អានតួអត្ថបទ

ថ្នាក់ដឹកនាំ​តៃវ៉ាន់ អះអាងថានឹងរក្សា«ជំហរ​ដដែល» ចំពោះ​មុខ​រដ្ឋអំណាច​ចិន

ថ្ងៃសៅរ៍ ទី​២០ឧសភា​​ ប្រធានាធិបតី​តៃវ៉ាន់​ អ្នក​ស្រី សៃ អ៊ីងវេន អះអាង​ថា​​នៅតែ​បន្ត​រក្សា​ជំហរ​ចំពោះ​សន្តិភាព​និង​ស្ថិរភាព​ជានិច្ច ហើយ​តៃវ៉ាន់​​ប្តេជ្ញា​ចិត្ត​ការពារខ្លួនជានិច្ច​ទប់​ទល់​នឹង​ការ​គំរាម​កំហែង។ ក៏​ប៉ុន្តែ​ ថ្នាក់​ដឹក​នាំ​តៃវ៉ាន់ បញ្ជាក់ដែរថា «​សង្គ្រាម​គឺ​ពុំមែន​ជា​ជម្រើស​សម្រាប់​តៃវ៉ាន់​ឡើយ​»។​​

អាយុ​៦៦ឆ្នាំ អ្នកស្រី សៃ អ៊ីងវេន ដឹកនាំ​តៃវ៉ាន់​២អាណត្តិ​ហើយ និង​គ្មាន​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​១​អាណត្តិ​ទៀតទេ។
អាយុ​៦៦ឆ្នាំ អ្នកស្រី សៃ អ៊ីងវេន ដឹកនាំ​តៃវ៉ាន់​២អាណត្តិ​ហើយ និង​គ្មាន​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​១​អាណត្តិ​ទៀតទេ។ AP - Moises Castillo
ផ្សាយពាណិជ្ជកម្ម

ក្នុង​សុន្ទរកថា​ ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវេន បាន​កោត​សរសើរ​កម្លាំង​ប្រជាជាតិ​របស់ខ្លួន ប្រមាណ​២៤លាននាក់ ដែល​បាន​ប្តេជ្ញា​ចិត្ត​មាំ​ទប់ទល់​នឹងការ​គំរាម​កំហែង​ឥទ្ធិពលយោធា​ពីសំណាក់​ចិន​ប៉េកាំង​។ តាម​ប្រសាសន៍​អ្នកស្រី សៃ អ៊ីងវែន គឺនៅ​​ចំពោះ​មុខ​ការគំរាម  ​ពលរដ្ឋ​តៃវ៉ាន់បែរ​ជា​រក្សា​ភាព​ស្ងប់​ស្ងៀម រក្សាការ​ជញ្ជឹងគិត​ពិចារណា​ដោយ​ប្រាកដនិយម​ មិន​បញ្ចេញ​សកម្មភាព​ហិង្សាច្រឡោត​ច្រងែងច្រងាង​ និង​មិនញុះ​ញង់​។ អ្នកស្រី​ថ្នាក់ដឹកនាំ​តៃវ៉ាន់ បន្ថែមទៀត​ថា ទោះបីជា​ពលរដ្ឋ​មិន​ហិង្សា និង​មិនញុះញង់​ក្តី តែ​ពលរដ្ឋ​យើង ក៏​មិន​ចុះ​ញម​ឱនក្បាល​ក្រោម​សម្ពាធ​ជិះជាន់​ដែរ។ ជំហរ​របស់​យើង គឺ​មិនមែន​ចង់​បង្កសង្គ្រាម​ទេ ក៏ប៉ុន្តែ តៃវ៉ាន់​មិនព្រ​មទាល់តែសោះ បើ​​ភាគី​ណា​ មក​ផ្លាស់ប្តូរ​សភាព​នៅទ្រឹងដដែល​​ដូច្នេះ ដោយ​​បង្ក​ប្រើ​កម្លាំង​​ហិង្សា​ដើម្បីបង្រួប​បង្រួម​តៃវ៉ាន់។​

សម្តី​នេះ គឺគ្មាន​អ្វី​ពីបង្ហាញ​ជំហរដដែល​​ប្រាប់​ទៅរដ្ឋបាល​ក្រុ​ងប៉េកាំង​នោះឡើយ។ រយៈ​ពេលប្រមាណ​​១០ឆ្នាំចុងក្រោយ​នេះ ទំនាក់​ទំនង​ចិន​និង​តៃវ៉ាន់ ធ្លាក់​ចុះ​ដុន​ដាប​ខ្លាំង ពិសេស​នៅក្នុង​អាណត្តិ​ដឹកនាំ​រដ្ឋអំណាច​ចិន របស់​លោក ស៊ី​ ជីនពីង ហើយ​និង​ក្នុង​អាណត្តិ​ដឹកនាំតៃវ៉ាន់របស់​អ្នកស្រី សៃ អ៊ីងវេន។ ចិន​ កាន់តែ​បង្កើន​ឥទ្ធិពល​យោធា និង​ខិតៗទៅ​ក្បែរ​តៃវ៉ាន់ ហើយ​តៃវ៉ាន់​ក៏ចេះតែ​ស្រែក​រក​ជំនួយ និង​ពឹត​តែ​បង្ហាញភាព​ស្និទ្ធស្នាល​នឹង​សហរដ្ឋអាមេរិក ជា​សត្រូវ​របស់​ចិន​។

អាយុ​៦៦ឆ្នាំ អ្នកស្រី សៃ អ៊ីងវេន ដឹកនាំ​តៃវ៉ាន់​២អាណត្តិ​ហើយ និង​គ្មាន​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​១​អាណត្តិ​ទៀតទេ។ ការបោះឆ្នោត​នៅ​តៃវ៉ាន់ នឹង​ត្រូវរៀប​ចំ​នៅ​ខែ​មករា​ ដើម​ឆ្នាំថ្មី។ ចាប់ពី​ឥលូវទៅហើយ ដែល​ រដ្ឋបាល​ក្រុង​តៃប៉ិ បាន​គិតគូរ​ពី​អ្ន​កជំនួសបន្តវេន​​។ ខាង​បក្ស​ប្រជាធិបតេយ្យ​របស់​អ្នកស្រី ​សៃ អ៊ីងវេន គឺ​បាន​រើស​រួច​ស្រេច​ហើយ លោកអនុប្រធានាធិបតី​ William Lai អាយុ៦៣ ជាមនុស្ស​ប្រកាន់​​ជំហរ​ចង់ឃើញ «តៃវ៉ាន់​ មាន​ ស្វយ័តភាព អធិបតេយ្យ ​​របស់ខ្លួន»។​

ចំណែក​បក្ស​ប្រឆាំង គួមីងតាំង គឺ​ជ្រើសរើស​លោក​ Hou Yu-ih ដែល​មាន​និន្នាការ​ស្និទ្ធខ្លាំង​នឹង​រដ្ឋអំណាច​ចិន ដោយ​មិន​ចង់​ឃើញ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ ហើយ​និង​យល់​ស្រប​ឲ្យ​តៃវ៉ាន់​បន្ត​ប្រកាន់​គោលការណ៍​«ប្រទេស១ប្រព័ន្ធ​២»​ដូច​ដែល​ធ្លាប់ប្រើ​នៅ ហុងកុង​។ ដែល​ចំណុច​នេះ ត្រូវ​សឲ្យ​ ម្ចាស់ឆ្នោត​កត់​សម្គាល់​ឃើញថា ​ការ​បោះឆ្នោត​ជាតិ​តៃវ៉ាន់​ខាងមុខ គឺ​​​​​មាន​ជម្រើស ២ រវាង «ក្រុមអ្នក​​ប្រជាធិបតេយ្យ​និយម​ និង​ក្រុម​និយម​លទ្ធិអំណាច​អត្តាធិបតេយ្យ​​»៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ