អានតួអត្ថបទ
ជប៉ុន-ការពារជាតិ

ជប៉ុនបញ្ជាឲ្យកងទ័ពត្រៀមបាញ់កម្ទេចបំណែកមីស៊ីលកូរ៉េខាងជើង

រដ្ឋមន្រ្តីការពារជាតិជប៉ុន កាលពីថ្ងៃ​សៅរ៍ម្សិលមិញ​បានចេញបញ្ជា​ឲ្យកងទ័ពស្វ័យការពារ​ត្រៀមខ្លួន​បាញ់កម្ទេច បំណែកមីស៊ីលបាលីស្ទិក​របស់​កូរ៉េខាងជើង ដែលអាច​ធ្លាក់​នៅទៅលើ​ទឹកដីជប៉ុន។ បទបញ្ជា​របស់​ប្រមុខការពារជាតិជប៉ុន​ធ្វើឡើង ក្នុងកាលៈទេសៈ​ដែលកូរ៉េខាងជើង​ប្រកាស​គម្រោង​បាញ់​បង្ហោះផ្កាយរណបស៊ើបការណ៍​យោធា ដើម្បីសងសឹក​នឹង​សមយុទ្ធយោធា​របស់​អាមេរិក និង​កូរ៉េខាងត្បូង។

ទាហាន​ជប៉ុន ប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីល ប្រភេទ PAC-3
ទាហាន​ជប៉ុន ប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីល ប្រភេទ PAC-3 AP - Eugene Hoshiko
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃ​សៅរ៍ រដ្ឋមន្រ្តីការពារជាតិ​ជប៉ុន លោក Yasukazu Hamada បាន​និយាយប្រាប់​កងទ័ពឲ្យ​ចាត់វិធានការ​ចាំបាច់បំផុត​ដើម្បី​កាត់បន្ថយ​ការខូចខាត​ឲ្យ​បាន​ច្រើន​បំផុត ក្នុងករណី​ដែល​កម្ទេច​មីស៊ីល​បាលីស្ទិក​របស់​កូរ៉េខាងជើង អាច​ធ្លាក់​លើ​ទឹកដីជប៉ុន។

នៅថ្ងៃ​ពុធ​សប្តាហ៍នេះ មេដឹកនាំកូរ៉េខាងជើង​បាន​ប្រកាស​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណបស៊ើបការណ៍យោធា ប៉ុន្តែ មិនបាន​បញ្ជាក់ថ្ងៃណាច្បាស់នោះទេ។ ដើម្បីបាញ់បង្ហោះ នាំយកផ្កាយរណប​ទៅដាក់​ក្នុងគន្លងតារាវិថី កូរ៉េខាងត្បូង​ត្រូវការប្រើមីស៊ីលបាលីស្ទិក ដែលផ្ទុយនឹង​សេចក្តីសម្រេច​ហាម​របស់​អង្គការ​សហប្រជាជាតិ។

កូរ៉េខាងជើង ធ្លាប់បានបាញ់សាកល្បង​មីស៊ីលបាលីស្ទីក នៅឆ្នាំ ២០១២ និង​ឆ្នាំ ២០១៦ ដើម្បីនាំយកផ្កាយរណបទៅក្នុង​តារាវិថី។ មីស៊ីល​បាលីស្ទិក​ទាំងពីរ​លើក​របស់​កូរ៉េខាងជើង​បាន​ហោះរំលង​តំបន់ភាគខាងត្បូង​ប្រទេស​ជប៉ុន នៅត្រង់កោះអូគីណាម៉ា។

នៅលើ​កោះអូគីណាវ៉ា និង​កោះជុំវិញ ដែលស្ថិត​ក្នុងគន្លងហោះរបស់មីស៊ីល​បាលីស្ទិករបស់​កូរ៉េខាងជើង ដែល​រដ្ឋមន្រ្តីការពារជាតិ​បញ្ជា​ឲ្យកងទ័ព​ពង្រាយ​ប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីល ប្រភេទ PAC-3 ដើម្បីត្រៀមបាញ់ទម្លាក់​មីស៊ីលរបស់កូរ៉េខាងជើង ដែលអាច​ធ្លាក់​នៅលើ​ទឹកដីជប៉ុន។ ក្រៅពីនោះ ប្រមុខការពារជាតិជប៉ុនបានបញ្ជា​ឲ្យ​គេបញ្ជូន​នាវាចម្បាំង​ដែលមាន​បំពាក់​រ៉ាដា និង​មីស៊ីល​សម្រាប់​បាញ់ស្ទាក់​មីស៊ីល ឲ្យ​ទៅប្រចាំការ​នៅក្បែរ​ឆ្នេរសមុទ្រ។

នៅក្នុង​សេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិជប៉ុន​បាន​បញ្ជា​ឲ្យ​កងទ័ព​ត្រូវ​ត្រៀមរៀបចំវិធានការចាំបាច់ ព្រោះ​អាចមាន​បញ្ជា​ឲ្យ​បាញ់បំផ្លាញ​មីស៊ីល​បាលីស្ទិក ឬ​វត្ថុផ្សេងទៀត។

តាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុកជប៉ុន នៅថ្ងៃ​សៅរ៍ម្សិលមិញ រដ្ឋាភិបាល​ជប៉ុន​ធ្លាប់​បាន​ចាត់វិធានការ ពង្រាយកងទ័ព និងប្រព័ន្ធខែលមីស៊ីល ម្តងហើយ នៅឆ្នាំ ២០១២​នៅពេល​កូរ៉េខាងជើង​បាញ់សាកល្បងមីស៊ីលបាលីស្ទិក ដើម្បីបាញ់បង្ហោះផ្កាយរណប ហើយ​គ្រាប់មីស៊ីល​ហោះរំលង​ទឹកដីជប៉ុន។

គិតចាប់តាំង​ពីដើមឆ្នាំ ២០២២ កូរ៉េខាងជើង​បានបាញ់សាកល្បង​មីស៊ីល​ជាង​១០០ដើម ដើម្បី​ផ្គើនសងសឹក​នឹងសមយុទ្ធយោធា​រួមគ្នា​របស់​កូរ៉េខាងត្បូង និងអាមេរិក ដែលព្យុងយ៉ាង ចាត់ទុក​ជា​សមយុទ្ធដើម្បីត្រៀមវាយលុកចូលឈ្លានពាន​កូរ៉េខាងជើង។ រាល់ការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង បានបង្ក​ឲ្យមានប្រតិកម្ម​ថ្កោលទោស និងការភ័យព្រួយបារម្ភ​របស់​រដ្ឋាភិបាល​ជប៉ុន ដែលត្រូវប្រកាស​អាសន្ន​ឲ្យប្រជាជន​រត់ជ្រកកន្លែងមានសុវត្ថិភាព នៅរាល់ពេល​ដែល​មីស៊ីល​កូរ៉េខាងជើង​អាច​ហោះរំលង​ទឹកដីជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ