អានតួអត្ថបទ

ចិនដាក់​«ទណ្ឌកម្ម​បុគ្គល»ចំពោះ​អ្នក​តំណាង​តៃវ៉ាន់​នៅអាមេរិក និង​ស្ថាប័ន​អាមេរិក​មួយ​ចំនួន

​ថ្ងៃ​សុក្រ ទី​៧មេសា​ រដ្ឋអំណាច​ចិន​ប៉េកាំង បាន​សម្រេ​ច​ដាក់«​ទណ្ឌកម្ម​បុគ្គល»ចំពោះ«​អ្នក​តំណាង​»កោះតៃវ៉ាន់​ប្រចាំ​នៅ​សហរដ្ឋអាមេរិក ដោយ​ហាម​ឃាត់«​រដ្ឋទូត»តៃវ៉ាន់​មិន​ឲ្យ​ចេញចូល​ទឹក​ដី​​របស់​ចិន​។ មិន​តែប៉ុណ្ណោះ រដ្ឋ​អំណាច​ចិន​ ក៏​បាន​ដាក់​ទណ្ឌកម្ម​ដូចគ្នា​នេះដែរ​ ចំពោះ​ថ្នាក់ដឹកនាំស្ថាប័ន​មួយ​ចំនួន​របស់​សហរដ្ឋអាមេរិក​ ដែល​ជួយ«​ជ្រោម​ជ្រែង»​កោះ​តៃវ៉ាន់។ ជាប្រតិកម្ម​ឆ្លើយ​តប អាជ្ញាធរ​តៃវ៉ាន់ សោកស្តាយ​ចំពោះ​ការ​សម្រេច​របស់​រដ្ឋបាល​ចិន​ដីគោក ក៏ប៉ុន្តែ ​រដ្ឋបាល​ក្រុង​តៃប៉ិ អះអាងថា ទណ្ឌកម្ម​របស់​ចិន​នេះ គ្មាន​បាន​ផលទេ ហើយ​តៃវ៉ាន់​នឹង​នៅតែបន្ត​កិច្ចការ​របស់ខ្លួន​ជានិច្ច។ ​

អ្នកស្រី ស៊ូវ មីជីន ​​អ្នកតំណាងទូត​តៃវ៉ាន់នៅអាមេរិក
អ្នកស្រី ស៊ូវ មីជីន ​​អ្នកតំណាងទូត​តៃវ៉ាន់នៅអាមេរិក VIA REUTERS - TAIWAN PRESIDENTIAL OFFICE
ផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន​ផ្លូវ​រដ្ឋ​ចិន​បញ្ជាក់ថា ទណ្ឌកម្ម​​​បុគ្គល​ ទៅលើអ្នកស្រី ស៊ូវ មីជីន​ ​តំណាងទូត​តៃវ៉ាន់នៅអាមេរិក គឺ​ហាម​ឃាត់អ្នក​ស្រី​និងសមាជិក​​ក្រុម​គ្រួសារ មិនឲ្យ​ចេញ​ចូល​ជាន់​ដែន​ដី​របស់​ចិន​ដីគោក ហុងកុង និង ម៉ាកាវ​។​ ទណ្ឌកម្ម​នេះ​​ដាក់​ចេញ​ពី ការិយាល័យ​រដ្ឋបាល​ចិន​ទទួល​បន្ទុក​កិច្ចការ​តៃវ៉ាន់​ ហើយ​បំរាមហាម​ឃាត់​នេះក៏ជះ​ឥទ្ធិពល​​​ប៉ះពាល់​ដូចគ្នា​ទៅដល់​ បណ្តាក្រុមសហគ្រាស​ ឈ្មួញ​​វិនិយោគ​ទុន ឬ​​បុគ្គលឯកជន​ណា ដែល​​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​តំណាង​ទូត​តៃវ៉ាន់​​រូប​នេះ។​ មូលនិធិ Prospect Foundation ដែល​បំផុស​គំនិត​សេរីនិយម​និងប្រជាធិបតេយ្យ​នៅអាស៊ី​ បង្កើត​​ដោយ​អតីត​ថ្នាក់​ដឹកនាំ​តៃវ៉ាន់​ ក៏​ធ្លាក់​ខ្លួន​ចូលក្នុង​បញ្ជី​ទណ្ឌកម្មចិន​​ដែរ​។​

​ចិន​ដាក់​ទណ្ឌកម្ម​ដូច្នេះ គឺ​បន្ទា​ប់ពីការ​ជួបជជែក​គ្នា​​​រវាង​​ថ្នាក់ដឹកនាំ​តៃវ៉ាន់ អ្នកស្រី ​សៃ អ៊ីងវេន និង​ប្រធាន​សភា​អាមេរិក លោក Kevin McCharhty​។ ទណ្ឌកម្ម​ថ្ងៃ​សុក្រ គឺ​ក្រោយ​ពី​ថ្ងៃព្រហស្បតិ៍ ដែល​ ចិន ​បាន​រំកិល​នាវា​ចម្បាំង​ ៣ គ្រឿង ​និង ​បង្ហោះ​ឧទ្ធម្ភាគចក្រ​ប្រឆាំង​នាវាមុជ​ទឹក​ ទៅ​កៀក​កោះតៃវ៉ាន់។​

នៅ​សុក្រ​ដែរ ក្រសួង​ការ​បរទេស​ចិន បាន​ដាក់​ចេញ​ចំណាត់​ការ​និង​ទណ្ឌកម្ម​ថែម​ទៀត ចំពោះ​វិទ្យាស្ថាន Hudson ជាក្រុម​សញ្ជឹងគិត​នៅ​វ៉ាស៊ីន​តោន និង បណ្ណាល័យ​ Ronald Reagan ដែល​ជួយ​សម្របសម្រួល​ជំនួប​រវាង​​ប្រធានាធិបតីតៃវ៉ាន់​និង​ប្រធាន​រដ្ឋសភាអាមេរិក​។ ក្រសួងការបរទេសចិន បញ្ជាក់ថា​ស្ថាប័ន​អាមេរិកទាំងនេះ បា​នផ្តល់​វេទិកា​ និង​ជួយជំរុញ​​​សម្រួល​ដល់​សកម្មភាព​ចង់​ផ្តាច់​ខ្លួន​របស់​តៃវ៉ាន់​។​ ទីភ្នាក់​សារព័ត៌មានបារាំង​​AFP ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ស្ថាប័ន​អាមេរិក​ទាំង​២ដែរ តែ​គ្មាន​ប្រតិកម្ម។

រីឯ ក្រសួង​ការបរទេស​តៃវ៉ាន់ បាន​ថ្លែង​ក្តី​ខឹង​ក្រោធ​ និង​បាន​បន្ទោស​ចិន​ថា​គ្មាន​សិទ្ធិមកជ្រៀត​ជ្រែង​ដំណើរ​ទៅ​បរទេស​របស់​ប្រធានាធិបតី​របស់ខ្លួន​ឡើយ ហើយ​ទង្វើ​របស់​ចិនកុម្មុយនិស្ត​ គឺ​​គួរ​ឲ្យ​អស់​សំណើច​​។ តៃវ៉ាន់​បន្ទរ​ទៀត​ថា រដ្ឋអំណាច​​ចិន​ យល់​ច្រឡំ​ និងគិត​ខុស។ គិត​ខុស​ដែលដេកស្រមៃ​​ថា ​ទណ្ឌកម្ម​មាន​ប្រសិទ្ធភាព​​ តែ​តាម​ពិត​គឺ ​ទទេ​ស្អាត។

រដ្ឋបាល​ក្រុង​តៃ​ប៉ិ លើកឡើងពន្យល់​ថា សាច់​ការ​ជាក់ស្តែង​ ទណ្ឌកម្ម​របស់​ក្រុង​ប៉េកាំង មាន​ឥទ្ធិពល​តិចតួចស្តួច​ស្តើង ឬស្ទើរតែ​គ្មាន ដ្បិតថា ​ថ្នាក់ដឹកនាំ​តៃវ៉ាន់​ មិនដែល​ទៅ​ជាន់​ដី​ចិន​ដីគោក ហើយតុលាការ​​ចិន ក៏គ្មាន​ដែនយុត្ថាធិការ​ គ្មាន​សមត្ថកិច្ច ​​អ្វី នៅ​លើកោះតៃវ៉ាន់ ទេ​។​​ ផ្ទុយទៅវិញ អាជ្ញាធរ​តៃវ៉ាន់ ឌឺដង​ថា ទណ្ឌកម្ម​ចិន គឺកាន់តែ​ជំរុញ​ឆន្ទៈ​ឲ្យ​តៃវ៉ាន់​ប្រឹង​ប្រែង​ធ្វើការ​នៅ​លើ​ឆាក​អន្តរជាតិ កាន់តែ​ខ្លាំង​ថែមទៀត​៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ