អានតួអត្ថបទ

កូរ៉េខាងជើងប្រកាសពីការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរតាក់ទិកថ្មី

នៅ​ថ្ងៃ​សុក្រ ទី៨ កញ្ញា កូរ៉េខាងជើង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​សាងសង់​ថ្មី​នូវ​នាវាមុជទឹក​នុយក្លេអ៊ែរ​តាក់ទិក​លេខ ៨៤១។ ការ​សាងសង់​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​កម្លាំងទ័ព​ជើងទឹក។ ព័ត៌មាន​ស្តីពី​ការ​សាងសង់​នាវា​មុជទឹក​ថ្មី​ត្រូវ​បាន​បញ្ជាក់​ដោយ​កាសែត​ផ្លូវការ​កូរ៉េខាងជើង KCNA។

កូរ៉េខាងជើងប្រកាសពីការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរតាក់ទិកថ្មី
កូរ៉េខាងជើងប្រកាសពីការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរតាក់ទិកថ្មី AP
ផ្សាយពាណិជ្ជកម្ម

តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​ផ្លូវការ KCNA នាវាមុជទឹក​នុយក្លេអ៊ែរ​តាក់ទិក​ថ្មី​លេខ ៨៤១ ត្រូវ​បាន​បង្ហាញ​ក្នុង​ថ្ងៃ​ពុធ ទី៦ កញ្ញា​នៅ​ក្នុង​ពិធី​មួយ​ក្រោម​អធិបតីភាព​របស់​មេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុន។ បុរស​ខ្លាំង​កូរ៉េខាងជើង​រូប​នេះ​បាន​ថ្លែង​នា​ឱកាស​នោះ​នៅ​ចំពោះ​មុខ​កង​ម៉ារីន​ដែល​មាន​ឯកសណ្ធាន​ពណ៌ ស ឈរ​នៅ​ក្បែរ​នាវា​មុជទឹកថា នាវាមុជទឹក​នុយក្លេអ៊ែរ​តាក់ទិក​ថ្មី​គឺ​ជា​ផ្នែក​មួយ​នៃ​វឌ្ឍនភាព​អាវុធ​នុយក្លេអ៊ែរ​របស់​កងទ័ព​ជើងទឹក​នា​ពេល​អនាគត។ លោក​គីម ជុនអ៊ុន​បាន​បន្ថែម​ថា នាវាមុជទឹក​នុយក្លេអ៊ែរ​តាក់ទិក​ថ្មី​នឹង​បំពេញ​បេសកកម្មប្រយុទ្ធ និង​ជា​មធ្យោបាយ​វាយលុក​ក្រោម​សមុទ្រ​មួយ​ដ៏​សំខាន់​របស់​កម្លាំងជើងទឹកជាតិ។

សម្រាប់​មេដឹកនាំ​កូរ៉េខាងជើង បំពាក់​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​កងម៉ារីន​ក្លាយ​ជា​កិច្ចការ​បន្ទាន់។ យោង​តាម​អង្គការ Nuclear Threat Initiative ក្រុង​ព្យុងយ៉ាង​មាន​នាវាមុជទឹក​ចន្លោះ​ពី ៦៤គ្រឿង​ទៅ ៨៦គ្រឿង។ ចំនួន​នេះ​ស្ថិត​ក្នុង​ចំនួន​ដ៏​ច្រើន​មួយ​នៅ​ក្នុង​លោក។ តែ​ក្រុម​អ្នក​ជំនាញ​របស់ Nuclear Threat Initiative មិន​ច្បាស់​ថា នាវា​មុជទឹក​ទាំង​អស់​ដែល​កូរ៉េខាងជើង​មាន​សុទ្ធ​តែ​ប្រើប្រាស់​បាន​ទាំង​អស់​នោះ​ទេ។ ចំណែក​អ្នកវិភាគ​ម្នាក់​នៅ​អាមេរិក​លោក Ankit Panda បាន​យល់​ឃើញ​ថា សមត្ថភាព​នៅ​ក្នុង​នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​របស់​កូរ៉េខាងជើង​នឹង​គ្មាន​អ្វី​អស្ចារ្យ​ទេ តែ​វា​នឹង​បង្កើន​ឲ្យ​មាន​ភាព​ស្មុគស្មាញ​នៃ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ដែល​បង្ក​ឡើង​ដោយ​របប​ក្រុង​ព្យុងយ៉ាង។

ពី​កូរ៉េខាងត្បូង ក្រុង​សេអ៊ូល​បាន​ថ្កោលទោស​លើ​ការ​សាងសង់​នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​របស់​កូរ៉េខាងជើង។ អ្នក​នាំ​ពាក្យ​រង​នៃ​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​លោក Kim In-ae បាន​ថ្លែង​ថា កូរ៉េខាងជើង​កំពុង​ខ្ជះខ្ជាយ​ធនធាន​តិចតួច​របស់​ខ្លួន​ដើម្បី​ផលិត​អាវុធ​ដោយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​វេទនា​របស់​ប្រជាជន​ខ្លួន។ « ក្រុង​ព្យុងយ៉ាង​ត្រូវ​តែ​យល់​ថា កម្មវិធី​អាវុធ និង​ការ​គំរាមកំហែង​របស់​ខ្លួន​បាន​ត្រឹម​តែ​ផ្តល់​គ្រោះថ្នាក់​ដល់សន្តិសុខ​លើ​ខ្លួន​នៅ​ចំពោះ​មុខ​ជំហរ និង​ការ​ឆ្លើយ​តប​រួម​គ្នា​របស់​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង​ជប៉ុន » នេះ​ជា​ការ​បន្ថែម​របស់​លោក Kim In-ae៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ