អានតួអត្ថបទ
ថៃ-បរិស្ថាន

ថៃ៖គិតតាំងពីដើមឆ្នាំ ២០២៣ មានមនុស្សជាង ១លាន ៣សែននាក់បានធ្លាក់ខ្លួនឈឺដោយខ្យល់ពុលក្នុងបរិយាកាស

នៅ​ក្នុង​ប្រទេស​ថៃ រដ្ឋអំណាច​សុខាភិបាល​បាន​បញ្ជាក់​ថា​ក្នុង​សប្តាហ៍​នេះ មាន​មនុស្ស​ប្រមាណ​ជា ២០ម៉ឺន​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ​ចូល​ពេទ្យ​ដោយសារ​ស្រូប​ខ្យល់​ពុល​ក្នុង​បរិយាកាស ហើយ​បើ​គិត​តាំង​ពី​ដើម​ឆ្នាំ ២០២៣ មក គឺ​មាន​ជាង ១លាន ៣សែន​នាក់។ បាងកក​ជា​ទីក្រុង​ដែល​កំពុង​គ្របដណ្តប់​ដោយ​ខ្យល់​ពុល​ខ្លាំង​ជាង​គេ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៩ មីនា នេះ បាងកក​កំពុង​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន ព្រោះ​អត្រា​ល្អងធូលីតូចល្អិត​មាន​កម្រិត​ខ្ពស់​ខ្លាំង​នៅ​ក្នុង​បរិយាកាស។

ខ្យល់ពុលក្នុងបរិយាកាសគ្របដណ្តប់​ក្រុង​បាងកក ប្រទេស​ថៃ។
ខ្យល់ពុលក្នុងបរិយាកាសគ្របដណ្តប់​ក្រុង​បាងកក ប្រទេស​ថៃ។ AP - Wally Santana
ផ្សាយពាណិជ្ជកម្ម

មាន​មនុស្ស​រស់នៅ​ប្រមាណ​ជា ១១លាននាក់ បាងកក​បាន និង​កំពុង​បន្ត​ជា​ទីក្រុង​ដែល​មាន​សកម្មភាព​មមាញឹកខ្លាំង​ទាំង​ផ្នែក​ជំនួញ និង​ទេសចរណ៍។ តែ​អ្វី​ដែល​ក្រុង​បាងកក​មិន​អាច​បាំង​ភ្នែក​មនុស្ស​ទូទៅ​បាន គឺ​ការ​កកស្ទះ​ចរាចរណ៍ និង​មនុស្សម្នា​ស្អេកស្កះ​ណែនណាន់​តាន់តាប់​នៅ​តាម​ផ្លូវ​គ្រប់​ច្រកល្ហក​ទាំង​អស់។ តាំង​ពី​ដើម​សប្តាហ៍​នេះ​មក ក្រុង​បាងកក និង​តំបន់​ជុំវិញ​បាន​គ្របដណ្តប់​ដោយ​ផ្សែងពុល​ក្រាស់ឃ្មឹក​ដែល​ចេញ​ពី​បំពង់ស៊ីម៉ាំងឡាន និង​បំពង់ផ្សែង​រោងច្រក។ អត្រា​ផ្សែងពុល​ក្រាស់ឃ្មឹក​នៅ​ក្នុង​ខ្យល់​នេះ​បាន​ជំរុញ​ឲ្យ​ប្រជាជន​ពាក់ម៉ា​ស​នៅ​ពេល​ចេញ​ពី​ផ្ទះ។ អនុសាសន៍​របស់​គ្រូពេទ្យ​ម្នាក់​នៃ​ក្រសួង​សុខាភិបាល​សម្រាប់​អ្នក​ក្រុង​បាងកក គឺ​ពាក់​ម៉ាស​ប្រភេទ N៩៥ នៅ​ពេល​ចេញ​ក្រៅ។

ចំណែក​កូនក្មេង ស្រ្តី​មាន​ផ្ទៃពោះ និង​អ្នកមាន​បញ្ហា​ផ្លូវដង្ហើម ឬ​បេះដូង​មិន​ត្រូវ​ចេញ​ក្រៅ​ទេ។ ក្នុង​ថ្ងៃ​ពុធ ទី៨ មីនា សង្កាត់​ទាំង ៥០ នៅ​ក្រុង​បាងកក​មាន​កម្រិត​អត្រា​ល្អងធូលីតូចល្អិត​លើស​កម្រិត​បង្ការ​ឆ្ងាយ​ណាស់។ ទីភ្នាក់ងារ​ឃ្លាំមើល​ផ្សែងពុល​ក្នុង​បរិយាកាស​បាន​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៩ មីនា​នេះ​ថា ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ កម្រិត​អត្រា​ល្អងធូលីតូចល្អិត​ក្នុង​សង្កាត់​ប្រាទូណាម​មាន​ដល់​ទៅ ៧០មីក្រូក្រាម​ក្នុង​មួយ​ម៉ែតគូប​ខ្យល់ ពោល​លើស​ឆ្ងាយ​ខ្លាំង​ពី​កម្រិត​កំណត់​ដោយ​អង្គការសុខភាព​ពិភពលោក​ដែល​មាន​ត្រឹម ១៥មីក្រូក្រាម។ ដើម្បី​ទប់​ស្កាត់​នឹង​កម្រិត​ផ្សែងពុល​ខ្ពស់​ក្នុង​បរិយាកាស រដ្ឋអំណាច​ក្រុង​បាងកក និង​តំបន់​ជុំវិញ​បាន​ចាត់​វិធានការ​ត្រួតពិនិត្យ​លើ​បំពង់ស៊ីម៉ាំង​ឡាន​នៅ​តាម​ផ្លូវ។

ចំណែក​កន្លែង​មើល​កូនក្មេង​របស់​រដ្ឋ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​បន្សុតខ្យល់។ គួរ​រម្លឹក​ថា ក្រុង​បាងកក និង​តំបន់​ជុំវិញ​ធ្លាប់​ជួប​កម្រិត​ផ្សែងពុល​ខ្ពស់​ក្នុង​បរិយាកាស​នា​ដំណាច់​ខែ​មករា។ កាលណោះ រដ្ឋអំណាច​បាន​ស្នើ​ឲ្យ​អ្នក​ក្រុង​បាងកក​ធ្វើ​ការ​ពី​ផ្ទះ។ សំណើ​នេះ​កំពុង​បន្ត​ស្ថិត​ជា​បច្ចុប្បន្នភាព​មក​ដល់​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ