អានតួអត្ថបទ
អាមេរិក-ចិន-នុយក្លេអ៊ែរ

រឿង​កាត់បន្ថយ​​អាវុធនុយក្លេអ៊ែរ អាមេរិកថា អ្វីៗអាស្រ័យលើការចូលរួម​របស់ចិន

នៅឆ្នាំ​២០២៦ខាងមុខ កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរ រវាង​អាមេរិក​ និងរុស្ស៊ី នឹងត្រូវចប់សុពលភាព។ រដ្ឋាភិបាល​អាមេរិក ធ្លាប់បាន​លើកឡើងថា ចង់រៀបចំកិច្ចព្រមព្រៀងថ្មី ដែលនឹងមានការចូល​រួមពីសំណាក់ចិន​។ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់អាមេរិក​ម្នាក់ បាន​បង្ហើបឲ្យដឹងថា ក្នុងរឿងកាត់បន្ថយ​អាវុធនុយក្លេអ៊ែរ អ្វីៗ គឺអាស្រ័យទៅលើគោលជំហររបស់ចិន ដោយ​អាមេរិកមិនអាចធ្វើតែម្នាក់ឯងទេ។

អ្នកទស្សនា គ្រវីទង់ជាតិចិន មើលក្បួន​ដង្ហែរគ្រឿងសព្វាវុធរបស់កងទ័ពចិន នៅក្រុងប៉េកាំង ថ្ងៃខួប​គម្រប់​៧០ឆ្នាំ​នៃការបង្កើតគណបក្សកុម្មុយនីស្តចិន ថ្ងៃទី ១តុលា ២០១៩
អ្នកទស្សនា គ្រវីទង់ជាតិចិន មើលក្បួន​ដង្ហែរគ្រឿងសព្វាវុធរបស់កងទ័ពចិន នៅក្រុងប៉េកាំង ថ្ងៃខួប​គម្រប់​៧០ឆ្នាំ​នៃការបង្កើតគណបក្សកុម្មុយនីស្តចិន ថ្ងៃទី ១តុលា ២០១៩ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

ដោយសុំមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់ម្នាក់របស់សេតវិមាន បាន​ប្រាប់អ្នកកាសែតថា អាមេរិក​អាចសុខចិត្តគោរព នូវកាតព្វកិច្ច ឬក៏ចូលរួម ក្នុងក្របខណ្ឌកាត់បន្ថយ​អាវុធ ល្គឹកណាទាល់តែមានចិនចូលរួមដែរ។ អ្វីៗគឺវាអាស្រ័យទៅលើការចរចាគ្នា ​ជាមួយភាគីចិន។ ទន្ទឹមគ្នានេះ មន្ត្រីអាមេរិករូបនេះ លើកឡើងថា អាមេរិក ក៏មិន​ភ្លេចអំពីបញ្ហារុស្ស៊ីដែរ បើទោះបី​ពេលនេះ អាមេរិក​ផ្តោតការយកចិត្តទុកដាក់ខ្លាំង ទៅលើបញ្ហាសព្វាវុធនុយក្លេអ៊ែររបស់ចិន​។

មន្ត្រីអាមេរិកខាងលើ បានលើកឡើងថា គ្រឿងសព្វាវុធនុយក្លេអ៊ែររបស់ចិន បានរីកចំរើនយ៉ាងលឿនរហ័ស ទាំងផ្នែកគុណភាព សមត្ថភាព និងទាំងបរិមាណ។ សមត្ថភាព​នុយក្លេអ៊ែររបស់ចិន គឺមានឥទ្ធិពលដោយ​ផ្ទាល់ មកលើ​គោលនយោបាយ​របស់​រដ្ឋាភិបាលអាមេរិក ទៅថ្ងៃអនាគត។ ជានេះទៀត វាជះឥទ្ធិពល និងពាក់ព័ន្ធ ដោយផ្ទាល់ ជាមួយ​គោលនយោបាយ​សព្វាវុធនុយក្លេអ៊ែរ របស់មហាអំណាចនុយក្លេអ៊ែរផ្សេងទៀត មានដូចជា បារាំង អង់គ្លេស និងរុស្ស៊ីជាដើម។

ផ្អែកតាមមន្ត្រីអាមេរិករូបនេះ គឺរដ្ឋាភិបាល​លោកចូ បៃដិន បានព្យាយាម​ទាក់ទងទៅខាងចិន ច្រើនដងហើយ ដើម្បីចាប់ផ្តើមនិយាយគ្នា រៀបចំឲ្យ​មានក្របខណ្ឌអន្តរជាតិគ្រប់គ្រងសព្វាវុធនុយក្លេអ៊ែរ។ ក៏ប៉ុន្តែ ទំនាក់ទំនងរវាងចិន និងអាមេរិក បាន​ជួប​បញ្ហារកាំរកូសខ្លាំងណាស់ នាពេល​កន្លងមកនេះ ដែលធ្វើឲ្យ​គេពិបាកសង្ឃឹម​ថានឹង​មានការចូលតុចរចាគ្នា។ យ៉ាងណាមិញ ថ្មីៗនេះ ភាគីចិនបានបដិសេធ មិនព្រមឲ្យមានជំនួប​រវាងរដ្ឋមន្ត្រីការពារ​ជាតិ​ចិន និង​រដ្ឋមន្ត្រីការពារជាតិអាមេរិកទេ​។

សូមរំលឹកថា កិច្ចព្រមព្រៀងគ្រប់គ្រងក្បាលគ្រាប់នុយក្លេអ៊ែរ ឈ្មោះថា New Start រវាងរុស្ស៊ីនិងអាមេរិក គឺ​នឹងត្រូវចប់សុពលភាព នៅឆ្នាំ​២០២៦ខាងមុខ។ ក្រោយពីបានបញ្ឆេះសង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន លោកពូទីន បាន​សម្រេច​ឈប់អនុវត្តកិច្ចព្រមព្រៀងនេះ​ ជាឯកតោភាគី។ ភាគីអាមេរិកធ្លាប់បានអះអាងថា ខ្លួននៅតែហុចដៃ រងចាំទទួលភាគីរុស្ស៊ីជាថ្មី ដើម្បីនិយាយគ្នាអំពីយន្តការថ្មី ក្នុងការគ្រប់គ្រងគ្រឿងសព្វាវុធនុយក្លេអ៊ែរ។

ដោយ​ឡែក គ្រឿងសព្វាវុធនុយក្លេអ៊ែររបស់ចិន ហាក់កំពុងតែធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភជាខ្លាំង ដោយសារតែ​គេមានដំណឹងតិចតួចបំផុត។ យោងតាម​វិទ្យាស្ថានសិក្សា​ស្តីពីសន្តិភាព នៅទីក្រុងស្តុកខូម គឺបច្ចុប្បន្នចិនមានក្បាលគ្រាប់នុយក្លេអ៊ែរ​ចំនួន​៣៥០គ្រាប់ ព្រោះគឺតិចជាង​គេឆ្ងាយ​ណាស់ ប្រើធៀបទៅរុស្ស៊ី ដែលមាន ៤៤៧៧គ្រាប់ និងអាមេរិក​ដែល​មាន ៣៨០៨គ្រាប់។ ក៏ប៉ុន្តែ យោងតាមរបាយការណ៍​មួយរបស់​ក្រសួងការពារជាតិអាមេរិក គឺពីនេះដល់ឆ្នាំ ២០៣៥ ចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន​១៥០០គ្រាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ