អានតួអត្ថបទ
ថៃ

ថៃ៖ ភឿថៃ ផាត់​គណ​បក្ស​ឈ្នះឆ្នោត​កាវក្លៃ​ ចេញ​ពី​រដ្ឋាភិបាល​ចម្រុះ​ថ្មី

កាវក្លៃ​ជា​បក្ស​​ឈ្នះនាំ​មុខ​គេ ​នៅក្នុង​សម័យ​ឆ្នោតសភា​កាលពី​ថ្ងៃទី​១៤​ឧសភា​ ប៉ុន្តែ​គណបក្ស​នេះ​គ្មាន​មុខ​ក្នុងសម្ព័ន្ធអ្ន​ក​​​ប្រជាធិបតេយ្យ​​៨បក្ស​ដែល​ទទួល​បន្ទុក​បង្កើត​​រដ្ឋាភិបាល​ចម្រុះ​ថ្មី​ទេ។ គណបក្ស​ភឿថៃ​ ដែល​ឈ្នះ​ឆ្នោត​លំដាប់​ទីពីរ ​បាន​តែង​តាំង​លោក សេដ្ឋា ថាវីស៊ីន ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មី និង​ប្រកាស​ផាត់​បក្ស​កាវក្លៃ​ចេញ​ពី​រដ្ឋាភិបាល​ថៃ​ថ្មី។

លោក សេដ្ឋា ថាវីស៊ីន បេក្ខជន​នាយករដ្ឋមន្ត្រី​បក្ស​ភឿថៃ និង​លោកស្រី​ ភែថងថាន ស៊ីណា​វ៉ាត់
លោក សេដ្ឋា ថាវីស៊ីន បេក្ខជន​នាយករដ្ឋមន្ត្រី​បក្ស​ភឿថៃ និង​លោកស្រី​ ភែថងថាន ស៊ីណា​វ៉ាត់ AP - Wason Wanichakorn
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ស្វែង​រក​ការ​សម្រុះ​សម្រួល​ជាមួយ​នឹង​ក្រុម​បក្សស​ម្ព័ន្ធ​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ អស់​ជា​ច្រើន​ថ្ងៃ​ នៅថ្ងៃ​ពុធ​នេះ​គណបក្ស​ភឿថៃ​បាន​សម្រេច​ផាត់​គណបក្ស​កាវក្លៃ​ចេញ​ពីរដ្ឋាភិបាល​ចម្រុះ​។  នៅចំពោះមុខ​អ្នក​កាសែតបក្ស​ភឿថៃ​បាន​ពន្យល់​ថា ដើម្បី​សង្ឃឹម​​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់​គ្រាន់​នៅសភា​និង​ព្រឹទ្ធសភា​ ក្នុង​ការ​​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី គណបក្ស​កាវក្លៃ​នឹង​ក្លាយ​ជា​បក្ស​ប្រឆាំង ដែល​នឹង​​ផ្តល់​​ប្រយោជន៍ល្អ​​របស់​ប្រជាពលរដ្ឋ។ នៅក្នុង​ការ​ពិគ្រោះ​យោបល់​គ្នា​ដើម្បីរៀបចំពង្រីក​​​​រដ្ឋាភិបាល​ចម្រុះ​ឱ្យ​​មាន​គណបក្ស​ផ្សេង​ចូល​រួម បាន​បង្ហាញ​ឱ្យ​ឃើញ​ថា គោលនយោបាយ​របស់​បក្ស​កាវក្លៃ​ដែល​​ចង់​ធ្វើ​កំណែទម្រង់​ច្បាប់​ប្រមាថ​ព្រះ​មហាក្សត្រ​ ជា​ឧប​សគ្គចម្បង​គេ គ្មាន​គណបក្ស​ណា​គាំទ្រ​ឱ្យ​បក្ស​កាវក្លៃ​​ចូល​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ទេ។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​គណបក្ស​ភឿថៃ។

ទន្ទឹម​ពេល​ជាមួយគ្នា​នោះ​ដែរ ដូចការ​ស្មាន​ទុក គណបក្ស​ភឿថៃបាន​តែង​តាំងសេដ្ឋី​ជា​សហគ្រិន​ក្នុង​វិស័យ​អចលនទ្រព្យ​ លោក សេដ្ឋា ថាវីស៊ីន ជា​បេក្ខជន​នាយករដ្ឋមន្ត្រី។ ក្នុង​វ័យ​៦០​ឆ្នាំ ជាអ្នក​ជំនួញ លោក សេដ្ឋា ថាវីស៊ីន ជា​ឥស្សរជន​ដែល​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​សភា​និង​ព្រឹទ្ធសភា​ថៃ។

ក្រោយ​ពី​សមាជិកព្រឹទ្ធសភា​ បាន​ច្រាន​ចោល​​បេក្ខភាពលោក ភីថា លីមចៈរើនរ៉ាត់ ប្រធាន​បក្ស​កាវក្លៃ​ ជា​​នាយករដ្ឋមន្ត្រីមក ការ​ផាត់​គណបក្ស​កាវក្លៃ​ចេញរដ្ឋាភិបាល​ចម្រុះ​គ្រាន់​តែ​ជា​បញ្ហា​ពេល​វេលា​ប៉ុណ្ណោះ។ ប៉ុន្តែ​តើ​គណបក្ស​កាវក្លៃ នឹង​គាំទ្រ​បេក្ខភាព​នាយក​រដ្ឋ​មក​ពី​​បក្ស​ភឿថៃ​វិញ​ដែរឬក៏​ទេ? បើ​ទេ​ នោះវា​ជា​ការ​វាយ​សំពងតប​​លើ​ក្រុម​ព្រឹទ្ធសភា​និង​យោធា​​ វិញ​ម្តង។

ដើម្បី​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ បេក្ខជន​ត្រូវ​មាន​កា​រគាំទ្រ​ក្នុង​សំឡេង​ភាគ​ច្រើន​នៅក្នុង​សភា​និង​ព្រឹទ្ធសភា ដែល​មាន​សមាជិក​៥០០នាក់​ ព្រមទាំង​សមាជិក​ព្រឹទ្ធសភា​២៥០រូប​តែង​តាំង​ដោយ​របប​សឹក។ សភា​ថៃ​នឹង​​បោះឆ្នោតអនុម័ត​បេក្ខជន​​នាយករដ្ឋមន្ត្រី​​ ជា​ថ្មី​ ​នៅថ្ងៃ​សុក្រ​ទី ៤សីហា តែ​​គណបក្ស​កាវក្លៃ​មិន​ទាន់​បញ្ជាក់​ជំហរទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ