អានតួអត្ថបទ
អាមេរិក-ប៉ាពូអាស៊ីនូវែលហ្គីណេ

ប៉ាពូអាស៊ីនូវែលហ្គីណេ ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខជាមួយ​អាមេរិក

ថ្ងៃចន្ទ ទី២២ឧសភា រដ្ឋាភិបាល​ប៉ាពូអាស៊ីនូវែលហ្គីណេ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខ ជាមួយ​សហរដ្ឋអាមេរិក។ នេះគឺជាការបោះជំហាន​ថ្មីមួយទៀត សម្រាប់ប្រទេសដ៏ធំជាងគេក្នុងតំបន់ប៉ាស៊ីហ្វិកនេះ ខណៈដែល​សហរដ្ឋអាមេរិក កំពុងតែព្យាយាម រក​ទីសំចតវត្តមាន​កងទ័ពខ្លួន នៅក្នុងតំបន់នេះ។ ការពង្រឹងសមត្ថភាពកងទ័ពរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក បានធ្វើ​ឲ្យ​អាមេរិក ព្រមទាំងប្រទេសដែនកោះមួយចំនួន មានការព្រួយបារម្ភ​។

លោកអង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិក ចាប់រលាក់ដៃ​ជាមួយ​លោកនាយករដ្ឋមន្ត្រី​ប៉ាពូអាស៊ីនូវែលហ្គីណេ James Marape ក្រោយពេលប្រកាស​ពី​កិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខ ។ ទីក្រុង Port Moresby ថ្ងៃទី ២២ ឧសភា ២០២៣
លោកអង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិក ចាប់រលាក់ដៃ​ជាមួយ​លោកនាយករដ្ឋមន្ត្រី​ប៉ាពូអាស៊ីនូវែលហ្គីណេ James Marape ក្រោយពេលប្រកាស​ពី​កិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខ ។ ទីក្រុង Port Moresby ថ្ងៃទី ២២ ឧសភា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្ត្រី​ James Marape បានលើកឡើងថា ទំនាក់ទំនងរវាងប៉ាពូអាស៊ីនូវែល​ហ្គីណេ និងសហរដ្ឋអាមេរិក បានបោះជំហានពីទំនាក់ទំនងសាមញ្ញទូទៅ ទៅជាទំនាក់ទំនងជាក់ច្បាស់ លើវិស័យ​សំខាន់។ ចំណែក លោក​អង់តូនី ប្លីងកិន វិញ បានថ្លែងថា ប្រទេសទាំង២នឹងចាប់ដៃគ្នាកសាងអនាគត។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខនេះ ត្រូវបាន​ចុះហត្ថលេខាដោយ​លោករដ្ឋមន្ត្រីការបរទេសអាមេរិក និង​លោករដ្ឋមន្ត្រីការបរទេសប៉ាពូអាស៊ីនូវែលហ្គីណេ នៅមុនពេលចាប់​ផ្តើម​បើក​វេទិកាសហប្រតិបត្តិការប្រទេសដែនកោះតំបន់ប៉ាស៊ីហ្វិក។ វេទិកាលើកទី៣នេះ បាន​បើកទ្វានៅទីក្រុងកំពង់ផែ Port Moresby ដោយមាន​ប្រទេសដែនកោះ​ប៉ាស៊ីហ្វិក​ចូលរួមចំនួន​ ១៤ប្រទេស។

យោងតាម​លោក​នាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែល​ហ្គីណេ តាមរយៈ​កិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខនេះ គឺប៉ាពូអាស៊ីនូវែល​ហ្គីណេ នឹងអនុញ្ញាតឲ្យកងទ័ពអាមេរិក អាចប្រើប្រាស់ដែនសមុទ្រ ដែលស្ថិតនៅកៀកបំផុតនឹង​ច្រកផ្លូវសមុទ្រអន្តរជាតិ ឆ្ពោះទៅកាន់ជប៉ុន និង អូស្ត្រាលី​។ ជាថ្នូរវិញ អាមេរិក​នឹងអនុញ្ញាតឲ្យ​ប៉ាពូអាស៊ីនូវែលហ្គីណេ អាចប្រើប្រាស់​ផ្កាយរណបតាមដាន​សន្តិសុខ។ លោកអង់តូនី ប្លីងកិន បានអះអាងថា កងទ័ព​ទាំងសងខាង អាចឡើងទៅលើនាវារបស់គ្នាទៅវិញទៅមក និង​អាច​ចែករំលែកបទពិសោធន៍​ការងារ ដើម្បីឈានទៅ​ការពារយាមល្បាតដែនសមុទ្រ ឲ្យ​កាន់ល្អប្រសើរ។

សូមបញ្ជាក់ថា ព្រមជាមួយ​កិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខនេះ សហរដ្ឋអាមេរិក បាន​ផ្តល់កញ្ចប់ថវិកាចំនួន​ ៤៥លានដុល្លារ ជួយដល់ប៉ាពូអាស៊ីនូវែលហ្គីណេ នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបណ្តាញឧក្រិដ្ឋកម្ម ដោះស្រាយ​វិបត្តិអាកាសធាតុ ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ព្រមទាំង​ទិញសម្ភារៈប្រើប្រាស់ខ្លះ​សម្រាប់កងទ័ព​។​

គួរកត់សំគាល់ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខនេះ​ គឺមានខ្លឹមសារ​ការពារព្រំដែន​របស់​ប៉ាពូអាស៊ីនូវែលហ្គីណេ ខណៈដែលតំបន់ប៉ាស៊ីហ្វិក កំពុងតែរងនូវ​ឥទ្ធិពលវាទទីរបស់កងទ័ពចិន​។ យោងតាមអ្នកជំនាញ អាមេរិក កំពុងតែរកវិធី និងទីតាំងដើម្បី​អាច​មានវត្តមាន​ កុំ​ឲ្យ​តំបន់នេះធ្លាក់ទៅក្នុងដៃចិនទាំងស្រុង​។​ យ៉ាងណាក៏ដោយ លោក James Marape បានអះអាងថា កិច្ចព្រមព្រៀងជាមួយអាមេរិកនេះ មិនមែនមានន័យថា ប្រទេសលោក បិទផ្លូវមិនធ្វើកិច្ចព្រមព្រៀង ជាមួយ​ប្រទេសណាមួយផ្សេងទៀតនោះទេ។

ដោយឡែក លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រតិកម្មថា ចិនមិនទៅប្រឆាំងអ្វីជាមួយ​ទំនាក់ទំនងទ្វេភាគី​​ បែប​សាមញ្ញ របស់​ប្រទេសផ្សេងនោះទេ។ តែអ្វីដែលចិន​សូមឲ្យ​ប្រុងប្រយ័ត្ន គឺប្រយ័ត្ន​ចំពោះពាក្យថា “សហប្រតិបត្តិការ” ដែលធាតុពិត គឺជាកលល្បិច ជាលេស ដើម្បី​បម្រើ​ល្បែង ភូមិសាស្ត្រនយោបាយ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ