អានតួអត្ថបទ
ជប៉ុន-នុយក្លេអ៊ែរ

វិបត្តិ​ថាមពល ៖ ជប៉ុន​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​​រោងចក្រ​នុយក្លេអ៊ែរ​ចាស់ និង​សាងសង់​ថ្មី​ថែម

ផុយស្រួយ​ខ្លាំង ​ និងក្លាយ​ជា​ប្រធានបទ​ចម្រូង​ចម្រាសបំផុត ​តាំងពីមាន​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​​ហ្វូគូស្ហ៊ីម៉ា​មក វិស័យថាមពល​នុយក្លេអ៊ែរ ​កំពុងវិល​មកក្លាយ​​​ជា​ជម្រើស​ថ្មី​របស់​ជប៉ុន។ នៅថ្ងៃពុធ​ទី ២៤​សីហា​២០២២​ រដ្ឋាភិបាល​ជប៉ុន បាន​ប្រកាស​ផែនការ​​ពន្លឿននិង​​គម្រោង​ផ្តល់​សន្ទុះ យ៉ាងជាក់ស្តែង ​ដល់​វិស័យថាមពល​នុយក្លេអ៊ែរ​ឡើង​វិញ​ ដើម្បី​ប្រឈម​នឹង​វិបត្តិ​ថាមពល​ពិភពលោកដ៏​តាន​តឹង​បណ្តាលមក​ពី​សង្គ្រាម​នៅអ៊ុយក្រែន។

នាយករដ្ឋមន្ត្រី​ជប៉ុន ប្រកាស​គម្រោង​សាងសង់ មជ្ឈមណ្ឌលនុយក្លេអ៊ែរ ជំនាន់ថ្មី
នាយករដ្ឋមន្ត្រី​ជប៉ុន ប្រកាស​គម្រោង​សាងសង់ មជ្ឈមណ្ឌលនុយក្លេអ៊ែរ ជំនាន់ថ្មី AP - Toru Hanai
ផ្សាយពាណិជ្ជកម្ម

ដូច​បណ្តា​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ដែរ ជប៉ុន​ពេល​នេះ​កំពុង​ប្រឈម​នឹង​វិបត្តិ​ថាមពល​យ៉ាង​ធ្ងន់ធ្ងរ ៖ ថ្លៃ​ហើយពិបាក​រក​ទៀត គិត​ចាប់​តាំងពី​ផ្ទុះ​សង្គ្រាម​នៅអ៊ុយក្រែន​មក។

“សង្គ្រាម​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែនបាន​ប្តូរ​ទិដ្ឋភាព​ថាមពល​ពិភពលោក ដូច្នេះ​ជប៉ុន​ត្រូវ​តែគិត​​ស្វែង​រកផ្លូវ​សម្រាប់​ដោះស្រាយ​វិបត្តិ​​អនាគត”។ នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស្ហ៊ីដា ដែល​បញ្ជាក់ថា​ជប៉ុន​កំពុង​ពិចារណា​លើ​​គម្រោង​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ជំនាន់​ថ្មី ដែល​មាន​យន្តការ​សុវត្ថិភាព​ខ្ពស់​។ ជាមួយ​នឹង​ការ​​​អំពាវនាវ​សុំ​ឱ្យ​ជប៉ុន ទាញយក​ថាមពល​អគ្គីសនី​បាន​ច្រើន​ជា​អតិបរិមា​ពី​រោងចក្រ​នុយក្លេអ៊ែរ​ដែល​កំពុង​ដំណើរការ ​លោក​ គីស្ហ៊ីដា បាន​ប្រកាស​ពង្រឹង​សុវត្ថិភាព​មជ្ឈមណ្ឌលនុយក្លេអ៊ែរទាំងនោះ​​បន្ថែម​ទៀត ​ហើយ​សន្យា​ប្រឹង​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​នុយក្លេអ៊ែរ​ផ្សេង​ទៀត។​ សម្រាប់​លោក​នាយករដ្ឋមន្ត្រី មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ត្រូវ​មាន​អាយុ​វែង​ លើស​ពី​៦០ឆ្នាំ​ដូច​មាន​កំណត់​​ពីមុន ហើយ​រដ្ឋមន្ត្រីពាក់​ព័ន្ធ ត្រូវ​រក​ដំណោះស្រាយ​​ជាក់​ស្តែង ឱ្យ​បាន​យ៉ាង​យូរ​នៅ​ដំណាច់​ឆ្នាំ​២០២២។​

បើ​តាម​អ្នក​ជំនាញ​ សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរថ្មី ​ជា​ផែនការ​ដ៏​ល្អ​​ ព្រោះ​រោង​ចក្រមុន​សុទ្ធ​តែ​ចាស់ៗផង ហើយ​ត្រូវ​ឆ្លង​កាត់ការ​​យល់​ព្រម​ពី​អាជ្ញាធរ​មូលដ្ឋានទៀត បើ​ចង់​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ។ ប៉ុន្តែ​គណបក្ស​សេរីនិយមប្រជាធិបតេយ្យ​ របស់​លោក គីស្ហ៊ីដា មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ក្នុង​សភា​ផង បរិយាកាស​សង្គម​ជប៉ុន​បាន​ប្តូរ​ផ្លាស់​ផង តាំងពី​មាន​សង្គ្រាម​នៅ​អ៊ុយក្រែនមក។ ប្រជាពលរដ្ឋ​ជប៉ុនកាន់​តែ​ច្រើន ៗ ​ គាំទ្រ​​ឱ្យ​រោងចក្រ​នុយក្លេអ៊ែរ​ចាស់ៗ​ដំណើរការ​ឡើង​វិញ​ ព្រោះ​មិន​ចង់ឃើញ​ជប៉ុន​​នាំ​ចូល​ឧស្ម័ន ប្រេង និង​ធ្យូងថ្ម​ពី​រុស្ស៊ីផង មិន​ចង់​បង់​ថ្លៃ​ភ្លើង​ខ្ពស់​ផង។

ក្រោយ​គ្រោះ​​រញ្ជូយ​ដី និង​​រលកយក្សស៊ូណាមិដែល​បន្ត​ដោយមហន្តរាយ​​នុយក្លេអ៊ែរហ្វូគូស្ហ៊ីម៉ា យ៉ាង​ធ្ងន់ធ្ងរ​ភ្លាមមក មជ្ឈមណ្ឌល​នុយក្លេអ៊ែរទាំង​៣៣​ ​របស់​ជប៉ុន​​បាន​ផ្អាក​ដំណើរការទាំង​អស់។ ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​បទដ្ឋាន​សុវត្ថិភាព​យ៉ាង​តឹង​តែង​រួច រោងចក្រ​​នុយក្លេអ៊ែរ​ ​១០ ចាប់​ដំណើរការ​ឡើង​វិញ​ តែមិន​ពេញ​លេញទេ ហើយ​ខ្លះ​កំពុង​ជួសជុល​ផង​នៅពេល​នេះ។ រោងចក្រ​៧ផ្សេងទៀត បាន​ទទួល​កា​រអនុញ្ញាតហើយ​​តែ​មិន​ទាន់​​បើកឱ្យ​ដើរ​វិញ​ទេ។

នៅឆ្នាំ ២០២០ ជប៉ុន​ប្រើ​​ភ្លើង​​អគ្គីសនី​បាន​មក​ពី​នុយក្លេអ៊ែរ​ មិន​ដល់​​៤%ផងទល់​នឹង​៣០%​កាលពី​មុន​មហន្តរាយ​ហ្វូគូស្ហ៊ីម៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ