អានតួអត្ថបទ
វិបត្តិភូមា-អង្គការសហប្រជាជាតិ

របាយការណ៍អ.ស.ប៖​របបសឹកបង្កើតវិបត្តិសិទ្ធិមនុស្ស​ម្តងហើយ ម្តងទៀត

របបសឹកភូមា​កំពុងធ្វើ​សង្រ្គាម​ប្រឆាំង​ប្រជាជនឯង។ នៅក្នុង​របាយការណ៍ កាលពីថ្ងៃសុក្រទី​៣​មីនា ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ចោទប្រកាន់​របបសឹកភូមាថា បាន​បង្កើត​វិបត្តិសិទ្ធិមនុស្ស ឥតល្ហែរ តាមរយៈ​ការប្រើអំពើ​ហិង្សា សម្លាប់មនុស្ស ចាប់ខ្លួន​ដោយ​អយុត្តិធម៌ ការធ្វើទារុណកម្ម និង​ការបាត់ខ្លួន​របស់​អ្នកប្រឆាំង​រដ្ឋប្រហារ​យោធា។ នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែក ឧត្តមស្នងការសិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ ទាមទារ​ឲ្យ​មានដំណោះស្រាយបន្ទាន់ ដើម្បីបិទបញ្ចប់​អំពើហិង្សា ដ៏មហន្តរាយ​នៅភូមា។

រូបភាពផ្តល់ដោយ​កងទ័ពភូមា បង្ហាញ​កងទ័ពភូមា​កំពុង​ប្រយុទ្ធ​តទល់​នឹង​ក្រុមប្រដាប់អាវុធប្រឆាំង នៅ​រដ្ឋ​ Kayah នៅភូមា នៅថ្ងៃទី ២២​ខែមេសា ២០២២
រូបភាពផ្តល់ដោយ​កងទ័ពភូមា បង្ហាញ​កងទ័ពភូមា​កំពុង​ប្រយុទ្ធ​តទល់​នឹង​ក្រុមប្រដាប់អាវុធប្រឆាំង នៅ​រដ្ឋ​ Kayah នៅភូមា នៅថ្ងៃទី ២២​ខែមេសា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ ចេញផ្សាយ​នៅថ្ងៃ​សុក្រទី ៣​មីនា បង្ហាញ​ថា នៅរយៈពេល​២ឆ្នាំ ក្រោយរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី កងទ័ពភូមា​បាន​បង្កើន​ទាំង​សមរភូមិ​ប្រយុទ្ធ និង​ក្រុមសត្រូវ។

តាម​អង្គការ​សហប្រជាជាតិ នៅក្រោយ​បើកការបង្រ្កាប​ហិង្សា​ទៅលើ​អ្នកប្រឆាំង​រដ្ឋប្រហារ កាលពី ២ឆ្នាំមុន សមរភូមិប្រយុទ្ធ​របស់​កងទ័ពភូមា បានកើនឡើង ដល់ចំនួន ១៣កន្លែង នៅទូទាំងប្រទេស មិនថា នៅក្នុង​តំបន់កាន់កាប់​ដោយ​ពួកឧទ្ទាមជនជាតិភាគតិច ឬ​នៅក្នុង​តំបន់​គ្រប់គ្រង​ដោយជនជាតិភូមាខ្លួនឯង។

ថ្លែងប្រាប់អ្នកកាសែត​នៅទីក្រុង​ហ្សឺណែវ កាលពីថ្ងៃសុក្រ ប្រធានការិយាល័យ​សិទ្ធិមនុស្ស ទទួលបន្ទុកកិច្ចការភូមា លោក​James Rodehaver បាននិយាយ​ថា របបសឹកភូមា​បង្កើន​ការវាយប្រហារតាមផ្លូវអាកាស និង​ការបាញ់គ្រាប់ផ្លោង ដើម្បីបើកផ្លូវ​ឲ្យ​កងទ័ពថ្មើជើង នៅលើ​ទីសមរភូមិ។ ទឹកដី​ភូមា​ប្រមាណ ៧៧%​កំពុងជួបប្រទះ​ការប្រយុទ្ធគ្នា​រវាង​កងទ័ព និង​ក្រុមប្រឆាំង ដែលមួយចំនួន​បាន​ទទួលការគាំទ្រ​ផ្នែកអាវុធ ពី​ពួកឧទ្ទាមជនជាតិភាគតិច។ ជាលទ្ធផល ទីក្រុង ស្រុក​ភូមា ជាង ៣៣០​ប៉ះពាល់ដោយផ្ទាល់ ​ដោយសារ​ការប្រយុទ្ធគ្នារបស់​គូបដិបក្ខ។

សម្រាប់​ប្រធាន​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នេះជាលើកទី១ ដែល​ភូមា​ជួប​វិបត្តិ​សិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរ និង​សង្រ្គាមរាលដាលពេញប្រទេស​យ៉ាងដូច្នេះ។

នៅទូទាំង​ប្រទេស ផ្ទះជិត ៤ម៉ឺនខ្នង​ត្រូវ​កងទ័ព​ដុតបំផ្លាញ ឬវាយកម្ទេច គិតចាប់តាំងពី​ខែ​កុម្ភៈ ឆ្នាំ ២០២២​ចំណែក​មនុស្ស​យ៉ាងតិច ២៩៤០នាក់ ត្រូវ​គេសម្លាប់ ដែលនៅក្នុង​នោះ ៣០% ស្លាប់​នៅក្នុង​មន្ទីរឃុំឃាំង។

នៅក្នុង​របាយការណ៍ ដែលកត់ត្រា​ពីខែ​កុម្ភៈ ឆ្នាំ ២០២២ ដល់​ខែ​មករា ឆ្នាំ ២០២៣ ការិយាល័យសិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ នៅបាន​បរិហារ​យុទ្ធសាស្រ្ត​ថ្មី​របស់​របបសឹក ដែល​មាន​គោលដៅ​កាត់ផ្តាច់​ប្រភព​ទ្រទ្រង់​របស់​ក្រុមប្រឆាំង ដែលមាន​ដូចជា ស្បៀង ការរើសបញ្ចូល​កម្លាំងទ័ព ព័ត៌មាន​សម្ងាត់ និង​ការទទួល​ថវិកា​ហិរញ្ញវត្ថុពីខាងក្រៅ។

នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក ​ប្រធានឧត្តមស្នងការសិទ្ធិមនុស្ស​លោក Volker Turk បាន​និយាយ​ចោទប្រកាន់​កងទ័ពភូមា​ថា ក្រៅតែពីបង្កើត​ច្បាប់ថ្មី និង​អនុវត្ត​ច្បាប់​អាជ្ញាសឹក កងទ័ព​ភូមា​បើកប្រតិបត្តិកា​ទៅលើ​ក្រុមប្រឆាំង ជាមួយ​និទណ្ឌភាព។ ចាប់តាំង​ពី​កើតមាន​រដ្ឋប្រហារ​យោធាមក ប្រជាជនភូមា​ត្រូវ​រស់នៅ ប្រឈម​គ្រប់ពេលវេលា​នឹង​អំពើហិង្សា ឧក្រិដ្ឋកម្ម​សម្លាប់មនុស្ស ការចាប់ខ្លួន​ដោយ​បង្ខំ ទារុណកម្ម និងការរំលោភផ្លូវភេទ។

សម្រាប់​ប្រធានការិយាល័យសិទ្ធិមនុស្ស​ទទួលបន្ទុកភូមា នៅ​២ឆ្នាំមកនេះ កងទ័ពភូមា​បាន​បង្កើត​វិបត្តិដ៏ធំមួយ ដែលនៅក្នុង​នោះ ការគោរព​សិទ្ធិមនុស្ស​បានធ្លាក់ចុះ ហៅលែងលឺ ប្រជាជនរងទុក្ខសោក បាត់បង់គ្រប់បែបយ៉ាង សូម្បី​មូលដ្ឋានគ្រឹះ ដើម្បី​រស់ និងក្តីសង្ឃឹម​សម្រាប់​អនាគត​សេដ្ឋកិច្ច​របស់ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ