អានតួអត្ថបទ

គណបក្សកាវក្លៃ របស់​លោក ភិថា ​​ប្រកាស​គាំទ្រ​បេក្ខជន​នាយករដ្ឋមន្ត្រីថៃថ្មី ​មកពី​បក្សភឿថៃ

នៅស្រុក​ថៃ ថ្ងៃ​សុក្រ​​ ទី២១កក្កដា​ គណបក្សកាវក្លៃ ជាបក្ស​ឈ្នះសំឡេងឆ្នោត​ច្រើន​ជាងគេ​  ប្រកាស​សម្រុះ​សម្រួល​នយោបាយ ដោយ​បាន​ប្រកាស​គាំទ្រ​បេក្ខជន​នាយករដ្ឋមន្ត្រីថ្មី ដែល​មកពី​គណបក្សភឿថៃ ដែល​ជា​បក្ស​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​។ ការបញ្ជាក់​ជំហរ​ថ្មី​នេះ​ គឺដើម្បី​ដោះស្រាយ​ភាព​ជាប់គាំងនយោបាយ​ ដ្បិតថា ថ្នាក់ដឹកនាំ​គណបក្សកាវក្លៃ ជា​អ្នក​នយោបាយវ័យក្មេង លោក ភិថា លីមចៈរើនរ៉ាត់ បាន​បរាជ័យ​ ២ លើក​រួច​ទៅហើយ ​​ក្នុងការ​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​។​ ​

Pita Limjaroenrat, leader of the Move Forward Party, and other MPs raise their hands at parliament after Thailand's Constitutional Court ordered his temporary suspension from the parliament, on the day of the second vote for a new prime minister, at parliament, in Bangkok, Thailand, July 19, 2023. REUTERS/Chalinee Thirasupa
Pita Limjaroenrat, leader of the Move Forward Party, and other MPs raise their hands at parliament after Thailand's Constitutional Court ordered his temporary suspension from the parliament, on the day of the second vote for a new prime minister, at parliament, in Bangkok, Thailand, July 19, 2023. REUTERS/Chalinee Thirasupa REUTERS - CHALINEE THIRASUPA
ផ្សាយពាណិជ្ជកម្ម

«ពេល​នេះ អ្វីដែល​សំខាន់​ចាំបាច់​ជាចម្បង គឺ​មិនមែន​ទាល់តែលោក ភិថា លីមចៈរើនរ៉ាត់ ក្លាយ​ជា​នាយករដ្ឋមន្ត្រី​​ទេ ក៏​ប៉ុន្តែ​ ការសំខាន់​នោះ គឺ​ ​ថៃក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​»។ នេះគឺជាការ​ថ្លែង​ប្រកាស​​របស់​អគ្គលេខាធិការ​គណបក្សកាវក្លៃ Chaitawat Tulathon ​ចំពោះមុខ​អ្នក​កាសែត​នៅបាំងកក​។​ ចំពោះ​ការ​បោះឆ្នោត​ជ្រើស​នាយករដ្ឋមន្ត្រី​ថៃថ្មី ដែលត្រូវ​រៀបចំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ សប្តាហ៍​ខាងមុខ គឺ ​អ្នក​តំណាងជាន់​ខ្ពស់​​គណបក្សកាវក្លៃ ក៏បាន​ប្រកាស​ថា «នឹង​បោះឆ្នោត​គាំទ្រ​បេក្ខជន​ ដែល​មកពី គណបក្សភឿថៃ ឲ្យ​ដូច​ដែល សមាមជិកសភា​បក្ស​ភឿថៃ​ ធ្លាប់​គាំទ្រ​​បេក្ខជន​ពីបក្ស​កាវក្លៃ​ ដូច្នោះដែរ​»។

ភឿថៃ ជា​គណបក្សជាប់​សំឡេងគាំទ្រ​ច្រើន​ លំដាប់​លេខ​ ២ បន្ទាប់ពី គណ​បក្ស​កាវក្លៃ នៅក្នុងការ​បោះឆ្នោត​ជាតិ​ ថ្ងៃទី​១៤ ខែ​ឧសភា កន្លងទៅ​។ ភឿថៃ ជាបក្ស​ចាស់​វស្សា​នៃវង្ស​ត្រកូល​ តាក់ស៊ីន។ នាយរដ្ឋមន្ត្រី​នៃ​គណបក្សនេះ​ធ្លាប់​ត្រូវ​រដ្ឋអំណាច​ថៃ គ្រប់​គ្រង​ដោយ​របបសឹក​ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ ២ លើក រួច​ទៅហើយ។​ ម្តង​នៅ​ឆ្នាំ​២០០៦ និងម្តងទៀត​ ឆ្នាំ​២០១៤។ ក៏ប៉ុន្តែ នៅគ្រា​​នេះ ​​បេក្ខភាព​នាយករដ្ឋមន្ត្រី ពីបក្សភឿថៃ គឺទំនងជា​​ពុំ​មែន អ្នកស្រី ភែថងថាន ស៊ីណាវ៉ាត់ ជា​កូន​ស្រីរបស់​​អតីត​នាយករដ្ឋមន្ត្រី​ តាក់ស៊ីន ស៊ីណាវ៉ាត់ នោះឡើយ​។

ក្រុម​អ្នកនយោបាយ​ថៃ​​ កំពុង​​​សំឡឹង​មើលឃើញបុគ្គលម្នាក់​លេធធ្លោ​នៅក្នុង​គណ​បក្ស​ភឿថៃ ដែល​នឹងត្រូវ​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី។ នោះ គឺ​ ​ពាណិជ្ជករ លោក ​សេដ្ឋា ទ្វីសិន (សេត-ឋា ថៈវីស៊ិន ឬ ឝ្រេឞ្ឋា ទ្វីសិន​)។ បុរសវ័យ ​៦០ ឆ្នាំរូបនេះ​ ទំនង​ជា​​អាច​​ត្រូវ​សម្ព័ន្ធ​បក្ស​ប្រជាធិបតេយ្យ ​ទាំង​ ៨ បក្ស​ ផ្តល់​ទំនុក​ទុក​ចិត្ត​​ច្រើន​ ហើយ​និងអាច​ជា​បុគ្គល​ម្នាក់ ដែល​នាំឲ្យ​គ្រប់ភាគី​​ស្រុះស្រួល​គ្នា​គាំទ្រ។​ នេះ​បើ​តាម​កាសែត​ក្នុង​ស្រុកសៀម​​ និងសារ​ព័ត៌មាន​បរទេស។​ ទោះជាម្តេច​ក្តី គណបក្ស​ភឿថៃ បាន​បញ្ជាក់​ថា  ទាល់តែ​១​​ថ្ងៃ​មុន​ការបោះឆ្នោត​ផ្តល់​ទំនុក​ចិត្ត​លើបេក្ខជន​នាយករដ្ឋមន្ត្រី ​ ​ទើប​ គណបក្ស​ភឿថៃ ប្រកាសឲ្យ​ដឹង​ពី​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់ខ្លួន ជា​ផ្លូវ​ការ​។ ​

គួរ​រំឭកថា លោក ភិថា លីមចៈរើនរ៉ាត់ អ្នក​នយោបាយ វ័យ ៤២ឆ្នាំ​ ជាថ្នាក់ដឹកនាំ​គណបក្សកាវក្លៃ បាន​ទទួល​សំឡេងឆ្នោតឈ្នះ​ដាច់​គេក្នុងការបោះឆ្នោត​ជាតិ​ ប៉ុន្តែ ត្រូវ​បរាជ័យ​ ២ លើក ក្នុងការ​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី។ ដ្បិតថា ​ក្រុម​តំណាង​រាស្ត្រ​និង​សមាជិកព្រឹទ្ធសភា ដែល​តែងតាំង​ដោយ​ពួក​យោធា បដិសេធ​ជំទាស់។​ គេ​ជំទាស់​ ពីព្រោះថា កម្មវិធី​នយោបាយ​របស់​លោក ភិថា ចង់​កែសម្រួល​ច្បាប់ជេរប្រមាថ​ព្រះមហាក្សត្រ​និង​រាជវង្សានុវង្ស ហើយ​និង​ ចង់​កាត់​បន្ថយ​អំណាច​របស់​ពួក​យោធា ដែល​ ពួក​យោធា​ ដ៏​មាន​អំណាច​នៅថៃ មិនអាច​គាំទ្រ​បាន​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ