អានតួអត្ថបទ
អាមេរិក-ប៉ាពូអាស៊ីនូវែលហ្គីណេ

សហរដ្ឋអាមេរិកទទួលបានសិទ្ធិប្រើប្រាស់មូលដ្ឋានទ័ពនៅក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ

សហរដ្ឋអាមេរិក និង​ប៉ាពូអាស៊ីនូវែលហ្គីណេ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​រវាង​គ្នា​នា​ដំណាច់​ខែ​ឧសភា។ តែ​គេ​ត្រូវ​រង់ចាំ​ដល់​យប់​ថ្ងៃ​ពុធ ទី១៤ មិថុនា​ទើប​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​មួយ​នេះ​ត្រូវ​បាន​ទម្លាយ​ដោយ​សភា​ប៉ាពូអាស៊ីនូវែលហ្គីណេ។ នៅ​ក្នុង​កិច្ចព្រមព្រៀង សហរដ្ឋអាមេរិក​ទទួល​បាន​សិទ្ធិប្រើប្រាស់​ផ្តាច់មុខ​លើ​មូលដ្ឋាន​ទ័ព​មួយ​ចំនួន​នៅ​ប៉ាពូអាស៊ីនូវែលហ្គីណេ។ គួរ​បញ្ជាក់​ថា បណ្តា​ប្រទេស​ជា​កោះ​នៅ​ប៉ាស៊ីហ្វិក​កំពុង​បន្ត​ក្លាយ​ជា​ទីតាំង​យុទ្ធសាស្រ្ត​នៃ​ការ​ដណ្តើម​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ចិន។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក​អង់តូនី ប៊្លីនកិន (រូបឆ្វេង) និង​រដ្ឋមន្រ្តី​ការពារជាតិ​ប៉ាពូអាស៊ីនូវែលហ្គីណេ​លោក​វីន បាគ្រី ដារី ថ្ងៃទី២២ ខែឧសភា ២០២៣។
រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក​អង់តូនី ប៊្លីនកិន (រូបឆ្វេង) និង​រដ្ឋមន្រ្តី​ការពារជាតិ​ប៉ាពូអាស៊ីនូវែលហ្គីណេ​លោក​វីន បាគ្រី ដារី ថ្ងៃទី២២ ខែឧសភា ២០២៣។ AFP - ADEK BERRY
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​សន្តិសុខ​រវាង​អាមេរិក និង​ប៉ាពូអាស៊ីនូវែលហ្គីណេ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នា​ដំណាច់​ខែ​ឧសភា​ដោយ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក​អង់តូនី ប៊្លីនកិន និង​រដ្ឋមន្រ្តី​ការពារជាតិ​ប៉ាពូអាស៊ីនូវែលហ្គីណេ​លោក​វីន បាគ្រី ដារី។ តែ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​មួយ​នេះ​ត្រូវ​បាន​ភាគី​ទាំង​ពីរ​រក្សា​ទុក​យ៉ាង​សម្ងាត់ មុន​នឹង​ត្រូវ​បាន​សភា​ប៉ាពូអាស៊ីនូវែលហ្គីណេ​លាតត្រដាង​ទាំង​ស្រុង​នា​យប់​ថ្ងៃ​ពុធ ទី១៤ មិថុនា។ យោង​តាម​ខ្លឹមសារ​ដែល AFP បាន​ទទួល អាមេរិក​មាន​សិទ្ធិ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​នៅ​ប៉ាពូអាស៊ីនូវែលហ្គីណេ​ដោយ​គ្មាន​ការ​រារាំង​ដើម្បី​ដាក់​តាំង​ឧបករណ៍ កន្លែង​ស្តុក និង​សម្ភារៈបរិក្ខារ​យោធា។

លើស​ពី​នេះ អាមេរិក​ថែម​ទាំង​មាន​សិទ្ធិ​ប្រើប្រាស់​ផ្តាច់មុខ​នូវ​តំបន់​មួយ​ចំនួន​នៃ​មូលដ្ឋានទ័ព​តាម​រយៈ​ការ​សាងសង់​ថ្មី​ដែល​អាមេរិក​ត្រូវ​ការ។ កិច្ចព្រមព្រៀង​សន្តិសុខ​នេះ​អនុញ្ញាត​ឲ្យ​អាមេរិក​បញ្ជូន​ទ័ព​ទៅ​ឈរ​ជើង និង​បញ្ជូន​នាវាចម្បាំង​ទៅ​ចត​នៅ​ទីកន្លែង​គន្លឹះ ដូច​យ៉ាង​នៅ​មូលដ្ឋាន​ទ័ពជើងទឹក Lombrum នៅ​កោះ Manus និង​នៅ​កំពង់ផែ​មួយ​ស្ថិត​ក្នុង​ទីក្រុង។ គួរ​បញ្ជាក់​ថា អាមេរិក​កំពុង​ព្យាយាម​ទាក់ទាញ​បណ្តា​ប្រទេស​ជា​កោះ​នៅ​ប៉ាស៊ីហ្វិក​តាម​រយៈ​ការ​លើកទឹកចិត្ត​ផ្នែក​ការទូត និង​ហិរញ្ញវត្ថុ។ ក្នុង​នាម​ជា​កោះ​មួយ​ដែល​សម្បូរ​ធនធាន​ធម្មជាតិ និង​ស្ថិត​ក្បែរ​ផ្លូវសមុទ្រ​សំខាន់ៗ ប៉ាពូអាស៊ីនូវែលហ្គីណេ​បាន​ក្លាយ​ជា​ទីតាំង​យុទ្ធសាស្រ្ត​នៃ​ការ​ប្រជែង​កម្លាំង​គ្នា​រវាង​អាមេរិក និង​ចិន។

ចិន​មិន​អាច ឬ​មិន​ទាន់​អូស​ទាញ​បាន​ប៉ាពូអាស៊ីនូវែលហ្គីណេ​មែន តែ​ចិន​អូសទាញ​បាន​កោះ​សាឡូម៉ុង​ដែល​ជា​កោះ​ក្បែរ​ខាង​ប៉ាពូអាស៊ីនូវែលហ្គីណេ។ ក្នុង​ឆ្នាំ ២០២២ ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​កោះ​សាឡូម៉ុង ហើយ​តាម​រយៈ​កិច្ចព្រមព្រៀង​មួយ​នេះ ចិន​អាច​បញ្ជូន​ទ័ព​ទៅ​ដាក់​នៅ​ក្នុង​ទឹកដី​សាឡូម៉ុង​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ