អានតួអត្ថបទ
ទាហានអាមេរិក កូរ៉េខាងជើង

អង្គការសហប្រជាជាតិចរចាជាមួយកូរ៉េខាងជើងពីរឿងនាយទាហានអាមេរិក​Travis King

មួយសប្តាហ៍ក្រោយនាយទាហានអាមេរិកលួចឆ្លងដែនខុសច្បាប់ចូល​ក្នុងទឹកដីកូរ៉េខាងជើង មេបញ្ជាការរងរបស់អង្គការសហប្រជាជាតិបាន​ប្រកាសនៅថ្ងៃ​ចន្ទនេះថា ការចរចាជាមួយ​ក្រុងព្យុងយ៉ាងបានចាប់ផ្តើម​ដើម្បីនិយាយ​ពីករណីទាហានអាមេរិកខាងលើ។ តាមអង្គការសហប្រជាជាតិដែលទទួលបន្ទុក​គ្រប់គ្រងតំបន់ស តំបន់គ្មានអាវុធនៅត្រង់ព្រំដែនកូរ៉េទាំងពីរ នាយទាហានអាមេរិក Travis King ទំនងត្រូវអាជ្ញាធរ​កូរ៉េខាងជើង​ចាប់ដាក់ឃុំ​នៅពេលរត់ចូលក្នុងទឹកដីកូរ៉េខាងជើង កាលពីថ្ងៃទី ១៨​កក្កដាកន្លងទៅ។

A TV screen shows a file image of American soldier Travis King during a news program at the Seoul Railway Station in Seoul, South Korea, Saturday, July 22, 2023. King bolted into North Korea while on a tour of the Demilitarized Zone on Tuesday, a day after he was supposed to travel to a base in the U.S. (AP Photo/Ahn Young-joon)
A TV screen shows a file image of American soldier Travis King during a news program at the Seoul Railway Station in Seoul, South Korea, Saturday, July 22, 2023. King bolted into North Korea while on a tour of the Demilitarized Zone on Tuesday, a day after he was supposed to travel to a base in the U.S. (AP Photo/Ahn Young-joon) AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

នៅទីក្រុង​សេអ៊ូល មេបញ្ជាការរងរបស់​អង្គការសហប្រជាជាតិ លោកឧត្តមសេនីយ៍អង់គ្លេស Andrew Harrisonបាននិយាយប្រាប់អ្នកកាសែតនៅថ្ងៃចន្ទនេះថា អង្គការសហប្រជាជាតិ​បានផ្តើមចរចាជាមួយ​កងទ័ពប្រជាមានិតកូរ៉េខាងជើង តាមរយៈ​យន្តការ​នៃបទឈប់បាញ់​ដែលបងប្អូនកូរ៉េទាំងពីរបានចុះហត្ថលេខាដើម្បីបិទបញ្ចប់ការប្រយុទ្ធគ្នា កាលពី​ឆ្នាំ ១៩៥៣។

តាមមេបញ្ជាការរងរបស់អង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងលើបទឈប់បាញ់​នៅឆ្នាំ​១៩៥៣​មានចែង​ពី​យន្តការដែលអនុញ្ញាតឲ្យ​បញ្ជាការដ្ឋានរបស់អង្គការសហប្រជាជាតិដែល​នាទីគ្រប់គ្រង​តំបន់គ្មានអាវុធ​នៅព្រំដែន​កូរ៉េទាំងពីរ អាច​បើកការចរចា​ជាមួយ​កងទ័ពកូរ៉េខាងជើង។ មេបញ្ជាការងរបស់អង្គការសហប្រជាជាតិ​មិនបាននិយាយលម្អិតពីខ្លឹមសារជជែកជាមួយកងទ័ពកូរ៉េខាងជើង ប៉ុន្តែ បញ្ជាក់ពីសារៈសំខាន់នៃសុខសុវត្ថិភាព​របស់​នាយទាហានអាមេរិកាំងTravis King ដែល​អង្គការសហប្រជាជាតិជឿថា កំពុងត្រូវជាប់ឃុំខ្លួនក្នុងទឹកដីកូរ៉េខាងជើង។

Travis King​ត្រូវបានបញ្ជូនទៅប្រចាំការនៅកូរ៉េខាងត្បូងតាំងពីឆ្នាំ​២០២១។ ប៉ុន្តែ​ នៅថ្ងៃទី​១៨​កក្កដា​សប្តាហ៍មុន ទាហានអាមេរិកាំងរូបនេះ​បានល្មើសឆ្លងចូលទៅទឹកដីខាងជើងដោយខុសច្បាប់ ក្នុងអំឡុងពេលធ្វើទស្សនកិច្ច​ ​ច្រកព្រំដែនកូរ៉េក្នុងតំបន់ស តំបន់គ្មានកងទ័ពដែលស្ថិតក្រោមការគ្រប់គ្រង​របស់​អង្គការសហប្រជាជាតិ។ នៅប៉ុន្មានថ្ងៃមកនេះ កាសែតក្នុងស្រុកកូរ៉េខាងត្បូងបានចុះផ្សាយថា ទាហានអាមេរិកាំង Travis King​ធ្លាប់ជាប់ឃុំ២ខែ​នៅសេអ៊ូល បន្ទាប់ពីឈ្លោះវាយតប់គ្នាក្នុងពេលស្រវឹង និងវាយបំផ្លាញឡានប៉ូលិសកូរ៉េខាងត្បូង។ នៅថ្ងៃទី​១០កក្កដា Travis Kingត្រូវបាន​ដោះលែងពីពន្ធនាគារ និងត្រូវ​បញ្ជូនត្រលប់​ទៅ​អាមេរិកដើម្បីប្រឈមនឹងការដាក់ពិន័យកងទ័ព ប៉ុន្តែ Travis King បាន​រត់គេចខ្លួន និង​ទីបំផុតបានរត់ចូលទៅក្នុងទឹកដីកូរ៉េខាងជើងដោយខុសច្បាប់។

ផ្ទុយពីការចាប់ឃុំខ្លួនជនជាតិអាមេរិកមុនៗ កូរ៉េខាងជើង​លើកនេះមិនបានធ្វើអត្ថាធិប្បាយអ្វីទាំងអស់ជុំវិញវត្តមានរបស់​ទាហានអាមេរិក Travis Kingក្នុងទឹកដីកូរ៉េខាងជើង។ កងទ័ពអាមេរិក​សំដែងការបារម្ភពី​សុខុមាលភាពរបស់​Travis King និងថា កូរ៉េខាងជើង​បដិសេធមិនផ្តល់ព័ត៌មានរបស់នាយទាហានខាងលើ។

សម្រាប់អ្នកជំនាញ កូរ៉េខាងជើង​អាច​បន្តចាប់ទុកនាយទាហានTravis King ដើម្បីជាថ្នូរដាក់សម្ពាធ​ឲ្យអាមេរិកឈប់គាំទ្រយោធាសម្រាប់កូរ៉េខាងត្បូង។ ឧប្បត្តិហេតុដែលទាហានអាមេរិក​រត់ចូលទៅក្នុងទឹកដីកូរ៉េខាងជើង​កើតឡើងក្នុងកាលៈទេសៈមួយដែលកូរ៉េខាងជើង និងអាមេរិកកំពុងតានតឹងខ្លាំង ដោយសារ​អាមេរិកបញ្ជូននាវាមុជទឹកមានបំពាក់អាវុធនុយក្លេអ៊ែរទៅចូលចតនៅកូរ៉េខាងត្យូង។ បន្ទាប់ពីកូរ៉េខាងជើងបញ្ចេញកំហឹងដោយការបាញ់សាកល្បងមីស៊ីលបាលីស្ទិក និង​មីស៊ីលចម្ងាយមធ្យម នៅសប្តាហ៍មុន នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកមួយគ្រឿងទៀតបានចូលចតនៅកំពង់ផែJeju របស់កូរ៉េខាងត្បូង​នៅថ្ងៃចន្ទនេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ