អានតួអត្ថបទ

អាមេរិក កូរ៉េខាងត្បូង និងជប៉ុន​អំពាវនាវ​ឲ្យ​គេឈប់ប្រើ​ពលករ​កូរ៉េខាងជើង នៅ​បរទេស

បេសកជនពិសេស​កូរ៉េខាងត្បូង អាមេរិក និងជប៉ុន​បានបើកកិច្ចប្រជុំត្រីភាគី ក្នុងទីក្រុង​សេអ៊ូល កាលពីថ្ងៃ​សុក្រ ដើម្បីស្វែងរក​ដំណោះស្រាយ​នៅចំពោះមុខ​ការអភិវឌ្ឍដ៏លឿនរហ័ស​នៃ​កម្មវិធីផលិតអាវុធនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ នៅក្នុង​សេចក្តីថ្លែងការណ៍រួម​ អ្នកតំណាង​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង សម្រាប់​សំណុំរឿងនុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​អំពាវនាវ​ឲ្យ​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​អនុវត្ត​ឲ្យបានតឹងរ៉ឹង សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ ឆ្នាំ ២០១៧ ដែលបាន​ទាមទារ​ឲ្យ​គ្រប់ប្រទេស​ធ្វើមាតុភូមិនិវត្ត​ពលករកូរ៉េខាងជើង ដែល​កំពុង​បម្រើការ នៅទឹកដីបរទេស។

ភោជនីយដ្ឋានកូរ៉េខាងជើង​នៅ​ខេត្ត​លាវនីង របស់​ប្រទេសចិន នៅខែ​មីនា ឆ្នាំ ២០២៣
ភោជនីយដ្ឋានកូរ៉េខាងជើង​នៅ​ខេត្ត​លាវនីង របស់​ប្រទេសចិន នៅខែ​មីនា ឆ្នាំ ២០២៣ AFP - JADE GAO
ផ្សាយពាណិជ្ជកម្ម

នៅក្នុងក្របខ័ណ្ឌ​នៃការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​កូរ៉េខាងជើង សម្រាប់​កម្មវិធីផលិតអាវុធ​នុយក្លេអ៊ែរ អង្គការ​សហប្រជាជាតិ​ចេញសេចក្តីសម្រេច​ទាមទារ​ឲ្យ​គ្រប់ប្រទេស​នៅក្នុងពិភពលោក មានពេល​រហូត​ដល់​ចុងឆ្នាំ ២០១៩ ដើម្បីបញ្ជូន​ពលករ​កូរ៉េខាងជើងឲ្យទៅប្រទេស​ដើមវិញ។ ប៉ុន្តែ សម្រាប់​ប្រេសិត​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន ដែលកំពុងជួបប្រជុំគ្នា​នៅទីក្រុង​សេអ៊ូល កាលពីថ្ងៃ​សុក្រ រហូតមកដល់ពេលនេះ ពលករ​កូរ៉េខាងជើង​នៅតែ​បន្ត​មានវត្តមាន ​នៅទឹកដី​បរទេស។ ក្រៅពីកេងប្រវ័ញ្ចលើកម្លាំងពលកម្ម​របស់​ប្រជាជនស៊ីវិល កូរ៉េខាងជើង​នៅបាន​ប្រើ​ក្រុមចោរព័ត៌មានវិទ្យាជា​មធ្យោបាយ​លួចលុយអេឡេចត្រូនិក និងប្រព្រឹត្ត​ឧក្រិដ្ឋកម្មអ៊ីនធ័រនែត​ផ្សេងទៀត​ដើម្បី​បានលុយ​យកទៅផ្គត់ផ្គង់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិក​របស់ខ្លួន។

គេមិនដឹង​ច្បាស់ពីចំនួន​ពលករកូរ៉េខាងជើង​នៅទឹកដី​បរទេស ប៉ុន្តែ នៅមុនដាក់ឱសានវាទ​របស់​អង្គការ​សហប្រជាជាតិ ក្រសួងការបរទេស​អាមេរិក​ប៉ាន់ស្មានថា មាន​ប្រជាជន​កូរ៉េខាងជើង​ប្រមាណ ១សែននាក់ ធ្វើការ​នៅទឹកដីបរទេស ដូចជា​នៅតាម​ភោជនីយដ្ឋាន ការដ្ឋានសំណង់ រោងចក្រឧស្សាហកម្ម។ គេវាយតម្លៃថា ដោយសារ​កម្លាំងពលកម្ម​របស់​កូរ៉េខាងជើង​មាន​តម្លៃថោក ចិន និង​រុស្ស៊ី សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង នៅបន្ត​ផ្តល់​ទិដ្ឋាការ​ដល់​ពលរដ្ឋកូរ៉េខាងជើង ផ្ទុយនឹង​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ។

គេជឿថា ក្នុង​មួយឆ្នាំៗ ពលករកូរ៉េខាងជើង ធ្វើការ​នៅបរទេស ផ្តល់​ប្រាក់ចំណូល ពី ២០០​លាន ទៅ ៥០០លាន​ដុល្លារ ទៅ​ឲ្យ​របបព្យុងយ៉ាង។

នៅថ្ងៃសុក្រ ប្រេសិត​អាមេរិក កូរ៉េខាងត្បូង និងជប៉ុន អំពាវនាវឲ្យ​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ ចាប់បញ្ជូន​ពលករ​កូរ៉េខាងជើង ឲ្យត្រលប់​ទៅប្រទេស​ដើម នៅក្នុង​ហេតុផលថា ដើម្បី​រួចផុត​ពីទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ បុគ្គលិកជំនាញ​ព័ត៌មានវិទ្យាកូរ៉េខាងជើង ដែលរស់នៅ​ទឹកដីបរទេស បាន​ក្លែងបន្លំ ឈ្មោះនិង​សញ្ជាតិ ដើម្បី​ដើរប្រព្រឹត្ត​អំពើឧក្រិដ្ឋកម្ម​អ៊ីនធ័រនែត។ តាម​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ចោរព័ត៌មានវិទ្យា​កូរ៉េខាងជើង​កំពុងក្លាយជា​គ្រោះថ្នាក់ គំរាមកំហែង​សន្តិសុខព័ត៌មានវិទ្យា​នៅក្នុងពិភពលោក។ ក្នុងរយៈពេលតែ​១ឆ្នាំមុន ចោរព័ត៌មានវិទ្យា កូរ៉េខាងជើង​បាន​ចូល​លួច​លុយអេឡិចត្រូនិក Cryptocurrency សរុប ១៧០០លានដុល្លារ។

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម ប្រេសិត​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​សោកស្តាយដែលឃើញ របបព្យុងយ៉ាង នៅទីបំផុត​ប្រឹងប្រមូលលុយពីកម្លាំងញើសជនជាតិ​របស់ខ្លួន នៅបម្រើមហិច្ឆតា​ផលិតអាវុធប្រល័យលោក ដោយ​មិនខ្វល់ពី​ប្រជាជន​ដែលកំពុង​ជួបការលំបាក គ្រោះអត់ឃ្លាន នៅក្នុងប្រទេស ដោយសារ​គ្រោះធម្មជាតិ និងការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពីអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ