អានតួអត្ថបទ
ថៃ

លោកប្រាយុទ្ធ​ចាន់អូចា ប្រកាស​ដក​ខ្លួន​ចេញ​ពី​ជីវិត​នយោបាយ

លោក​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​ប្រាយុទ្ធ​ចាន់​អូចា ដែល​ទទួល​រង​បរាជ័យ​យ៉ាង​ជូរចត់​នៅក្នុង​សម័យ​បោះឆ្នោត​សភា​ កាលពី​ខែ​ឧសភា បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​ទី ១១​កក្កដា​នេះថា លោកនឹង​ដក​ខ្លួន​ចេញ​ពីឆាក​នយោបាយ នៅពេល​ប្រទេស​មាន​រដ្ឋាភិបាល​ថ្មី។

លោក​ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ
លោក​ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ Reuters
ផ្សាយពាណិជ្ជកម្ម

“ចាប់​ពីពេល​នេះ​ទៅ ខ្ញុំ​សូម​ចាក​ចេញ​ពី​នយោបាយ​ ដោយ​សុំ​លាលែង​ចេញ​ពី​តួនាទីនៅក្នុង​​បក្ស​” នេះ​ជាសេចក្តី​ថ្លែងការណ៍​​របស់​លោក​ប្រាយុទ្ធ​ចាន់អូចា បង្ហោះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារទី ១១​កក្កដា ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​បក្ស ដោយ​ជំរុញ​ឱ្យ​សមាជិក​បក្ស​ទាំង​អស់​ការពារ​ស្ថាប័ន​ប្រទេស​ គឺ​ជាតិ សាសនា​ ព្រះមហាក្សត្រ​។

នេះ​មិនមែន​ជា​ស្ថានភាព​ក្រលាស់ផ្ញារទេ តែ​ពិត​ជាដំណឹង​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ខ្លាំងណាស់ ! ជា​ឧត្តមសេនីយ៍ លោក​​​​ប្រាយុទ្ធ​ចាន់អូចា ដែល​បាន​ឡើង​កាន់​អំណាច ដោយ​ធ្វើ​​រដ្ឋប្រហារ​ នៅ​ឆ្នាំ​២០១៤ បាន​បន្តប្រើ​កម្លាំង​​រក្សា​​តំណែង​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាលបាន​រយៈ​ពេល​៥​ឆ្នាំ។ បន្ទាប់​ពី​បង្កើត​​គណបក្ស​នយោបាយផ្ទាល់​ខ្លួន លោក​បាន​ស្តារ​កិត្តិយស​ក្លាយ​​ជា​នាយករដ្ឋមន្ត្រី​ស្រប​ច្បាប់​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​នៅ​ឆ្នាំ​២០១៩។

ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល​នៅថៃ ​គេច​ផុត​ពីញត្តិ​ចាប់​ថ្នាក់​ជា​ច្រើន​លើក​ច្រើន​សា ​ការ​ប្រកាស​លាលែង​ចេញ​ពីតួនាទី​របស់​​លោក​ប្រាយុទ្ធចាន់អូចា ​នៅថ្ងៃ​នេះ បាន​មក​បិទ​បញ្ចប់​ក្តី​សង្ឃឹមដ៏​សម្ងាត់​​របស់​មនុស្ស​មួយ​ចំនួន​ថា​លោក​អាច​បន្តដឹក​នាំ​ប្រទេស​បាន​ទៀត ទោះបី​ជា​គណបក្ស​របស់​លោក​បាន​ចាញ់​ឆ្នោត ​យ៉ាង​ខ្លាំង​ក៏​ដោយ។

ក្នុង​សម័យ​បោះឆ្នោត​សភា​ ​កាលពី​ខែ​ឧសភា គណបក្ស​របស់​លោក​ប្រាយុទ្ធ​ចាន់​អូចា ដែល​ទើប​បង្កើត​ថ្មី​សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន បាន​ធ្លាក់​ដល់​​លំដាប់​ទី​៥។ ឯជោគជ័យ​ត្រូវ​នាំ​មុខ​ដោយគណបក្ស​ប្រឆាំងថៃ​ទាំង​ពីរ គឺ​គណបក្ស​កាវក្លៃ និង​ភឿថៃ​។ នៅថ្ងៃ​ព្រហស្បតិ៍​ទី ១៣​កក្កដា​ខាង​មុខ សភាថៃ​​ត្រូវ​បោះឆ្នោត​ជ្រើស​តាំង​ប្រមុខ​រដ្ឋាភិបាល​ថ្មី ​លោក ភិថា លឹមចៈរើនរ៉ាត់ វ័យ​៤២ឆ្នាំ ដែល​ជាប្រធាន​​គណបក្សឈ្នះ​នាំ​មុខ​គេ-កាវក្លៃ។ ប៉ុន្តែជាមួយ​នឹង​​​ជំហរ​កំណែទម្រង់របប​រាជានិយម​​ ​លោក​ភិថា អាច​នឹង​ត្រូវ​ក្រុម​ព្រឹទ្ធសភា​អភិរក្សនិយម​ទាំង​២៥០រូបដែល​តែង​តាំង​ដោយ​រដ្ឋាភិបាល​លោក​ប្រាយុទ្ធចាន់អូចា ​បោះឆ្នោត​ប្រឆាំង។ ​ក្រុម​ព្រឹទ្ធសភា​២៥០​រូប​ ទំនង​ជាសំណល់​មរតករបស់​លោក​ប្រាយុទ្ធ​ចាន់អូចាតែ​មួយ​ដែល​​នៅ​បន្ត​មាន​​ឥទ្ធិពលនយោបាយទៀត ទោះបី​ម្ចាស់​​លាលែង​ចេញ​ពី​តំណែងក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ