អានតួអត្ថបទ
តៃវ៉ាន់-ក្វាតេម៉ាឡា

ប្រធានាធិបតី​ក្វាតេម៉ាឡា ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅតៃវ៉ាន់

លោក Alejandro Giammattei ប្រធានាធិបតី​ក្វាតេម៉ាឡា បាន​អញ្ជើញ​ទៅដល់​ក្រុង​តៃប៉ិ នៅថ្ងៃ​ចន្ទទី ២៤​មេសា​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ។ ក្វាតេម៉ាឡា ជា​ប្រទេស​ក៏​កម្រ​មួយ​នៅលើ​ពិភពលោក​ដែល​បន្ត​ទទួល​ស្គាល់​និង​មាន​ទំនាក់ទំនង​ការ​ទូត​ជា​ផ្លូវការ​ជាមួយ​តៃវ៉ាន់។

លោកប្រធានាធិបតី​ក្វាតេម៉ាឡា Alejandro Giammattei និង​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ថ្ងៃទី ៣១​មីនា​២០២៣
លោកប្រធានាធិបតី​ក្វាតេម៉ាឡា Alejandro Giammattei និង​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ថ្ងៃទី ៣១​មីនា​២០២៣ AP - Moises Castillo
ផ្សាយពាណិជ្ជកម្ម

ក្នុង​​ពេល​បំពេញ​ទស្សនកិច្ច​បួន​ថ្ងៃ​នៅលើ​កោះ​តៃវ៉ាន់ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ចន្ទទី ២៤​មេសា​នេះទៅ  លោក​ប្រធានាធិបតី​ក្វាតេម៉ាឡា​ នឹង​ឡើង​ថ្លែង​សុន្ទរកថា​នៅចំពោះ​មុខ​សភា​តៃវ៉ាន់ ព្រមទាំង​អញ្ជើញ​ទៅ​ទស្សនា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នៅភាគ​ខាង​ត្បូង​ក្រុង​តៃប៉ិ និង​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​មួយ​ ដើម្បី​លើក​តម្កើង​​ផលិតផល​​កាហ្វេក្វាតេម៉ាឡា។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​លម្អិត​របស់​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់។

ក្នុង​កម្មវត្ថុ​ពង្រឹង​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ លោកប្រធានាធិបតី​ Giammattei បាន​ប្រកាស​ប្រែក្លាយ​ដំណើរ​ទស្សនកិច្ច​ថ្ងៃ​នេះ ទៅ​ជា​សារដ៏​ច្បាស់​លាស់​មួយ​​ផ្ញើ​ជូន​អន្តរជាតិ​ថា គ្រប់ប្រទេសសុទ្ធ​តែ​​មាន​សិទ្ធិ​ស្វ័យ​ដឹកនាំ។ ផ្ទុយ​ពី​ចិន​ដែល​ប្រឹង​ធ្វើ​គ្រប់យ៉ាង ដើម្បី​ដាក់​តៃវ៉ាន់​ឱ្យ​កាន់​ឯការ ក្វាតេម៉ាឡា ស្ថិត​ក្នុង​ចង្ក្រោម​១៣​ប្រទេស​ដែល​ទទួល​ស្គាល់និង​មាន​ទំនាក់ទំនង​ការទូតជា​ផ្លូវការ​​​ជាមួយ​តៃវ៉ាន់​។

ដោយ​គ្មាន​ការ​ភ្ញាក់ផ្អើល គ្រាន់​តែ​ឮ​ដំណឹង​ស្តីអំពី​ទស្សនកិច្ច​នេះ​ភ្លាម ប៉េកាំង បាន​បញ្ចេញ​ប្រតិកម្ម​​​អំពាវនាវ​ឱ្យ​ ​រដ្ឋាភិបាល​ក្វាតេម៉ាឡា កុំ​ជួយ​ក្រុម​ឧក្រិដ្ឋជន កុំ​ទៅ​ជួប​ក្រុម​ប្រឆាំង ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ក្វាតេម៉ាឡា។ ប៉ុន្តែ​សម្រាប់​​តៃវ៉ាន់ ប្រតិកម្ម​របស់​ចិន ជា​សំដី​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ ម៉ាក់ងាយ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំងពីរ​ផង និង​ប្រមុខ​រដ្ឋ​ក្វាតេម៉ាឡា​ផ្ទាល់​ផង។

សូម​បញ្ជាក់​ថា ទស្សនកិច្ច​របស់​លោកប្រធានាធិបតី​ ក្វាតេម៉ាឡា ប្រព្រឹត្ត​ទៅ​តែ​បី​សប្តាហ៍​ក្រោយ​ទស្សនកិច្ច​របស់ ប្រធានាធិបតីតៃវ៉ាន់ ​លោកស្រី សៃ​ អ៊ីនវេន នៅ​តំបន់​អាមេរិក​ឡាទីន ពោលគឺនៅ ​​​ក្វាតេម៉ាឡា និង​បេលីហ្សេ។ ​​នៅក្នុង​​តំបន់នេះ នៅសល់​តែ​ប្រទេស​ពីរគត់ ​ដែលបន្ត​មានទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ ក្រោយ​ពី​ហុងឌូរ៉ាស់ សម្រេច​ងាក​ទៅ​អោប​ ​ប៉េកាំង កាលពី​ខែ​មីនា​២០២៣។

ចិន​តែងចាត់​ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន​ដែល​ត្រូវ​ប្រើ​កម្លាំង​ក្រសោបយក​វិញផង​បើ​ចាំបាច់ ហើយ​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណា​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ខ្លួន​ផង​និង​តៃវ៉ាន់​ផង​ ទន្ទឹម​គ្នា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ