អានតួអត្ថបទ
កូរ៉េខាង​ជើង-មីស៊ីល

កូរ៉េខាង​ជើងបាញ់​​មីស៊ីល​បែប​វាយប្រហារ​​នុយក្លេអ៊ែរ​តាកទិក​ ជា​ថ្មី

​នៅ​ថ្ងៃ​សៅរ៍ទី ២ កញ្ញា​ម្សិលមិញ​ កូរ៉េខាង​ជើង​បាន​បាញ់​សាកល្បងមីស៊ីលជា​ថ្មី ក្នុង​ទម្រង់​ជា​​​ការ​​វាយប្រហារ​នុយក្លេអ៊ែរ​តាកទិក​ ដោយដំឡើង​ក្បាល​នុយក្លេអ៊ែរ​ក្លែង​ក្លាយ​លើ​មីស៊ីល​បណ្តែត​។ មីស៊ីល​បណ្តែត​រយៈ​ឆ្ងាយ​បាន​ធ្លាក់​ក្នុង​សមុទ្ទ​លឿង។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង​KCNA នៅ​ថ្ងៃ​អាទិត្យ​ ។

General view of a simulated "tactical nuclear attack" drill at an undisclosed location in North Korea in this picture released by North Korea's Korean Central News Agency (KCNA) and obtained by Reuters on September 3, 2023.
General view of a simulated "tactical nuclear attack" drill at an undisclosed location in North Korea in this picture released by North Korea's Korean Central News Agency (KCNA) and obtained by Reuters on September 3, 2023. via REUTERS - KCNA
ផ្សាយពាណិជ្ជកម្ម

ការ​បាញ់​មីស៊ីល​បែប​វាយប្រហារ​នុយក្លេអ៊ែរ​តាកទិក​​ដែល​​ប្រព្រឹត្ត​ទៅ​នៅព្រលឹម​​ថ្ងៃ​ទី​២​កញ្ញា​ ជា​ការ​​ព្រមាន​សត្រូវ​ឱ្យដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​។ នេះ​ជា​ការ​ពន្យល់​របស់​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង​ដោយ​បញ្ជាក់​ថា មីស៊ីល​បណ្តែត​យុទ្ធសាស្ត្រ​រយៈ​ឆ្ងាយ​ពីរគ្រាប់​មាន​បំពាក់​ទៅ​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក្លែងក្លាយ​បាន​បាញ់​បង្ហោះ​ចេញពី​ឆ្នេរ​​ខាង​លិច​នៃ​ប្រទេស​កូរ៉េខាង​ជើង ទៅក្នុង​សមុទ្ទ​ភាគ​ខាង​ត្បូង។

​យោធា​កូរ៉េខាង​ត្បូង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជូន​ដំណឹង​តាំងពី​ថ្ងៃ​សៅរ៍​ម្សិលមិញថា កូរ៉េខាង​ជើង​បាន​​​​បាញ់​មីស៊ីលបណ្តែត​​ក្នុង​ចំនួន​មិន​​ប្រាកដ នៅ​វេលា​ម៉ោង​៤ទៀប​ភ្លឺ​ ម៉ោង​នៅក្នុង​ស្រុក សំដៅ​សមុទ្ទ​លឿង​ ហើយសេអ៊ូល​​កំពុង​តែ​សិក្សា​វាយ​តម្លៃ​អំពី​លក្ខណៈ​ពិសេស​នៃមីស៊ីល​នោះ។ របប​ព្យុងយ៉ាង​បានអះអាង​ទៀត​ថា ​កាលពី​ថ្ងៃព្រហស្បតិ៍​ កូរ៉េខាង​ជើង​ក៏​បាញ់​មីស៊ីលបណ្តែតរយៈ​ខ្លី​​​ពីរគ្រាប់​ដែរ​ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ក្លែង​វាយប្រហារ​នុយក្លេអ៊ែរ​តាកទិក​ដូច​គ្នា។

សម្រាប់​​កូរ៉េខាង​ជើង​ ប្រតិបត្តិការ​​​វាយប្រហារ​នុយក្លេអ៊ែរ​តាកទិកក្លែងក្លាយ​នេះ​​ក៏​ជា​ចម្លើយ​តប​ទៅ​នឹង​សមយុទ្ធ​រួម​រវាង​កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក ដែល​មាន​រយៈ​ពេល​១១​ថ្ងៃ​ និង​ទើបបាន​​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី ៣១​សីហា​។ Ulchi Freedom Shield ជា​សមយុទ្ធប្រចាំ​ឆ្នាំក្នុង​អត្ថន័យ​ការពារ​ខ្លួន​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាងសម្ព័ន្ធមិត្ត ប៉ុន្តែ​​ព្យុងយ៉ាងចាត់​ទុក​​ជា​លំហាត់​សម​គ្រោង​ចូល​ឈ្លានពាន​កូរ៉េខាង​ជើង។

ក្រៅ​អំពី​​បាញ់​មីស៊ីលគំរាម ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​គីមជុង​អ៊ុន បាន​អញ្ជើញ​ទៅ​ទស្សនា​​ទី​បញ្ជាការ​កងទ័ព​ជើង​ទឹក​ ដែល​នៅទីនោះ​លោក​បាន​លម្អិត​គម្រោង​វាយប្រហារ​សន្ធាប់​ខ្លាំង​ក្នុង​ពេល​ទន្ទឹម​គ្នា​​ទៅ​លើ​ទីតាំង​យោធា​កូរ៉េខាង​ត្បូង ក្នុង​ករណី​មាន​សង្គ្រាម​ផ្ទុះ​ឡើង​មែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ