អានតួអត្ថបទ
តៃវ៉ាន់-អាមេរិក-ចិន

ចិនកំពុងក្តៅស្លឹកត្រចៀកខ្លាំងនឹងជំនួបរវាងប្រធានាធិបតីតៃវ៉ាន់ និងប្រធានសភាអាមេរិក

នៅ​តៃវ៉ាន់ រដ្ឋមន្រ្តី​ការពារជាតិ​បាន​ប្រកាស​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៦ មេសា​នេះ​ថា ចិន​បាន​បញ្ជូន​នាវាចម្បាំង​ទៅ​កាន់​ដែនទឹក​ព័ទ្ធជុំវិញ​កោះ​តៃវ៉ាន់។ តាម​រដ្ឋមន្រ្តី​ការពារជាតិ​តៃវ៉ាន់​រូប​នេះ​ដដែល តៃវ៉ាន់​ក៏​បាន​ឃើញ​វត្តមាន​ឧទ្ធម្ភាគចក្រ​ប្រឆាំង​នាវាមុជទឹក​របស់​ចិន​បាន​ហោះ​ឆ្លង​កាត់​តំបន់​ការពារដែនអាកាស​របស់​តៃវ៉ាន់​ដែរ។ ការ​ដែល​ចិន​កំពុង​ដំឡើង​សាច់ដុំ​ដាក់​តៃវ៉ាន់​ជា​ថ្មី​បាន​កើត​មាន​ឡើង ក្រោយ​ពី​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី សៃ អ៊ីងវេន​បាន​ចូល​ជួប​ប្រធាន​សភា​អាមេរិក​លោក​គេវីន ម៉ាកការទី​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ម៉ាវ នីង​។
អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ម៉ាវ នីង​។ AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​មាន​ការ​ព្រមាន និង​គំរាម​ច្រើន​ដង​ពី​ចិន​ក៏​តៃវ៉ាន់​មិន​ខ្ចី​យក​ត្រចៀកស្តាប់ និង​បន្ត​ធ្វើ​មិន​ដឹង មិន​ឮ។ ដូច​ដែល​បាន​គ្រោង​ទុក​ក្នុង​ថ្ងៃ​ពុធ ទី៥ មេសា ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី សៃ អ៊ីងវេន​បាន​ចូល​ជួប​ប្រធាន​សភា​អាមេរិក​លោក​គេវីន ម៉ាកការទី​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា ក្រោយ​ពី​លោកស្រី​បាន​វិល​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​តំបន់​អាមេរិកឡាទីន។ ដូច​ដែល​បាន​គំរាម និង​ព្រមាន ចិន​បាន​បញ្ជូន​នាវាចម្បាំង​សរុប​ចំនួន ៤ គ្រឿង​នៅ​ដាក់​ក្នុង​ដែនទឹក​ព័ទ្ធជុំវិញ​កោះ​តៃវ៉ាន់។ ទន្ទឹម​គ្នា​នេះ និង​បើ​តាម​រដ្ឋមន្រ្តី​ការពារជាតិ​តៃវ៉ាន់​លោក​ឈាវ គួរជឹង មាន​ឧទ្ធម្ភាគចក្រ​ប្រឆាំង​នាវាមុជទឹក​របស់​ចិន​មួយ​គ្រឿង​បាន​ហោះ​ឆ្លង​កាត់​តំបន់​ការពារដែនអាកាស​របស់​តៃវ៉ាន់។

គួរ​រម្លឹក​ថា​ក្នុង​ខែ​សីហា ឆ្នាំ ២០២២ ចិន​បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ​តៃវ៉ាន់​ដែល​កាល​ណោះ ជា​ចម្លើយ​តប​នឹង​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក​ពេល​នោះ​លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី​នៅ​តៃវ៉ាន់។ ចុះ​នៅ​ក្នុង​ជំនួប​រវាង​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី សៃ អ៊ីងវេន និង​ប្រធាន​សភា​អាមេរិក​លោក​គេវីន ម៉ាកការទី​ពេល​នេះ តើ​ចិន​អាច​នឹង​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ដូច​ក្នុង​ខែ​សីហា ឆ្នាំ ២០២២ ដែរ ឬ​ទេ?។ « យើង​មិន​ទាន់ចោល​សម្មតិកម្ម​មួយ​នេះ​ទេ ហើយ​យើង​បន្ត​ឃ្លាំ​មើល »នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋមន្រ្តី​ការពារជាតិ​តៃវ៉ាន់​លោក​ឈាវ គួរជឹង​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត។

បើ​តាម​មើល​ទៅ ចម្លើយ​របស់​ចិន​ប្រហែល​មិន​មាន​ត្រឹម​បញ្ជូន​នាវាចម្បាំង​នៅ​ដាក់​ជុំវិញ​តៃវ៉ាន់​ប៉ុណ្ណោះ​ទេ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ម៉ាវ នីង​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៦ មេសា​នេះ​ថា ចិន​នឹង​ចាត់​វិធានការ​ម៉ឺងម៉ាត់​ដើម្បី​ការពារ​អធិបតេយ្យជាតិ និង​បូរណភាព​ទឹកដី​របស់​ខ្លួន។ គួរ​រម្លឹក​ថា ចិន​តែង​ចាត់​ទុក​តៃវ៉ាន់​ជា​ខេត្ត​ឧទ្ទាម​របស់​ខ្លួន និង​ប្រើ​កម្លាំង​វាយប្រហារ​បើ​កោះ​នេះ​ហ៊ាន​ប្រកាស​ឯករាជ្យ​នៅ​ថ្ងៃ​ណា​មួយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ