកាស​ប្រាប់​ដំណឹង​ពី​វត្តមាន«វត្ថុហោះ១» នៅ​ដែន​អាកាស​ប៉ែក​ខាង​ជើង​កោះ​តៃវ៉ាន់​ នាថ្ងៃសុក្រ​។​ ក្រៅពី​សម្តែង​ក្តីបារម្ភ អាជ្ញាធរ​តៃវ៉ាន់​នៅ​មិនទាន់​វាយ​តម្លៃ​ថា​ «វត្ថុហោះ១»នេះ​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​កម្រិត​ប៉ុណ្ណា​ដល់​សន្តិសុខ​កោះ​តៃវ៉ាន់​ទេ។​ នេះបើតាមសេចក្តីថ្លែងការណ៍របស់ យោធាអាកាសក្រុងតៃប៉ិ  និងឲ្យដឹងថាបានផ្តល់ដំណឹងដល់យន្តហោះទាំងឡាយដែលហោះក្បែរៗនោះ ត្រូវបង្កើតការប្រុងប្រយ័ត្ន។​

រូបភាពតំណាង​។ ប្រធានាធិបតីតៃវ៉ាន់ ត្រួតពលទាហាន ក្នុង​ខែ​មករា ២០២៣។
រូបភាពតំណាង​។ ប្រធានាធិបតីតៃវ៉ាន់ ត្រួតពលទាហាន ក្នុង​ខែ​មករា ២០២៣។ AP
ផ្សាយពាណិជ្ជកម្ម

យោធាអាកាសក្រុងតៃប៉ិ បានយកចិត្តទុកដាក់​យ៉ាង​​ដិតដល់​ចំពោះ​«វត្ថុហោះ១»  និង​បាន​តាម​ដាន​ជាប់​រហូត​ទាល់តែ​វា​ហោះចេញ​​ផុត​បាត់។ វត្ថុហោះ​ដែល​គេ​មិន​ទាន់​អាច​បញ្ជាក់​អត្តសញ្ញាណ​​នេះ ​កំពុងតែប្រុង​ធ្លាក់​​នៅ​ក្នុង​សមុទ្រ​ចិន​​ នៅ​ម្តុំ​ចម្ងាយ​ប្រហែល​ ២៨០គីឡូម៉ែត្រ​ ពីក្រុង​តៃប៉ិ​។​ ​នេះបើសេចក្តីថ្លែងការណ៍របស់ អាជ្ញាធរតៃវ៉ាន់ ប៉ុន្តែ មិន​បាន​ប្រាប់ពី​ជំហរ​និង​សេចក្តី​​សន្និដ្ឋាន​ឲ្យ​ច្បាស់​លាស់​ទេ​​ ថា​«វត្ថុហោះ១»នោះជាអ្វី​ឲ្យ​ពិត​ប្រាកដ​ ហើយ​និង​ប្រភព​​ ​វា​ហោះ​មកពីណា ​ ក៏​ទេ​ដែរ។

ជុំវិញ​វត្ថុ​ហោះ​នេះ ​ពីរបី​សប្តាហ៍​មុន​ គឺភាព​ចម្រូង​ចម្រាស់​គ្នា​ខ្លាំង រវាងសហរដ្ឋ​​អាមេរិក​និង​មហាយក្ស​ចិន​ ដ្បិត​ថា ទ័ព​អាកាស​អាមេរិក ​បាន​បាញ់កម្ទេច​​បាឡុង​ចារកិច្ច​ចិន​ ជាបន្តបន្ទាប់​ ដល់​ទៅ​ ៣ បាឡុង ដែល​ហោះលើ​ដែន​អាកាស​របស់ខ្លួន​និង​​​ប្រទេស​កាណាដា​​។ ​រដ្ឋអំណាច​ចិន​ តែង​តែ​បដិសេធ​ទាល់​ចោល​ថា នោះពុំជា​បាឡុងចារកិច្ចទេ តែ​​​ជា​បាឡុង​ស៊ីវិល និង​បង្ហោះ​ពិនិត្យ​អាកាសធាតុ​តែប៉ុណ្ណោះ។

​នៅ​ពាក់​កណ្តាល​ខែកុម្ភៈ​ ក្រសួង​ការ​ពារជាតិ​តៃវ៉ាន់ ក៏ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹង​ពីវត្តមាន​បាឡុង​ហោះ​ពិនិត្យ​អាកាសធាតុ​របស់​ចិន​ដែរ តែ​ ក្រុង​តៃប៉ិ​ មិន​រៀប​រាប់លម្អិត​ថា​មា​នចំនួន​ប៉ុន្មាន​ទេ​ គឺគ្រាន់តែ​បញ្ជាក់​​ថា វា​ផ្ទុះ​បែក​នៅលើ​អាកាស ហើយ​កម្រិតគំរាម​កំហែង​​នៃ​គ្រោះថ្នាក់​ មិនទាន់​ដល់​ថ្នាក់​ប្រកាស​អាសន្ន​ នៅឡើយ​ទេ។​

កាលពីថ្ងៃព្រហស្បតិ៍ ក្នុង​សប្តាហ៍​ មន្ត្រីសហរដ្ឋ​អាមេរិកម្នាក់​សុំ​មិន​បញ្ជេញ​ឈ្មោះ ​ប្រាប់កាសែត​ The Wall Street Journal ​ថា សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​​កង​ទ័ព ចំនួន​ ១០០ ទៅ​២០០នាក់ ទៅ​កោះ​តៃវ៉ាន់​ ដើម្បី​នឹង​ជួយ​បង្ហាត់​ហ្វឹកហ្វឺន​យោធា​តៃវ៉ាន់។​  ​សព្វថ្ងៃ ទ័ព​អាមេរិក​​ មាន​ប្រមាណ​តែ​ ៣០នាក់​ប៉ុណ្ណោះ នៅកោះ​​តៃវ៉ាន់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ