អានតួអត្ថបទ
ឧបទ្វីបកូរ៉េ-អាមេរិក

មហាសមយុទ្ធរវាងកូរ៉េខាងត្បូង និងអាមេរិកត្រូវបានកូរ៉េខាងជើងសាទរដោយបាញ់មីស៊ីលចំនួន ២គ្រាប់

នៅ​ឧបទ្វីប​កូរ៉េ សមយុទ្ធ​ក្រោម​ឈ្មោះ « Freedom Shield ២០២៣ » រវាង​កូរ៉េខាងត្បូង និង​អាមេរិក​បាន​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​ចន្ទ ទី១៣ មីនា​សម្រាប់​រយៈពេល ១០ថ្ងៃ។ តែ​នៅ​ថ្ងៃ​អាទិត្យ ទី១២ មីនា ពោល​នៅ​ប៉ុន្មាន​ម៉ោង​មុន​ក្រុង​សេអ៊ូល និង​ក្រុម​វ៉ាស៊ីនតោន​ផ្តើម​សមយុទ្ធ​រួម​គ្នា ក្រុង​ព្យុងយ៉ាង​បាន​បាញ់​មីស៊ីល​យុទ្ធសាស្រ្ត​ចំនួន ២គ្រាប់​ចេញ​ពី​នាវាមុជទឹក។ តាម​រយៈ​ការ​បាញ់​មីស៊ីល​នេះ កូរ៉េខាងជើង​ចង់​សម្តែង​ការ​ប្រឆាំង​របស់​ខ្លួន​ចំពោះ​សមយុទ្ធ​រវាង​កូរ៉េខាងត្បូង និង​អាមេរិក​ពេល​នេះ។

មហាសមយុទ្ធរវាងកូរ៉េខាងត្បូង និងអាមេរិកត្រូវបានកូរ៉េខាងជើងសាទរដោយបាញ់មីស៊ីលចំនួន ២គ្រាប់ក្នុង​ថ្ងៃអាទិត្យ ទី១២ មីនា ២០២៣។
មហាសមយុទ្ធរវាងកូរ៉េខាងត្បូង និងអាមេរិកត្រូវបានកូរ៉េខាងជើងសាទរដោយបាញ់មីស៊ីលចំនួន ២គ្រាប់ក្នុង​ថ្ងៃអាទិត្យ ទី១២ មីនា ២០២៣។ via REUTERS - KCNA
ផ្សាយពាណិជ្ជកម្ម

កំណើន​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ដែល​ក្រុម​អ្នកជំនាញ​បាន​ទន្ទឹង​រង់ចាំ​ក្នុង​សប្តាហ៍​នេះ​បាន​កើត​មាន​មែន។ ក្រុង​ព្យុងយ៉ាង​បាន​បាញ់​មីស៊ីល​យុទ្ធសាស្រ្ត​ចំនួន ២គ្រាប់​ចេញ​ពី​នាវាមុជទឹក ហើយ​មីស៊ីល​ទាំង ២គ្រាប់​នេះ​ពិត​ជា​បាន​ធ្លាក់​ចំ​ផ្ទាំងស៊ីប​ដែល​បាន​កំណត់​ទុក​មុន​នៅ​សមុទ្រខាងកើត​កូរ៉េ ឬ​ហៅ​សមុទ្រជប៉ុន នេះ​បើ​តាម​ទីភ្នាក់ងារ​ផ្លូវការ​កូរ៉េខាងជើង​ឈ្មោះ KCNA។ តាម KCNA ដដែល ការ​បាញ់​មីស៊ីល​យុទ្ធសាស្រ្ត​ទាំង ២គ្រាប់​ចេញ​ពី​នាវា​មុជទឹក​បាន​អនុញ្ញាត​ឲ្យ​ក្រុង​ព្យុងយ៉ាង​ផ្ទៀងផ្ទាត់​នូវ​សមត្ថភាព និង​មធ្យោបាយ​ប្រតិបត្តិការ​ការពារ​ខ្លួន​ដោយ​នុយក្លេអ៊ែរ។

តែ​អ្វី​ជា​ការ​កត់​សម្គាល់ ការ​បាញ់​មីស៊ីល​ទាំង ២គ្រាប់​របស់​កូរ៉េខាងជើង​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​កូរ៉េខាងត្បូង និង​អាមេរិក​ផ្តើម​សមយុទ្ធ​រួម​គ្នា​ក្រោម​ឈ្មោះ « Freedom Shield ២០២៣ »។ ដូច្នេះ ការ​បាញ់​មីស៊ីល​របស់​ក្រុង​ព្យុងយ៉ាង​ពេល​នេះ​មាន​បង្កប់​ដោយ​សញ្ញា​ពីរ ទី១ ជា​ការ​ធ្វើ​តេស្តិ៍​សមត្ថភាព​ខ្លួន​ឯង និង​ទី២ ជា​ការ​សម្តែង​ភាព​មិន​សប្បាយចិត្ត​នឹង​សមយុទ្ធ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង។ ចូរ​កុំ​ភ្លេច​ថា កូរ៉េខាងជើង​បាន​ចាត់​ទុក​គ្រប់​សមយុទ្ធ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ជា​ការ​រៀបចំ​ជើងព្រួល​ត្រៀម​វាយ​ចូល​ឈ្លានពាន​ខ្លួន។

« ពួក​ចក្រពត្តិនិយម​អាមេរិក និង​កងកម្លាំង​អាយ៉ង​កូរ៉េខាងត្បូង​កំពុង​បោះជំហាន​ទៅ​មុខៗ​បន្តិច​ម្តងៗ​នៅ​ក្នុង​សមយុទ្ធ​របស់​ពួក​គេ​ដើម្បី​ប្រឆាំង​កូរ៉េខាងជើង » នេះ​ជា​ការ​យល់​ឃើញ​របស់ KCNA។ គួរ​បញ្ជាក់​ថា សមយុទ្ធ​រវាង​កូរ៉េខាងត្បូង និង​អាមេរិក​ក្រោម​ឈ្មោះ « Freedom Shield ២០២៣ » រយៈពេល ១០ថ្ងៃ​មាន​គោលដៅ​បង្កើន​កិច្ចសហប្រតិបត្តិ​ផ្លូវអាកាស ក្នុង​ទឹក និង​លើ​គោក​រវាង​កងទ័ព​ទាំង​ពីរ​ប្រទេស។ តែ​អ្វី​ដែល​គេ​អាច​រង់ចាំ​ពី​សមយុទ្ធ​រវាង​ក្រុង​សេអ៊ូល និង​ក្រុង​វ៉ាស៊ីនតោន​ពេល​នេះ គឺ​ការ​បាញ់​មីស៊ីល ឬ​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ