អានតួអត្ថបទ
សព្វាវុធ​នុយក្លេអ៊ែរ

Sipri ៖ ចិន​បង្កើន​បរិមាណ​អាវុធ​នុយក្លេអ៊ែរ ខ្លាំងជាងគេ ​ក្នុង​បរិបទ​តាន​តឹង​ពិភពលោក

ចំនួន​សព្វាវុធ​នុយក្លេអ៊ែរ​ បាន​កើនឡើង​ នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន ជា​ពិសេស​នៅ​ក្នុង​ចិន។ ប៉ុន្តែ​មហាអំណាច​នុយក្លេអ៊ែរ​ផ្សេងទៀត ក៏​បន្ត​ធ្វើ​ទំនើបកម្ម​សព្វាវុធ​របស់​ពួកគេ​ខ្លាំង​ដែរ។ នេះ​បើ​តាមសេចក្តី​ពញ្ញាក់​របស់​ក្រុម​​អ្នក​ស្រាវជ្រាវ​ Sipri នា​ថ្ងៃ ចន្ទ​ទី ១២ មិថុនា​២០២៣។

តារាង​បញ្ជាក់​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ នៅ​លើ​ពិភពលោក ឆ្នាំ​២០១៨
តារាង​បញ្ជាក់​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ នៅ​លើ​ពិភពលោក ឆ្នាំ​២០១៨ ©AFP
ផ្សាយពាណិជ្ជកម្ម

ដំណើរចុះថយ​​ចំនួន​អាវុធ​​នុយក្លេអ៊ែរ​ នៅ​លើ​ពិភពលោក ប្រហែល​ជា​លែង​មាន​ហើយ។ នេះ​បើ​តាម​ប្រដាសន៍​របស់​លោក ដាន ស្មីត (Dan Smith) នាយក​វិទ្យាស្ថានអន្តរជាតិ​​ស្រាវជ្រាវសន្តិភាព​​នៅ​ស្តុកខុម​ ឬ​ហៅកាត់​ថា​Sipri។

បើ​តាមវិទ្យាស្ថាន ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ​ របស់​ក្រុមប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំង​៩​លើ​លោក គឺ អាមេរិក រុស្ស៊ី អង់គ្លេស​ បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និង​កូរ៉េខាង​ជើង សរុបចូល​គ្នា មាន​ត្រឹម​១២៥១២ គ្រាប់​ គិត​ត្រឹម​ដើម​ឆ្នាំ​២០២៣ ទល់​នឹង​១២៧១០​គ្រាប់​កាលពី​ឆ្នាំ​២០២២។ ប៉ុន្តែ​ ក្បាល​គ្រាប់​​នុយក្លេអ៊ែរ​ក្នុង​ស្តុក​ ដែលមាន​សក្តានុពល​​អាច​ប្រើ​បាន​ភ្លាម មាន​ចំនួនកើន​​ឡើង​ដល់ ៩៥៧៩​គ្រាប់ ពោល​គឺ​ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ ៨៦គ្រាប់។ សម្រាប់​លោក​នាយក​វិទ្យាស្ថាន​ នេះ​មាន​ន័យថា​​ ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ អាច​ប្រើ​បាន កំពុង​តែ​ចាប់​ផ្តើម​កើន​ឡើងហើយ គ្រាន់​តែ​នៅ​តិច​ជាង​កាលពី​ទសវត្សរ៍​ឆ្នាំ​៨០ ដែល​កាលណោះ​ពិភពលោក​មាន​សព្វាវុធ​ប្រល័យលោក​ដល់​ទៅ ជាង ៧ម៉ឺនគ្រាប់។ សូម​បញ្ជាក់​ថា នៅក្នុង​ការ​រាប់​ចំនួនសព្វាវុធ​នុយក្លេអ៊ែរ ​វិទ្យាស្ថាន​Sipri បែង​ចែង​ដាច់​ពីគ្នា​ រវាង​អាវុធ​នុយក្លេអ៊ែរ​ក្នុងឃ្លាំង​ស្តុកសម្រាប់​ប្រើប្រាស់ និង​ចំនួន​សព្វាវុធ​សរុប​ដែល​ខ្លះ​ចាស់​ជ្រុល​មិនអាច​ប្រើ​កើត ហើយ​ត្រូវ​បំផ្លាញ​ចោល។

លោកស្មីត បាន​លម្អិត​ទៀត​ថា ​ស្តុក​នុយក្លេអ៊ែរ​របស់​ឥណ្ឌា ប៉ាគីស្ថាន និង​កូរ៉េខាង​ជើង ព្រមទាំងរុស្ស៊ី បាន​កើន​តិច​ទេ គឺ​ពី ៤៤៧៧ទៅ ៤៤៨៩គ្រាប់ តែ​ចិនមាន​ចំណែក​បង្កើនចំនួន​ស្តុក​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ខ្លាំង​ជាង​ គឺ​ពី​ចំនួន​៣៥០គ្រាប់ទៅ ៤១០គ្រាប់។ ហើយ​នៅ​ឆ្នាំ​២០៣៥ បើ​តាម​ការ​ព្យាកររបស់​ក្រសួងការពារ​ជាតិ​អាមេរិក​ចេញផ្សាយ​កាលពី​ខែ​វិច្ឆិកា​២០២២ ចិន​នឹង​អាច​មានក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន​១៥០០គ្រាប់។

ចំណែក​មហាអំណាច​នុយក្លេអ៊ែរ​​ផ្សេងទៀត រក្សា​បរិមាណ​ស្តុកនុយក្លេអ៊ែរ​ដដែល តែ​បន្ត​​ធ្វើ​ទំនើប​កម្ម​​សព្វាវុធ​របស់​ខ្លួន។ ប៉ុន្តែ​កំណើន​ស្តុកនុយក្លេអ៊ែរ ទំនង​ជា​មិន​អាច​បណ្តាលមក​ពីមូលហេតុ​មាន​សង្គ្រាម​អ៊ុយក្រែនផ្ទុះ​ឡើង​ទេ ព្រោះ​បើ​តាម​លោកស្មីត ដើម្បី​អភិវឌ្ឍក្បាលគ្រាប់​នុយក្លេអ៊ែរមួយៗ​ គេ​ត្រូវ​ការ​ប្រើពេលវេលា​យូរជា​ចាំបាច់។ ម្យ៉ាងទៀត ប្រទេស​ទាំងនោះ​គ្មាន​ពាក់ព័ន្ធដោយ​ផ្ទាល់​នឹង​សង្គ្រាម​អ៊ុយក្រែន​ទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ