អានតួអត្ថបទ

AIEA អនុញ្ញាតឲ្យជប៉ុនបង្ហូរទឹកពីមជ្ឈមណ្ឌលនុយក្លេអ៊ែរហ៊្វូគូស្ហ៊ីម៉ាទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

នៅ​ថ្ងៃ​អង្គារ ទី៤ កក្កដា ជប៉ុន​បាន​ទទួល​ភ្លើងខៀវ​ពី​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ហៅកាត់ AIEA ឲ្យ​បង្ហូរ​ទឹក​មួយ​ភាគ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា​ទៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ការ​អនុញ្ញាត​របស់ AIEA បាន​ធ្វើ​ឡើង​នា​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន AIEA លោក​រ៉ាហ្វាអ៊ែល ក្រូស៊ី​ក្នុង​ប្រទេស​ជប៉ុន។ នៅ​ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ហ្វូមីអូ គីស៊ីដា លោក​ក្រូស៊ី​បាន​ផ្តល់​ឲ្យ​លោក​គីស៊ីដា​នូវ​របាយការណ៍​មួយ​ស្តីពី​លទ្ធផល​នៃ​ការ​វិភាគ​ទឹក​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា។

​ប្រធាន AIEA លោក​រ៉ាហ្វាអ៊ែល ក្រូស៊ី (រូបឆ្វេង) និង​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ហ្វូមីអូ គីស៊ីដា ក្នុង​ទីក្រុង​តូក្យូ​ថ្ងៃទី៤ កក្កដា ២០២៣។
​ប្រធាន AIEA លោក​រ៉ាហ្វាអ៊ែល ក្រូស៊ី (រូបឆ្វេង) និង​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ហ្វូមីអូ គីស៊ីដា ក្នុង​ទីក្រុង​តូក្យូ​ថ្ងៃទី៤ កក្កដា ២០២៣។ AP - Eugene Hoshiko
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ការ​បង្ហូរ​បន្តិច​ម្តងៗ និង​ដោយ​មាន​ការ​គ្រប់គ្រង​នូវ​ទឹក​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា​ដែល​បាន​ច្រោះ​រួច​ទៅ​ក្នុង​សមុទ្រ​នឹង​មាន​ផលប៉ះពាល់​តិចតួច​ដល់​បរិស្ថាន និង​ប្រជាជន។ តាម​របាយការណ៍​ដដែល ផែនការ​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការ​ត្រៀម​បង្ហូរ​ទឹក​នៅ​ហ៊្វូគូស្ហ៊ីម៉ា​ទៅ​ក្នុង​សមុទ្រ​បាន​គោរព​ត្រឹមត្រូវ​តាម​និយាមសុវត្ថិភាព​អន្តរជាតិ។ គួរ​បញ្ជាក់​ថា ជប៉ុន​បាន​ជួប​គ្រោះថ្នាក់​នុយក្លេអ៊ែរ​មិន​ធ្លាប់​មាន​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា​ដែល​បង្ក​ឡើង​ដោយ​រលកយក្ស​ស៊ូណាមី​ក្នុង​ថ្ងៃទី១១ មីនា ឆ្នាំ ២០១១។

គ្រោះថ្នាក់​ដែល​បាន​បែក​ធ្លាយ​វិទ្យុសកម្ម​កាល​ណោះ​បាន​បង្ខំ​ឲ្យ​រដ្ឋអំណាច​ជម្លៀស​ប្រជាជន​ច្រើន​ពាន់​នាក់​ចេញ​ពី​តំបន់​នៅ​ក្បែរ និង​នៅ​ជុំវិញ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។ តាំង​ពី​ពេល​នោះ​មក ជប៉ុន​បាន​ផ្តើម​វិធានការ​ទប់ស្កាត់​ការ​សាយភាយ​វិទ្យុសកម្ម និង​រុះរើ​មជ្ឈមណ្ឌល។ ការងារ​នេះ​នឹង​ត្រូវ​ប្រើ​ពេល​ច្រើន​ឆ្នាំ​បន្ថែម​ទៀត។ តែ​អ្វី​ដែល​ជប៉ុន​កំពុង​ប្រឈម​នៅ​ចំពោះ​មុខ​ពេល​នេះ គឺ​បរិមាណ​ទឹក​ជាង ១លាន ៣សែន​តោន​ដែល​ជិត​អស់​កន្លែង​ស្តុក​ទុក។ ទឹក​ទាំង​នេះ​ជា​ទឹក​ភ្លៀង ទឹក​ក្រោម​ដី​នៅ​ទីតាំង​មជ្ឈមណ្ឌល ឬ​មួយ​ក៏​ទឹក​សម្រាប់​ធ្វើ​ត្រជាក់​ម៉ាស៊ីនប្រតិកម្ម។

ទឹក​ទាំង​នេះ​ត្រូវ​បាន​ជប៉ុន​ច្រោះ​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ដោយ​នៅ​សល់​តែ​សារធាតុ​ទ្រីត្យូម។ ចំណែក​គម្រោង​បង្ហូរ​ទឹក​ទាំង​នេះ​ទៅ​ក្នុង​សមុទ្រ​ក៏​ទទួល​បាន​ការ​ឯកភាព​ពី AIEA រួច​ដែរ។ តែ​រដ្ឋាភិបាល​ជប៉ុន​ចង់​ឲ្យAIEA យក​ទឹក​នោះ​ទៅ​វិភាគ​ឲ្យ​បាន​ស៊ីជម្រៅ​ជា​មុន​សិន។ ក្រោយ​ពី​ទទួល​បាន​ភ្លើងខៀវ​ពី AIEA ជា​ផ្លូវការ ជប៉ុន​គ្រោង​ផ្តើម​បង្ហូរ​ទឹក​ទាំង​នេះ​ចាប់​ពី​រដូវក្តៅ​ឆ្នាំ ២០២៣ ទៅ​ដោយ​នៅ​មិន​ទាន់​បាន​កំណត់​ថ្ងៃ​ខែ​ច្បាស់លាស់​នៅ​ឡើយ​ទេ។ គួរ​បញ្ជាក់​ថា រឿង​ជប៉ុន​បង្ហូរ​ទឹក​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា​ទៅ​ក្នុង​សមុទ្រ​បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​ជាមួយ​ចិន និង​កូរ៉េខាងត្បូង រួម​ទាំង​សហគមន៍​អ្នកនេសាទ​ជប៉ុន​នៅ​ហ៊្វូគូស្ហ៊ីម៉ា។ ពួក​គេ​បារម្ភ​ពី​ផលប៉ះពាល់​ដល់​ការ​បំពុល​ទឹក និង​ជីវិត​សត្វ​សមុទ្រ​ដោយ​វិទ្យុសកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ